ភ្នំពេញៈ ឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំនៅកម្ពុជា បង្ហាញចំណាប់អារម្មណ៍លើវិស័យភ័ស្តុភារកម្ម ខណៈលោកក៏បានប្តេជ្ញាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជនពីប្រទេសកូរ៉េ មកសហប្រតិបត្តិការវិនិយោគក្នុងវិស័យភ័ស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ។
ការបង្ហាញជំហររបស់ភាគីកូរ៉េ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាដែលទើបតែងតាំងថ្មីលោក PARK Jung-Wook កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងជំនួបនោះ លោក PARK Jung-Wook បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ក្នុងឱកាសបំពេញបេសកកម្មការទូតនៅកម្ពុជា លោក PARK Jung-Wook បានធ្វើការប្តេជ្ញាចិត្ត និងសុច្ឆន្ទៈយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះលោកនឹងខិតខំជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភ័ស្តុភារកម្ម ដើម្បីធ្វើឱ្យវិស័យភ័ស្តុភារកម្មកម្ពុជាកាន់តែរីកចម្រើន។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានជម្រាបជូនអំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភ័ស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញការស្វាគមន៍ ចំពោះឯកអគ្គរដ្ឋទូតកូរ៉េ ដែលចង់ជួយកម្ពុជាក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍលើវិស័យភ័ស្តុភារកម្ម និងការអភិវឌ្ឍធនធានមនុស្សកម្ពុជាជាដើម។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណកូរ៉េ ចំពោះការជួយជ្រោមជ្រែងកម្ពុជា នាពេលកន្លងមក តាមរយៈការសាងសងអគារមន្ទីរពិសោធន៍សំណង់ និងសាធារណការ ខណៈគម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាង២។ ជាមួយគ្នានេះ លោកថា នៅចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពាននេះជាផ្លូវការ។
គួរកត់សម្គាល់ដែរថា បច្ចុ្បន្ននេះ កម្ពុជាបាននិងកំពុងសិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ហើយខ្លះទៀតក៏បានបញ្ចប់ការសិក្សាហើយដែរ។ ក្នុងនោះរួមមាន គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលទើបបញ្ចប់ការសិក្សាកាលពីពេលថ្មីៗ ការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពតជាដើម។ បន្ថែមពីលើនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា។
ក្រសួងសាធារណការ ធ្លាប់បានអះអាងថា ដើម្បីឱ្យប្រព័ន្ធភ័ស្តុភារកម្មកម្ពុជា មានការរីកចម្រើនបាន រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម (ឡូជីស្ទិក) មានភារកិច្ចតាក់តែងគោលនយោបាយ និងស្វែងរកដំណោះស្រាយបញ្ហាក្នុងប្រព័ន្ធឡូជីស្ទិកកម្ពុជា ដែលរំពឹងថា នឹងជួយពង្រឹងប្រសិទ្ធភាពចរាចរណ៍ទំនិញ និងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិបាន៕