ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED មកពីប្រទេសចិន បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងមានគោលបំណងស្វែងយល់កាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសម្បកកង់យានយន្តនៅកម្ពុជា។
CDC បានបញ្ជាក់ដូចនេះ កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងជំនួបរវាងមន្ត្រីគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)និងគណៈប្រតិភូក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. មកពីប្រទេសចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED គឺជាក្រុមហ៊ុនផលិតសម្បកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវនិងក្រុងហឺប៉ី ដោយក្រុមហ៊ុននេះ មានការចាប់អារម្មណ៍ខ្ពស់លើវិស័យផលិតសម្បកកង់យានយន្តនៅកម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុននេះលោក ជា វុទ្ធី បានបង្ហាញនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ចនិងការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖«ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននឹងចូលរួមចំណែកជំរុញទ្វេឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំង២ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ»។
ជាមួយគ្នានោះដែរ លោក Wang Song ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. បានឆ្លើយតបថា រូបលោករួមជាមួយនឹងប្រតិភូ នឹងពិចារណា និងស្វែងយល់បន្ថែមទៀតក្នុងការចាប់យកកាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសម្បកកង់យានយន្តនេះ។
លោក Wang បញ្ជាក់ថា៖«កម្ពុជាគឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុន»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការវិនិយោគក្នុងវិស័យផលិតសម្បកកង់យានយន្តនៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនបរទេស អាចនឹងរួមចំណែកធ្វើឱ្យតម្លៃកៅស៊ូកម្ពុជាមានស្ថិរភាព និងមានទីផ្សារ។
លោកបានបញ្ជាក់ថា៖«កម្ពុជា មានសក្តានុពលខ្ពស់ សម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់បើករោងចក្រសហគ្រាស ជាពិសេសរោងចក្រឧស្សាហកម្មធុនធ្ងន់ ដែលបានផ្តល់តម្លៃបន្ថែមខ្ពស់សម្រាប់ ការនាំចេញ ខណៈដែលកម្ពុជាក៏មានដំណាំក្រៅស៊ូស្រាប់ ដែលអំណោយដល់ការកែច្នៃសម្បកកង់យានយន្តទាំងនោះ»។
គួររំឭកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់ ដើម្បីអបអរសាទរខួបលើកទី១០នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់១ ផ្លូវ១ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការក្រុមហ៊ុនវិនិយោគផលិតសម្បកយានយន្តកាន់តែច្រើនកាន់តែល្អ ដែលជំរុញឱ្យមានតម្លៃបន្ថែមខ្ពស់ ដោយសារតែការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមានក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុង១ឆ្នាំ។លោកបានបន្ថែមថា វាអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។
លោកបានបញ្ជាក់ថា៖«នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាចផលិតសម្បកកង់ជិត១,៣លានសម្បកកង់ក្នុង១ឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសម្បកកង់នាពេលនេះខ្ញុំសង្ឃឹមជឿជាក់ថានឹងមានក្រុមហ៊ុនផ្សេងៗទៀតដែលអាចបើករោងចក្រផលិតសម្បកកង់រថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ »៕