សហគ្រិនខ្មែរ (Khmer En-terprises) ដែលជាអង្គភាពមួយរបស់រដ្ឋស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលដែលប្រទេសកម្ពុជាវាយលុកដោយជំងឺរាតត្បាតកូវីដ ១៩ ដើម្បីជួយគាំទ្រដល់សហគ្រាសដែលបង្កើតថ្មី ដោយប្រើប្រាស់មូលនិធិរបស់រដ្ឋាភិបាល។ កាលពីថ្ងៃទី ២៦ ឧសភា សហគ្រិនខ្មែរ(KE) និង Swisscontact ដោយទទួលបានការសហការឧបត្ថម្ភថវិកាគាំទ្រដោយទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈ KE និងភ្នាក់ងារ KOICA បានបើកដំណើរការកម្មវិធី «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ(3Ei)» ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជំរុញការវិនិយោគនៅកម្ពុជា។
បន្ទាប់ពីការចុះហត្ថលេខាភ្នំពេញប៉ុស្តិ៍បានជួបសម្ភាសលោក ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរអំពីលទ្ធផលការងាររបស់ KE និងអ្វីដែល KE កំពុងធ្វើជាមួយដៃគូក្នុងការលើកកម្ពស់ស្មារតីសហគ្រិននៅកម្ពុជា៖
តើលោកអាចបញ្ជាក់បានទេថា រហូតដល់ពេលនេះ មានក្រុមហ៊ុនបង្កើតថ្មី និងក្រុមហ៊ុនផ្សេងទៀតប៉ុន្មាន ដែល KE បានជួយជ្រោមជ្រែង?
យើងបានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនរាប់ពាន់មកហើយ ចាប់តាំងពីយើងបានដំណើរការមក ប៉ុន្តែខ្ញុំជឿថា មានក្រុមហ៊ុនរាប់ម៉ឺនបានដឹងថា អ្វីដែល KE បាននិងកំពុងធ្វើ គឺដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក។
តើសហគ្រិនខ្មែរ (KE) បានធ្វើអ្វីខ្លះរហូតមកដល់ពេលនេះ?
សហគ្រិនខ្មែរ យើងធ្វើគម្រោងជាច្រើន។ យើងមិនមែនចាប់ផ្តើមឡើងដោយមានមនុស្សច្រើនដូចសព្វថ្ងៃនេះទេ គឺយើងចាប់ផ្តើមឡើងដោយមានតែម្នាក់ឯង ហើយយើងក៏ប្រមូលធនធានមនុស្សចូលមកជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ យើងបាននិងកំពុងធ្វើគម្រោងជិត ៣០០ គម្រោង។
យើងក៏មិនមែនចាប់ផ្តើមឡើងដោយធ្វើគម្រោងច្រើននោះដែរ គឺយើងធ្វើបណ្តើរ ត្រួតពិនិត្យ និងបង្កើនឡើងជាបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះយើងមានមនុស្សច្រើនសម្រាប់ធ្វើកិច្ចការនេះ។
សម្រាប់កម្មវិធី 3Ei វិញ តើមានរយៈពេលប៉ុន្មានឆ្នាំ និងគ្រោងចំណាយទឹកប្រាក់ប្រហែលប៉ុន្មាន?
យើងមិនទាន់អាចបញ្ជាក់ពីទំហំថវិកាលើគម្រោងសហប្រតិបត្តិការនៅពេលនេះនោះទេ ព្រោះថា ការចុះអនុស្សរណៈយោគយល់គ្នាទើបចាប់ផ្តើម។ ខ្ញុំរំពឹងថា ប្រហែល ១ ខែក្រោយមកទើបយើងអាចបញ្ជាក់បានថា ត្រូវចាយលើអ្វីខ្លះ។ ពេលនោះលោកអាចទាក់ទងមកខ្ញុំម្តងទៀត។
ដោយសារ KE ជាអង្គភាពរបស់រដ្ឋ ហេតុអ្វីចាំបាច់ត្រូវធ្វើដៃគូជាមួយដៃគូផ្សេងៗ?
យើងចង់ឃើញដៃគូដែលពូកែធ្វើការជាមួយយើង។ ពេលខ្លះយើងដាក់ថវិកាដែលយើងមានទៅឱ្យដៃគូជាអ្នកអនុវត្ត។ ពេលខ្លះយើងមានថវិកា យើងមិនអនុវត្តដោយខ្លួនឯងនោះទេ ព្រោះពេលយើងធ្វើខ្លួនឯង យើងមិនដឹងខុសឬត្រូវនោះទេ ដែលទាមទារឱ្យមានអ្នកជួយធ្វើយើង។ ដូចនេះយើងឱ្យកញ្ចប់នោះទៅដៃគូរបស់យើងធ្វើការជាមួយយើង។ យើងបានតាក់តែង និងរៀបចំនូវកម្មវិធីផ្សេងៗដោយខ្លួនយើង ហើយយើងក៏ស្វែងរកដៃគូសម្រាប់អនុវត្ត ដូចកម្មវិធីមួយនេះ យើងមាន Swisscontact ដើម្បីរួមគ្នាអនុវត្ត។ យើងមិនអាចធ្វើខ្លួនយើងទាំងអស់នោះទេ ព្រោះយើងមានរាប់រយកម្មវិធីដែលត្រូវអនុវត្ត។ ដូចនេះយើងត្រូវតែរកដៃគូដែលពូកែ ដែលអាចជួយយើងបាន។
តើ KE អនុវត្តគម្រោងរបស់ខ្លួនយ៉ាងដូចម្តេច?
សហគ្រិនខ្មែរ យើងធ្វើគម្រោងផែនការ ១ ឆ្នាំម្តង។ យើងមានគម្រោងតាមឆ្នាំ ដែលយើងធ្វើជាមួយដៃគូផ្សេងៗរបស់យើង។ គម្រោងខ្លះក៏យើងមានរយៈពេលពី ៣ ទៅ ៤ ឆ្នាំដែរ ប៉ុន្តែក្នុងរយៈពេល ១ ឆ្នាំ យើងត្រូវត្រួតពិនិត្យមើលកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយគ្នានោះម្តងដែលមានន័យថា បើសិនមានដំណើរការល្អ មានដៃគូអាចធ្វើការងារជាមួយគ្នាបាន និងមានលទ្ធផលផ្សេងៗដែលយើងទទួលយកបាន យើងនឹងបន្តធ្វើវាបន្តទៅទៀត។ ពេលខ្លះមិនមែនដៃគូធ្វើមិនបានល្អនោះទេ ប៉ុន្តែ Ecosystem របស់យើង មិនអាចទទួលបែបនោះបានទេ គឺត្រូវកែសម្រួលឡើងវិញ ដើម្បីឱ្យមានការវិវឌ្ឍតាមអ្វីដែលមានតម្រូវការនៅក្នុងប្រទេសរបស់យើង។
សម្រាប់ទឹកប្រាក់ដែលសហគ្រិនខ្មែរ (KE) បានអនុវត្តកន្លងមក គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរក្សាទុនបម្រុងចំនួន ៥ លានដុល្លារសម្រាប់អនុវត្តក្នុងរយៈពេល ១ ឆ្នាំ ប៉ុន្តែការប្រកាសថ្មីៗនេះក្រសួងនឹងបង្កើនទឹកប្រាក់នេះរហូតដល់ ១០ លានដុល្លារ សម្រាប់ឆ្នាំបន្តបន្ទាប់។
ដោយសារ សហគ្រិនខ្មែរ ជាអង្គភាពបង្កើតឡើងក្នុងបរិបទដែលមានការវាយលុកខ្លាំងនៃជំងឺកូវីដ ១៩ តើលោកសង្កេតឃើញមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ សម្រាប់ឥរិយាបថអ្នកប្រកបអាជីវកម្មនៅស្រុកខ្មែរ?
តាមពិតកូវីដ ១៩ ប៉ះពាល់ច្រើនណាស់សម្រាប់ប្រជាជនយើង ប៉ុន្តែវាល្អសម្រាប់រឿង ១ គឺការធ្វើឱ្យយើងចេះគិតឡើងវិញថា អ្វីដែលយើងមានរាល់ថ្ងៃនេះ ដើរទៅមុខឬទេ? បើអ្វីដែលយើងមានសព្វថ្ងៃមិនសូវល្អ ពេលកូវីដកើតឡើង វាធ្វើឱ្យដួល។ បើសិនជាគ្មានកូវីដមកដាស់ស្មារតីយើងទេយើងក៏មិនដឹងថា អ្វីត្រូវធ្វើ ត្រូវកែសម្រួលនោះដែរ។ ពេលកូវីដកើតឡើង ម្ចាស់អាជីវកម្មខ្លះប្តូររបៀបរកស៊ី ដូររបៀបគិតគូរថាតើ ចំណាយលុយទៅលើអ្វីដើម្បីធានាការទទួលបានទុន៕