ភ្នំពេញៈ ប្រាក់ជាង ១៦,៤លានដុល្លារត្រូវបានគ្រឹះស្ថានអង្គររកបានពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលកម្សាន្តនៅរមណីយដ្ឋានអង្គរ តំបន់ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានមួយនេះ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៣៤៤ ៧៥៧នាក់ កើនឡើង ៦៥៣,០៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈចំណូលដែលគ្រឹះស្ថានអង្គររកពីការលក់សំបុត្រ មានចំនួន ១៦ ០៦៥ ៨២៩ដុល្លារ កើនឡើង ៧៦៥,៤២ភាគរយ។
ទោះយ៉ាងណាចំនួនប្រាក់ដែលគ្រឹះស្ថានអង្គរទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលខាងលើ គឺនៅមានគម្លាតឆ្ងាយបើធៀបនឹងឆ្នាំ២០១៨ ដែលពេលនោះគ្រឹះស្ថានអង្គររកចំណូលបានច្រើនរហូតដល់ ៥៤ ៩៩៣ ៣៩១ដុល្លារ។
យោងតាមគ្រឹះស្ថានអង្គរ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
ដោយឡែកក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៣ នេះគ្រឹះស្ថានអង្គរក៏រកបានចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ចំនួន ៨៩ ០៧០ដុល្លារ និងការលក់សំបុត្រទូក (កំពង់ផែចុងឃ្នៀស) ចំនួន ២៦១ ៧៣៩ដុល្លារផងដែរ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី៤ ខែមិថុនាថា ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ហើយក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩ នៅមិនទាន់បញ្ចប់ ហេតុនេះចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្សាន្តតាមបណ្តាប្រាសាទនានាក្នុងខេត្តសៀមរាប គឺនៅមានចំនួនតិចតួចនៅឡើយនាដើមឆ្នាំ២០២៣ នេះ។ ស្ថានភាពនេះ នឹងត្រូវបន្តយ៉ាងហោចដល់ពាក់កណ្តាលត្រីមាសទី ៤ ដែលជាពេលភ្ញៀវទេសចរបរទេសចាប់ផ្តើមមានកំណើនឡើងវិញ។
លោកបន្តថា បើនិយាយពីចំនួនភ្ញៀវទេសចរក្នុងស្រុកក្នុងរយៈពេលខាងលើ ពិសេសក្នុងអំឡុងពេលមានបុណ្យធំៗ គឺពិតជាធ្វើដំណើរមកកម្សាន្តនៅតាមប្រាសាទបុរាណក្នុងខេត្តសៀមរាបច្រើន។
លោកថ្លែងថា៖ «ទោះបីភ្ញៀវទេសចរបរទេសចូលមកខេត្តសៀមរាបនៅមានចំនួនតិច ប៉ុន្តែវិស័យទេសចរណ៍ក្នុងខេត្តបានចាប់ផ្តើមល្អឡើងវិញហើយជាមួយនឹងភ្ញៀវក្នុងស្រុក។ សម្រាប់កំណើនចំនួនភ្ញៀវបរទេសបរទេស គឺគេត្រូវរង់ចាំមើលរហូតដល់ចុងឆ្នាំ ដែលជា High Season»។
លោកប្រាប់ទៀតថា ភ្ញៀវបរទេសដែលមកកម្ពុជានៅពេលនេះ ក៏មិនសូវមានជនជាតិចិនច្រើនដូចមុនដែរ(មុនឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរចិនបានឈានមុខគេនៅកម្ពុជា)។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន កាលពីខែមេសា បាននិយាយថា ទោះបីពេលនេះគ្រប់ប្រទេសលើពិភពលោកបានបើកចំហឡើងវិញក៏ដោយ (បិទខ្ទប់មួយរយៈដោយសារក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ១៩) ក៏ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា រួមទាំងចូលទស្សនានៅតាមរមណីយដ្ឋាននានា គឺនៅមានបរិមាណតិចតួចនៅឡើយបើធៀបនឹងមុនពេលមានវិបត្តិជំងឺកូវីដ១៩។ មួយវិញទៀតភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា គឺភាគច្រើនមកពីប្រទេសជិតខាង និងក្នុងតំបន់អាស៊ីតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «បើយើងមើលទៅតួលេខខាងលើគឺវាពិតជាកើនឡើងច្រើនធៀបនឹងឆ្នាំ២០២២ ដែលជាពេលពិភពលោកជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ១៩ ប៉ុន្តែបើយើងយកតួលេខភ្ញៀវទេសចរអន្តរជាតិ និងទឹកប្រាក់ដែលប្រមូលបានក្នុងរយៈពេល ៤ ខែឆ្នាំនេះ ធៀបនឹងមុនពេលមានវិបត្តិកូវីដ (ឆ្នាំ ២០១៩) គឺចំនួននេះនៅទាបឆ្ងាយណាស់»។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជិត ២,២៨លាននាក់ កើនឡើង ១ ០៥៩ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះភ្ញៀវមកពីប្រទេសថៃ មានចំនួនច្រើនជាងគេ គឺ ៨៥៣ ៣៧៦នាក់ កើនឡើង ៩៤២,៧ភាគរយ, វៀតណាម ចំនួន ៤៦៣ ៩៩៥នាក់ កើនឡើង ១៩៩៧,៦ភាគរយ និងមកពីប្រទេសចិន ១០៦ ៨៧៥នាក់ កើនឡើង ១៣៣,៥ភាគរយ។ ចំណែកឆ្នាំ២០១៩ ដែលជាពេលកម្ពុជាទទួលបានភ្ញៀវបរទេសច្រើនបំផុត គឺមានចំនួនសរុប ៦,៦១លាននាក់ ក្នុងនោះភ្ញៀវជនជាតិចិន មានចំនួន ២,៣៦លាននាក់៕