ភ្នំពេញៈ ទំនិញដែលមានទឹកប្រាក់សរុបជាង ៩១ លានដុល្លារត្រូវបានកម្ពុជានាំចេញទៅឥណ្ឌា នារយៈពេល ៤ ខែដំបូងឆ្នាំ ២០២៣ កើនឡើងជាង ៦៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគីមានជាង ១៦១ លានដុល្លារ។ នេះបើយោងតាមស្ថិតិដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅឥណ្ឌាក្នុងតម្លៃសរុប ៩១,៥៣ លានដុល្លារ កើនឡើង ៦៤,២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៥៥,៧៥ លានដុល្លារ។
ទន្ទឹមគ្នានេះឥណ្ឌាបាននាំទំនិញមកកម្ពុជាវិញក្នុងទឹកប្រាក់ ៦៩,៦១ លានដុល្លារ ធ្លាក់ចុះ ១៦,៦ ភាគរយពី ៨៣,៤៤ លានដុល្លារ។ សម្រាប់ពាណិជ្ជកម្មទ្វេភាគី គឺមានទឹកប្រាក់សរុប ១៦១,១៤ លានដុល្លារ កើនឡើង ១៥,៨ ភាគរយ ពីចំនួន ១៣៩,១៩ លានដុល្លារ។
ប្រទេសឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំទី ១៨ របស់កម្ពុជា ហើយបើផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ២១,៩១ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែឧសភា ថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងវប្បធម៌ប្រពៃណី និងប្រវត្តិសាស្ត្រជាមួយគ្នាជាយូរមកហើយ។ ឥណ្ឌាជាប្រទេសធំ និងមានប្រជាជនច្រើន ដូច្នេះបើកម្ពុជាអាចមានទំនិញសក្តានុពលសម្រាប់នាំចេញឥណ្ឌាកាន់តែច្រើន គឺជារឿងល្អសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
លោកបន្តថា បន្ទាប់ពីថមថយមួយរយៈនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ កំពុងមានសម្ទុះឡើងគួរឱ្យកត់សម្គាល់ ពិសេសការនាំទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌា។
លោកថ្លែងថា៖ «ទោះបីទឹកប្រាក់នាំទំនិញចេញ-ចូលរបស់ប្រទេសទាំង ២ នៅមិនទាន់ច្រើន ប៉ុន្តែតាមរយៈទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំង ២ ខ្ញុំសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងច្រើនថែមទៀតក្នុងពេលឆាប់ៗនេះ»។
បន្ថែមលើនេះលោកអះអាងទៀតថា បើប្រទេសទាំង ២ អាចតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នាវានឹងជួយឱ្យការផ្លាស់ប្តូរទំនិញ និងភ្ញៀវទេសចររវាងប្រទេសទាំង ២ មានសម្ទុះឡើងលឿនជាមិនខាន។
យោងតាមលោក លឹម ហេង ទំនិញសក្តានុពលដែលកម្ពុជានាំទៅប្រទេសឥណ្ឌា រួមមាន ផលិតផលវាយនភណ្ឌ និងកសិកម្ម ចំណែកឥណ្ឌានាំមកវិញ ជាផលិតផលបច្ចេកវិទ្យា សម្ភារវេជ្ជសាស្ត្រ និងឱសថ ជាដើម។
ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ២៩ ខែឧសភា បានយាងព្រះរាជដំណើរទៅទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅសាធារណរដ្ឋឥណ្ឌា តបតាមការអញ្ជើញពីលោកស្រី ប្រធានាធិបតីឥណ្ឌា។ នៅក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ គឺចំពេលដែលប្រទេសទាំង ២ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រីប្រធានាធិបតីឥណ្ឌា និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សាផងដែរ។
អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មុនពេលមានវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងឥណ្ឌាបានកើនឡើងជាបន្តបន្ទាប់ ដោយឥណ្ឌា គឺជាទីផ្សារដ៏មានសក្ដានុពលមួយសម្រាប់កម្ពុជា ព្រោះឥណ្ឌាជាប្រទេសធំ មានប្រជាជនច្រើន និងមានកម្លាំងទិញសកម្មខ្លាំងហើយតម្រូវការផលិតផលរបស់ឥណ្ឌាក៏ស្របនឹងអ្វីដែលកម្ពុជាអាចផលិតបានដែរ។
លោកបន្តថា ភាគច្រើននៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺជាទំនិញប្រើប្រាស់ ផលិតផលកសិកម្ម ឧស្សាហកម្មធុនស្រាល និងសេវាកម្មបច្ចេកវិទ្យាមួយចំនួន។
លោកបន្ថែមថា ជាមួយសក្តានុពលទាំងអស់នេះបច្ចុប្បន្នកម្ពុជាក៏បាននិងកំពុងធ្វើការសិក្សាវាយតម្លៃលទ្ធភាពជាក់ស្តែងនៅក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (FTA) ជាមួយប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា អង់គ្លេស អាមេរិក ជប៉ុន និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ជាដើម។
លោកថ្លែងថា៖ «នៅពេលមាន FTA វានឹងមិនត្រឹមតែអាចធ្វើឱ្យមានលំហូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ កើននោះទេ ប៉ុន្តែវាក៏នឹងក្លាយជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតផលិតផលដែលមានតម្រូវការខ្ពស់នៅឥណ្ឌា»។
ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ៤៤០ លានដុល្លារ កើនឡើង ៤១,៣៧ ភាគរយពីចំនួន ៣១១,២៤ លានដុល្លារកាលពីឆ្នាំ ២០២១ ដោយកម្ពុជាបាននាំទំនិញទៅឥណ្ឌាចំនួន ១៩៦,៦៣ លានដុល្លារ កើនឡើង ៥៦ ភាគរយ និងឥណ្ឌានាំទំនិញមកកម្ពុជាវិញ ២៤៣,៣៧ លានដុល្លារ កើន ៣១,៤ ភាគរយ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕