ភ្នំពេញៈ កម្ពុជារកប្រាក់បានជាង ២០៦ លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ ខែឆ្នាំ ២០២៣ កើនឡើង ៣៨ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈក្នុងខែមេសា ការនាំចេញមានទឹកប្រាក់ជាង ៣៨ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញ គឺចាប់ពីខែមករា-ខែមេសា ឆ្នាំ ២០២៣ ការនាំចេញទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៤០ រួមមានកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់សរុប ២០៦,៧៣ លានដុល្លារ កើនឡើង ៣៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៤០ គឺស្មើនឹង ២,៩ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជារយៈពេល ៤ ខែ ឆ្នាំ ២០២៣ ដែលមាន ៧ ២៣៤,១២ លានដុល្លារ។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់ ៣៨,៦៣ លានដុល្លារ កើន ២០,៣ ភាគរយពីចំនួន ៣២,១១ លានដុល្លារកាលពីខែមេសា ឆ្នាំមុន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែឧសភាថា ទោះតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមិនសូវល្អ ប៉ុន្តែបរិមាណនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូកម្ពុជានៅតែមានសញ្ញាវិជ្ជមាន។ លោកបន្តថា ទឹកប្រាក់នាំចេញនេះនឹងកើនឡើងថែមទៀតនៅពេលស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចពិភពលោកវិលទៅរកភាពល្អប្រសើរឡើងវិញដូចមុនឆ្នាំ ២០២០។
លោកប្រាប់ថា៖ «កៅស៊ូ គឺជាទំនិញសក្តានុពលមួយដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិជារៀងរាល់ឆ្នាំ»។
ជាមួយនឹងការបើកដំណើរការរោងចក្រផលិតកង់កៅស៊ូ និងរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់ លោកមានសុទិដ្ឋិនិយមថា ជ័រកៅស៊ូនឹងមានទីផ្សារកាន់តែល្អនាពេលអនាគត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធរោងចក្រផលិតសម្បកកង់រថយន្ត ដែលមានតម្លៃ ៣០០ លានដុល្លាររបស់ក្រុមហ៊ុន General Tire Technology (Cambodia) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី ២២ ខែឧសភា បានលើកឡើងថា កម្ពុជាចង់បានរោងចក្រឧស្សាហកម្មដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា កៅស៊ូ និងស្វាយចន្ទី ឱ្យបាន ដោយរោងចក្រក្នុងស្រុកនឹងជួយបង្កើតការងារដល់ប្រជាជន។ ការវិនិយោគនៅក្នុងស្រុកក៏ជួយនាំបច្ចេកវិទ្យាទំនើបៗចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយឧស្សាហកម្មរបស់កម្ពុជាផងដែរ។
បើតាម General Tire Technology (Cambodia) គឺរោងចក្រនេះនឹងប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមានក្នុងស្រុកជិត ៥ ពាន់តោនក្នុងមួយឆ្នាំ។ ការប្រើប្រាស់កៅស៊ូក្នុងស្រុកនឹងជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។ ក្នុង១ឆ្នាំរោងចក្រនេះអាចផលិតកៅស៊ូកង់រថយន្តបាន ១,៣ លានសម្បក។
ទោះបីយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូនកាលពីខែមេសា បាននិយាយថា ដោយសារតែទីផ្សារកៅស៊ូកម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងទៅលើការនាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះបើទីផ្សារអន្តរជាតិមានស្ថានភាពមិនល្អ វាក៏ធ្វើឱ្យតម្រូវការ និងតម្លៃធ្លាក់ចុះដែរ។ ជាក់ស្តែងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចពិភពលោកនាពេលនេះ គឺបានធ្វើឱ្យតម្រូវការប្រើប្រាស់ជ័រកៅស៊ូមិនមានច្រើនដូចពេលមុនឡើយ។
យោងតាមលោក ហ៊ឹម អូន ដោយសារមិនសូវមានតម្រូវការប្រើប្រាស់ក្នុងស្រុក ហេតុនេះភាគច្រើននៃទិន្នផលជ័រកៅស៊ូដែលប្រមូលបាននៅកម្ពុជាត្រូវបានឈ្មួញនាំយកទៅលក់នៅប្រទេសមួយចំនួនដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និង សហគមន៍អឺរ៉ុប ជាដើម៕