ភ្នំពេញៈ មន្ត្រីជំនាញក្រសួងកសិកម្មលើកឡើងថា ការប្រើពូជស្រូវសុទ្ធល្អនាំមកការកើនប្រាក់ចំណេញដល់កសិករ ហើយពូជស្រូវសុទ្ធល្អជួយទាំងកសិករ រោងម៉ាស៊ីន និងវិស័យស្រូវអង្ករទាំងមូលផងដែរ។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើង ថា មន្ត្រីកសិកម្មឃុំនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងបង្កើនការសម្របសម្រួលដើម្បីឱ្យកសិករទទួលបានពូជស្រូវសុទ្ធល្អទាន់រដូវដាំដុះ។
លោកលើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃទី២ ខែមិថុនា ការប្រើពូជស្រូវសុទ្ធល្អនាំមកនូវផលប្រយោជន៍ ដូចជា ស្រូវមានដំណុះខ្ពស់ដែលជួយកាត់បន្ថយបរិមាណពូជ ស្រូវដុះស្មើល្អ និងផ្តល់ផលខ្ពស់ ស្រូវងាយស្រួលលក់និងមានតម្លៃខ្ពស់ ស្រូវធន់នឹងជំងឺ ស្រូវទុំស្មើគ្នាល្អ និងស្រូវមានគ្រាប់ពេញល្អ និងមានអត្រាផលកិនជាអង្ករល្អខ្ពស់។
លោក យ៉ង សាំងកុមារ សរសេរថា៖ «ជារួម ការប្រើពូជស្រូវសុទ្ធល្អនាំមកការកើនប្រាក់ចំណេញដល់កសិករដោយផលខ្ពស់ ថ្លៃដើមទាប តម្លៃស្រូវខ្ពស់ និងងាយស្រួលលក់។ រោងម៉ាស៊ីនកិនស្រូវក៏បានទទួលផលចំណេញពីការទិញស្រូវដែលផលិតចេញពីពូជសុទ្ធល្អដែរគឺទួលបានអង្ករល្អជាមួយទិន្នផលអង្ករកិនខ្ពស់»។
លោកបញ្ជាក់ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកំពុងដឹកនាំកសាងប្រព័ន្ធស្រូវពូជសុទ្ធល្អដើម្បីកសិករគ្រប់រូបទទួលបានពូជសុទ្ធល្អជាក្នុងរយ:ពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។ ការមានមន្ត្រីកសិកម្មល្អនៅគ្រប់ឃុំនឹងចូលរួមចំណែកដោះស្រាយបញ្ហាពូជនិងបញ្ហាប្រឈមមួយចំនួនទៀតជូនកសិករ៕