ភ្នំពេញៈ គ្រឹះស្ថានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាឯកជន ចំនួន ២ បានសហការគ្នាក្នុងការបង្កើនចំណេះដឹងឌីជីថល និងកសាងសមត្ថភាព ក្នុងន័យរួមចំណែកដល់គោលនយោបាយរបស់រដ្ឋាភិបាលស្តីពីបដិវត្តន៍ឧស្សាហកម្មទី ៤ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជាឆ្នាំ ២០២១-២០៣៥ ដើម្បីឆ្ពោះទៅការចាប់យកនៃសេដ្ឋកិច្ចឌីជីថល។
សមាគមធនាគារនៅកម្ពុជា (ABC) និងអង្គការឯកទេស ភាពជាអ្នកដឹកនាំ នវានុវត្តន៍បរិវត្តកម្ម (ELIX) នៅថ្ងៃទី ៣១ ខែឧសភា បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីគម្រោងអភិវឌ្ឍន៍ការងារឌីជីថល ក្នុងគោលបំណងចូលរួមចំណែកជាមួយគ្រឹះស្ថានឧត្តមសិក្សា (HEIs) ដើម្បីពង្រឹងបន្ថែមចំណេះដឹងផ្នែកឌីជីថល និងគាំទ្រដល់ការកសាងជំនាញជាក់ស្តែង បង្កើនការអប់រំ និងឱកាសការងារសម្រាប់យុវជនកម្ពុជា។
លោក Raymond SIA ប្រធាន ABC បានថ្លែងក្នុងពិធីចុះហត្ថលេខាលើ MoU ថា កិច្ចសហការនេះនឹងរួមចំណែកដល់ការកសាងជំនាញ និងកម្លាំងពលកម្មឌីជីថល ក្នុងវិស័យធនាគារស្របតាមការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល។
លោកថ្លែងថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផលមួយទៀតឆ្ពោះទៅការកសាងជំនាញ និងពង្រឹងកម្លាំងពលកម្មឌីជីថលនៅក្នុងវិស័យធនាគារ រួមជាមួយនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥។ ABC & ELIX នឹងធ្វើការងាររួមគ្នាដើម្បីលើកកម្ពស់របៀបវារៈឌីជីថលសម្រាប់សេដ្ឋកិច្ចកម្ពុជាដែលមានលក្ខណៈឌីជីថលកាន់តែខ្លាំង»។
លោក រ័ត្ន សុវណ្ណនរៈ ជំនួយការទេសាភិបាលធនាគារជាតិនៃកម្ពុជាដែលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាខាងលើបានឱ្យដឹងថា នេះសបញ្ជាក់ឱ្យឃើញពីកិច្ចសហការ និងការរួមចំណែកពីផ្នែកឯកជនក្នុងការអភិវឌ្ឍចំណេះដឹងឌីជីថល និងការកសាងសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ ស្របតាមក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល។
លោកបន្ថែមថា ក្នុងនាមជាសមត្ថកិច្ចវិស័យធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីពង្រឹង និងគាំទ្រដល់ការអនុវត្តផលប៉ះពាល់ដោយសារបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធធនាគារ។
លោកថ្លែងថា៖ «ការចុះហត្ថលេខារវាងសមាគមធនាគារនៅកម្ពុជា និងអង្គការផ្លាស់ប្តូរនវានុវត្តន៍ភាពជាអ្នកដឹកនាំ អ្នកជំនាញ (ELIX) នឹងពង្រឹងចំណេះដឹង និងកម្លាំងពលកម្មឌីជីថលយ៉ាងសកម្មរួមគ្នា និងការបណ្តុះបណ្តាល ក៏ដូចជាស្វែងយល់ឱ្យបានច្បាស់ពីវប្បធម៌ការងារសម្រាប់ការអនុវត្តជាប្រចាំ»។
យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា (NBC) ចំនួនគណនី e-wallet ដែលបានចុះឈ្មោះបានកើនឡើងដល់ ១៩,៥ លាន ហើយចំនួនប្រតិបត្តិការសរុបកើនឡើងពី ៧០៨ លានដល់ ១ ពាន់លាន ជាមួយទឹកប្រាក់សរុប ២៧២,៨ ពាន់លានដុល្លារ (កើន ៣៤ ភាគរយ) ប្រហែល ៩ ដងនៃផលិតផលក្នុងស្រុកសរុប។
គិតត្រឹមចុងឆ្នាំ ២០២២ គ្រឹះស្ថានសេវាទូទាត់ប្រាក់ (PSI) ចំនួន ៣៥ ត្រូវបានផ្តល់អាជ្ញាប័ណ្ណ និង BFIs ចំនួន ២ ត្រូវបានអនុញ្ញាត។ បន្ទាប់ពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យជាមួយនឹងធនាគារកណ្ដាលថៃ ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការជាមួយធនាគារកណ្ដាលនៃសាធារណរដ្ឋប្រជាមានិតឡាវ និងធនាគារកណ្ដាលរដ្ឋវៀតណាម ដើម្បីភ្ជាប់ជាមួយប្រព័ន្ធទូទាត់នៃប្រទេសនានាក្នុងគោលបំណងធ្វើឱ្យការទូទាត់ឆ្លងកាត់ព្រំដែនកាន់តែងាយស្រួល លឿន សុវត្ថិភាពជាងមុន និងបរិយាប័ន្ន។ នេះបើយោងតាម NBC៕