ភ្នំពេញៈ សមាជិកសមាគម​ស្វាយចន្ទី​កម្ពុជា នឹង​បានទទួល​អត្រា​ការអនុគ្រោះ​អត្រា​ការប្រាក់​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ពី​ ៩​ ភាគរយ​ទៅ ​១២ ​ភាគរយ មក​នៅត្រឹម​ ៥,៥ ​ភាគរយ បន្ទាប់ពី​ស្ថាប័ន​ទាំង ២ ចុះ MoU ស្តីពី​ការជំរុញ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​អាជីវកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី (​មិនមែនជា​កសិករ​ដាំ​ដុះ​) កាលពីពេល​ថ្មីៗ​នេះ​។​

​លោក អួន ស៊ី​ឡុ​ត ជា​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែមិថុនា​ថា តាមរយៈ​ការអនុគ្រោះ​លើ​អត្រា​ការប្រាក់​នេះ បានផ្តល់​សារៈសំខាន់​យ៉ាងច្រើន​ដល់​វិស័យ​កែច្នៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា ព្រោះ​បញ្ហា​កង្វះ​ដើមទុន បាន​ចាក់ស្រែះ នៅក្នុង​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជា​យូរ​មកហើយ​។​

​លោក​បាន​ថ្លែងថា ៖ «​កាលណា​យើង​មិនមាន​ទុន​បង្វិល​សម្រាប់​ទិញ​គ្រាប់ស្វាយចន្ទី​ទេនោះ លំហូរ​គ្រាប់ស្វាយចន្ទី​ឆៅ​របស់​យើង បាន​ហូរ​យ៉ាងច្រើន​ទៅ​ក្រៅប្រទេស​។​ដូចនេះ​វិនិយោគិន​ក្នុងស្រុក​មិនអាច​ប្រជែង​ទិញ​បាន ដោយសារតែ​គាត់​ខ្វះ​ទុន ដូច្នេះ​ធ្វើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​របស់គាត់​មិនបាន​ពេញលេញ​ទេ​ក្នុង​១​ឆ្នាំ ដោយ​ក្រុមហ៊ុន​ខ្លះ​ធ្វើបាន​៣​ខែ ឬ​៨​ខែ​អស់​គ្រាប់​ស្តុក ខណៈ​ដែលមាន​ក្រុមហ៊ុន​តែ​២​ទេ ដែល​ធ្វើបាន​ពេញ​១​ឆ្នាំ​»​។​

​លោក​អួន ស៊ី​ឡុ​ត​ បាន​បន្ថែមថា បញ្ហា​នេះ បានធ្វើឱ្យ​មានការ​កង្វះ​ខាត​កម្លាំង​ពលកម្ម​ជំនាញ ដោយសារតែ​នៅពេល​មិនមាន​ការងារ​ធ្វើ​ទៀងទាត់ ធ្វើឱ្យ​បុគ្គលិក​ទៅរក​ការងារ​ផ្សេងៗ ឬ​សម្រេច​បោះបង់​ការងារ​ក្នុង​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយចន្ទី​ចោល ធ្វើឱ្យ​សិប្បកម្ម ឬ​សហគ្រាស​កែច្នៃ ឬ​ក្រុមហ៊ុន ត្រូវ​រើស​បុគ្គលិក​ថ្មី មក​បង្រៀន​ជានិច្ចកាល សម្រាប់​បម្រើការ​ក្នុង​វិស័យ​ស្វាយចន្ទី​នេះ​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា​៖«​កម្ចីអនុគ្រោះ សមាជិក​យើង​ដែល​មិនមែនជា​កសិករ​ដាំ​ដុះ​នឹង​ប្រើប្រាស់​សម្រាប់​ការទិញ​គ្រាប់​ឆៅ​មក​ស្តុក និង​ការកែច្នៃ​សម្រាប់​ការនាំចេញ​។​បើសិនជា​រដ្ឋាភិបាល តាមរយៈ​ធនាគារ​SME​ដែល​គាត់​គិតថា នឹង​ត្រៀម​ថវិកា​១០០​លាន​ដុល្លារ​នេះ វា​មិន​ច្រើន​ក៏ពិតមែន ប៉ុន្តែ​យើង​អាច​ដោះ​ទាល់​បាន​ក្នុងពេល​ខាងមុខ​»​។​

​លោក លឹម អូន អគ្គនាយក​ធនាគារ​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម (SME Bank) បានឱ្យដឹងថា កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នេះ គឺជា​គោលដៅ​យុទ្ធសាស្ត្រ​ដែល​ធនាគារ​បានកំណត់ ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​នៃ​វិស័យ​ស្វាយចន្ទី​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​បញ្ជាក់ទៀតថា​៖«​ធនាគារ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺជា​ផ្នែក​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ស្វាយចន្ទី ក៏ដូចជា​ជួយ​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង​ថែម​១​កម្រិត​ទៀត​»​។​

ដោយឡែក ចំពោះ​ការមិន​ផ្តល់ជូន​កសិករ​ដាំ​ដុះ​វិញ ត្រូវបាន​លោក លឹម អូន បញ្ជាក់ថា សម្រាប់​កម្ចី ផ្តល់ជូន​កសិករ ខាង​ធនាគារ​អ​ភ​វិ​ឌ្ឍន៍​ជនបទ ARDB ជា​អ្នក​ជួយ​លើ​បញ្ហា​ទាំងនេះ ដូចនេះ​ខាង​SME Bank ជួយ​តែ​អ្នក​កែច្នៃ​ចន្ទី​តែប៉ុណ្ណោះ​។​ថ្វីដ្បិតតែ​នេះ​ជាការ​ចូលរួម​មួយចំណែក​តូច​មែន តែ​ធនាគារ SME រំពឹងថា សមាជិកសមាគម ដែលជា​សហគ្រាស​កែច្នៃ​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពិតប្រាកដ​ពី​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប​នេះ​។​

​ អ្នកស្រី ឡឹង ម៉ា​នុត អ្នកគ្រប់គ្រង​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី CCN ចម្ការលើ យល់ឃើញ​ដែរ​ថា កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​បែបនេះ អាច​នឹង​លើកទឹកចិត្ត​ដល់​អ្នក​កែច្នៃ​ក្នុង​វិស័យ​ស្វាយចន្ទី ឱ្យ​ពង្រីក​ផលិតកម្ម​បន្ថែមទៀត ខណៈដែល​កន្លងទៅ​ការ​កង្វះ​ទុន បានធ្វើឱ្យ​អ្នក​កែច្នៃ​ជួប​ការលំបាក​ច្រើន​។​

អ្នកស្រី​បានបញ្ជាក់​ថា​៖«​ខាង​ខ្ញុំ​មាន​គម្រោង​នឹង​ពង្រីក​សិប្បកម្ម​បន្ថែមទៀត តែ​មិនទាន់បាន​គិតគូរ​រក​ដើមទុន ថា​ត្រូវយក​ពី​ធនាគារ​ឬ​អត់​នោះទេ ព្រោះថា​យើង​ត្រូវការ​សិក្សា​ឱ្យបាន​ច្បាស់​ពី​នីតិវិធី​ក្នុងការ​ទទួលបាន​កម្ចី និង​លក្ខខណ្ឌ​ផ្សេងៗ​ក្នុង​ការខ្ចី​ផងដែរ​។​ប៉ុន្តែ​ទោះជា​យ៉ាង​អត្រា​ការប្រាក់​៥​ភាគរយ​នេះ គឺ​ទាប​ហើយ ដែល​អ្នក​នៅក្នុង​សហគ្រាស​កែច្នៃ​ស្វាយចន្ទី​អាច​ពិចារណា​បាន​»​។​

ទិន្នន័យ​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា ក្នុង​រយៈពេល​៣​ខែ ចាប់ពី​ខែ មករា ដល់​ខែមីនា ឆ្នាំ​២០២៣ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​ឆៅ ២៦០ ០០០ តោន​។ ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម​បាន​សរុប ២៣ ៣០៥០ តោន ស្មើ​ទឹកប្រាក់ ៣២០ លាន​ដុល្លារ ថយចុះ ១២,៩៥​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា ទៅនឹង​ឆ្នាំ​២០២២​។​

ចំពោះ​ទិន្នន័យ​នេះ សមាគម​ស្វាយចន្ទី​កម្ពុជា ប្រមូល​ពី​ឃ្លាំង​នាំ​ចេញទៅ​វៀតណាម​ពី​៦​ខេត្ត ការនាំចេញ​តាម​សមុទ្រ ស​សក យកតាម​ក្រសួងកសិកម្ម និង​ទិន្នន័យ​នេះ​ប្រៀបធៀប​ជាមួយ​គយ​វៀតណាម​និង​សមាគម​ស្វាយចន្ទី​វៀតណាម (Vinacas)៕