ក្រចេះ: ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ (MOLIT) និងសមាគម ICAK បានចុះទៅសិក្សាផ្ទាល់ពីសក្តានុពលនៃច្រកទ្វារព្រំដែនត្រពាំងស្រែនៃខេត្តក្រចេះ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភ័ស្តុភារកម្មតាមព្រំដែននៅកម្ពុជា។
លទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាពដំបូងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែខេត្តក្រចះ(កម្ពុជា)-ខេត្តប៊ិញភឿក(វៀតណាម) ក្រោមគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយនៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ(ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានភាគីកូរ៉េលើកយកមកធ្វើបទបង្ហាញជូនភាគីកម្ពុជានាថ្ងៃទី៣០ខែឧសភាកន្លងទៅ។
ក្នុងជំនួបធ្វើបទបង្ហាញនោះលោកវ៉ាស៊ឹម សុរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថាការធ្វើបទបង្ហាញ និងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ នៃការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែព្រំដែនកម្ពុជា-វៀតណាមនេះគឺដើម្បីពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាពដំបូងរបស់អ្នកជំនាញកូរ៉េទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ។
លោកបានបញ្ជាក់បន្ថែមថា៖«ការសិក្សានោះមាន៦ចំណុចរួមមានសិក្សាពីប្រព័ន្ធភ័ស្តុភារកម្ម ស្ថាបត្យកម្មរចនាប័ទ្មអគារលំហូរចរាចរណ៍ទំនិញ និងមនុស្ស ការគិតគូរពីបរិស្ថាន ការវិភាគសេដ្ឋកិច្ច និងការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ(ព្រំដែនកម្ពុជា-វៀតណាម)»។
លោកស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានប្រាប់ឱ្យដឹងថា គ្រប់ភាគីបានពិភាក្សា និងផ្តល់យោបល់យ៉ាងច្រើនជាមួយភាគីកូរ៉េ ក្នុងការអភិវឌ្ឍច្រកទ្វារព្រំដែនមួយនេះ ដើម្បីសំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។
លោកបានបន្ថែមថា សម្រាប់ច្រកព្រំដែនជាមួយប្រទេសវៀតណាមមានច្រើនដូចជា ច្រកព្រែកចាក ច្រកត្រពាំងស្រែ ច្រកបន្ទាយចក្រី ច្រកបាវិត ច្រកព្រៃវល្លិ៍ ច្រកទាន់ហន់ ច្រកក្អមសំណរ ។ល។ ប៉ុន្តែក្រសួងចង់រកច្រកដែលមានសក្តានុពលបន្ថែមទៀត បន្ទាប់ពីច្រកបាវិត ដែលមិនមានការកកស្ទះ អាចដឹកជញ្ជូនបានដោយរលូនសម្រាប់ធ្វើការអភិវឌ្ឍ។
លោកបានមានប្រសាសន៍ថា៖«យើងចង់រកច្រកព្រំដែនផ្សេងទៀត ដែលមានសក្តានុពលសម្រាប់ការដឹកជញ្ជូន ដោយមានភាពងាយស្រួល ការចំណាយតិច ដឹកជញ្ជូនបានឆាប់រហ័ស ទើបខាងក្រសួងសាធារណការរបស់យើង រួមជាមួយសមាគមភ័ស្តុភារកម្មកម្ពុជា សហការជាមួយខាងកូរ៉េ សិក្សាមើលច្រកណាដែលមានសក្តានុពល។ដូចនេះច្រកត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះនេះ កន្លងមកមានការដឹកជញ្ជូនមមាញឹកគួរឱ្យកត់សម្គាល់ដែរ»។
លោកបានបន្ថែមថា ដោយមើលឃើញពីសក្តានុពលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា និងភាគីកូរ៉េ ជ្រើសរើសច្រកព្រំដែននេះមកសិក្សា ដើម្បីជំរុញឱ្យការដឹកជញ្ជូននៅច្រកនោះកាន់តែប្រសើរឡើងដែលសំដៅធ្វើយ៉ាងណាសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាមផងដែរ៕