
ទិដ្ឋភាពកំពង់ផែទេសចរណ៍ខេត្តកំពត។ រូបថត រដ្ឋបាលខេត្តកំពត
ភ្នំពេញៈ ទោះបីគម្រោងវិនិយោគកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានបញ្ចប់ការសាងសង់ជិត ១ ឆ្នាំក៏ដោយ ក៏រហូតមកដល់ពេលនេះគឺមិនទាន់បានបើកដំណើរការជាផ្លូវការទេ ដោយសារផែនការស្តារព្រែក (ដៃសមុទ្រ) ទៅទីនោះនៅមិនទាន់បានចាប់ផ្តើម។ នេះបើតាមថ្នាក់ដឹកនាំខេត្តកំពត។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយសាងសង់លើផ្ទៃដី ៤,២៥ ហិកតា។ គម្រោងនេះបានបើកការដ្ឋានសាងសង់ក្នុងថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់ ៩,២៧ លានដុល្លារ ក្រោមបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលកម្ពុជា។
អភិបាលរងខេត្តកំពត លោក អ៊ឹង ឆាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៣០ ខែឧសភាថា ទោះការសាងសង់គម្រោងនេះបានបញ្ចប់ជិត ១ ឆ្នាំក៏ដោយ ក៏កំពង់ផែទេសចរណ៍នេះនៅមិនទាន់បើកទទួលកប៉ាល់ទេសចរណ៍អន្តរជាតិឱ្យចូលចតផ្លូវការនោះទេ ព្រោះព្រែក (ដៃសមុទ្រ) ចេញពីសមុទ្រទៅកំពង់ផែ នៅមិនទាន់បានស្តារឱ្យមានជម្រៅទឹកជ្រៅសម្រាប់កប៉ាល់ទេសចរណ៍ធំៗចូលបាន។ បច្ចុប្បន្នអាជ្ញាធរកំពុងព្យាយាមរកដៃគូមកវិនិយោគលើគម្រោងស្តារព្រែកនេះ។ លោកបន្តថា ពេលគម្រោងនេះបើកដំណើរការ វានឹងចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសខេត្តកំពត តាមរយៈការទាក់ទាញកប៉ាល់ទេសចរណ៍អន្តរជាតិឱ្យមកចូលចត និងភ្ញៀវដើរកម្សាន្តតាមរមណីយដ្ឋាន។
លោកប្រាប់ថា៖ «ភាពយឺតយ៉ាវការបើកដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺដោយសារតែយើងមិនទាន់បានកាយផ្លូវទឹកឱ្យជ្រៅសម្រាប់កប៉ាល់ទេសចរណ៍អន្តរជាតិធំៗចូលបាន។ ពេលនេះយើងកំពុងស្វែងរកដៃគូសហការ ឬរកប្រភពថវិកា មកកាយពង្រីង និងកាយព្រែកឱ្យជ្រៅជាងពេលបច្ចុប្បន្ន»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បាននិយាយថា ពាក្យថា កំពង់ផែ ទោះកំពង់ផែទំនិញ ឬកំពង់ផែទេសចរណ៍ គឺវាមានសារៈសំខាន់ និងអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ។ កំពង់ផែទេសចរណ៍នេះនឹងរួមចំណែកក្នុងការតភ្ជាប់ភ្ញៀវទេសចរតាមកប៉ាល់ពីប្រទេសនានាពិសេសប្រទេសក្នុងតំបន់ឱ្យចូលមកកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «ក្នុងនាមផ្នែកឯកជន យើងមានជំនឿថា រាជរដ្ឋាភិបាលនឹងខិតខំពន្លឿនផែនការបើកដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិកំពតឱ្យបានកាន់តែលឿន។ នៅពេលបើកដំណើរការវានឹងជួយជំរុញចរន្តនៃការផ្លាស់ប្តូរទេសចរអន្តរជាតិពីប្រទេសជិតខាង ពិសេសវៀតណាម និងថៃ មកកម្ពុជាកាន់តែច្រើន»។
ក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមកបានចាត់ទុកថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងក្លាយជាច្រកទ្វារអន្តរជាតិសំខាន់ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេស ១,២៩ លាននាក់កើន ៧០៩,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំនួនខាងលើគឺភ្ញៀវតាមផ្លូវទឹកមានចំនួន ១៧ ៥២៥ នាក់ កើន ៧៦០,៨ ភាគរយ។ ចំនួនភ្ញៀវបរទេសមកកម្ពុជាតាមផ្លូវទឹកគឺស្មើ ១,៤ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប៕