ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា (CCC) បានឱ្យដឹងថា ស្ថាប័នពាណិជ្ជកម្មកំពូលរបស់កម្ពុជាមួយនេះ កំពុងសម្លឹងមើលការពង្រីកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងកេប៊ិក ប្រទេសកាណាដា និងទីក្រុងបាងកក ប្រទេសថៃ នារយៈពេលប៉ុន្មានខែខាងមុខ បន្ទាប់ពីលទ្ធផលវិជ្ជមាននៃការបើកការិយាល័យតំណាងមួយចំនួនរួចមក។
លោក ងួន ម៉េងតិច អគ្គនាយក CCC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ឧសភាថា CCC គ្រោង ពង្រីកការិយាល័យតំណាងនៅទីក្រុងកេបិច (Quebec) បន្ទាប់ពីការបើកនៅក្រុងតូរ៉ុនតូ (Toronto) កាលពីខែឧសភា ឆ្នាំ ២០២២ ខណៈការបើកនោះបានទទួលការចាប់អារម្មណ៍ច្រើនពីវិនិយោគិន និងពាណិជ្ជករ។
លោកថ្លែងថា៖ «យើងសង្កេតឃើញថា ចាប់តាំងពីបើកនៅទីក្រុងតូរ៉ុនតូ យើងបានផ្ដល់ និងផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ វិស័យសក្តានុពល និងបទប្បញ្ញត្តិផ្សេងៗក្នុងប្រទេសយើងដល់វិនិយោគិន។ មកដល់ពេលនេះ យើងក៏មើលឃើញមានការចូលរួមមួយចំនួនជាមួយពួកគេផងដែរ»។
លោកបន្ថែមថា៖ «ពេលនេះយើងគ្រោងនឹងបើកការិយាល័យតំណាង ១ ទៀតនៅក្នុងទីក្រុងកេបិច ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ទន្ទឹមនេះយើងក៏មានគម្រោងបើកការិយាល័យតំណាងនៅទីក្រុងបាងកកផងដែរ ដោយសារតែយើងមើលឃើញថាលំហូរនៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងបានកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ»។
តាំងពីខែឧសភា ឆ្នាំ ២០២២ មក CCC បានបើកដំណើរការដំបូងនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បន្ទាប់មកនៅតំបន់សេនដាយ ប្រទេសជប៉ុន និង ២ ទៀតនៅទីក្រុងមែលប៊ន និងស៊ីដនី ប្រទេសអូស្ត្រាលី។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ការិយាល័យតំណាងពាណិជ្ជកម្មរបស់កម្ពុជានៅក្រៅប្រទេសកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានស្តីពីបទប្បញ្ញត្តិវិនិយោគ គោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យសក្តានុពលដល់វិនិយោគិនមុនពួកគេដាក់ការវិនិយោគ។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រឱ្យមានការិយាល័យពាណិជ្ជកម្មបន្ថែមទៀតនៅបរទេស ព្រោះយើងទទួលបានអត្ថប្រយោជន៍ច្រើន។ យើងអាចមានការចូលរួមដោយផ្ទាល់ជាមួយក្រុមហ៊ុន និងវិនិយោគិន ហើយយើងក៏យល់ដឹងអំពីតម្រូវការ បញ្ហាប្រឈម និងផែនការអាជីវកម្មរបស់ពួកគេផងដែរ»។
ពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក្នុងឆ្នាំ ២០២២ មានតម្លៃ ១,១៥ ពាន់លានដុល្លារ កើន ១៦,០៦ ភាគរយធៀបឆ្នាំ ២០២១។ ការនាំចេញទំនិញរបស់កម្ពុជាទៅកាណាដា មានចំនួន ១,១២ ពាន់លានដុល្លារ កើន ១៧,៣៦ ភាគរយ និងការនាំចូលពីកាណាដា មានចំនួន ៣៣,៨៧៧ លានដុល្លារ ធ្លាក់ចុះ ១៥,០៧ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕