ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) ឱ្យដឹងថា អាស៊ានបានក្លាយជាប្រភពផ្គត់ផ្គង់ដ៏សំខាន់មួយជំនួសឱ្យប្រទេសចិន និងបណ្ដាប្រទេសផ្គត់ផ្គង់សំខាន់ៗមួយចំនួនលើពិភពលោក។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សា AFTEX លើកទី៤៩ និងកិច្ចប្រជុំពេញអង្គលើកទី៤៧ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ លោក Albert Tan អនុប្រធានសមាគម TAFTAC និងជាប្រធាន AFTEX បានឱ្យដឹងថា ឧស្សាហកម្មវាយនភណ្ឌកំពុងដើរតួនាទីយ៉ាងសំខាន់នៅបណ្ដាប្រទេសក្នុងអាស៊ាន ខណៈកំពុងដំណើរការក្នុងបរិយាកាសធុរកិច្ចដែលមានការប្រកួតប្រជែងខ្ពស់។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ តំបន់របស់យើងដំណើរការបានល្អក្នុងការចាប់យកចំណែកទីផ្សារពិភពលោកកាន់តែច្រើន ដោយបម្រើជាប្រភពផ្គត់ផ្គង់ជំនួសប្រទេសចិន និងប្រទេសផ្គត់ផ្គង់ៗមួយចំនួនទៀត»។
លោកបានបន្តថា នៅទសវត្សរ៍ចុងក្រោយនេះ និងទំនងជាបន្តទៅទសវត្សរ៍ខាងមុខឧស្សាហកម្មនេះបានដំណើរការក្នុងសេដ្ឋកិច្ចបរិត្តផរណា ឬវិស័យដែលតម្លៃដឹកទំនិញដល់លើនាវា និងរៀបឱ្យ (FOB) និងតម្លៃលក់រាយបានធ្លាក់ចុះផ្ទុយពីតម្លៃផលិតកម្ម។ ក្នុងនាមអ្នកផ្គត់ផ្គង់ និង/ឬក្រុមហ៊ុនផលិតដែលបានចុះកិច្ចសន្យាការចំណាយជាចម្បងទៅលើសម្ភារ កម្លាំងពលកម្ម ឡូជីស្ទិក និងការអនុលោមទៅតាមច្បាប់ គឺនៅតែបន្ត។
លោកនិយាយថា៖ «ការរក្សាតម្លៃប្រកួតប្រជែងនេះឱ្យទាបគឺពិបាកខ្លាំងណាស់ ខណៈពេលការកើនឡើងតម្លៃពីអ្នកទិញ/យីហោមើលទៅមិនអាចទៅរួចនោះទេ លុះត្រាតែយើងអាចផ្តល់អ្វីដែលពិសេស។ ជាការពិតណាស់ សមាជិក AFTEX អាចនឹងប្រកួតប្រជែងនៅក្នុងតំបន់ខ្លះតាមទម្រង់មួយចំនួន ប៉ុន្តែប្រាកដជាមានផ្នែកជាច្រើនដែលយើងត្រូវធ្វើការរួមគ្នាដើម្បីឱ្យមានភាពរឹងមាំជាតំបន់មួយ សម្រាប់ដោះស្រាយជាមួយនឹងកម្លាំងនៃការផ្លាស់ប្តូរទីផ្សារពិភពលោក»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ឧស្សាហកម្មនេះគឺនៅតែជាវិស័យប្រកួតប្រជែងខ្ពស់ និងទាក់ទាញនៅប្រទេសអាស៊ានជាច្រើន រួមទាំងកម្ពុជាផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
ទោះយ៉ាងណា លោកបន្ថែមថា ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ឧស្សាហកម្មនេះក៏ប្រឈមនឹងការធ្លាក់ចុះនៃការនាំចេញទៅកាន់អឺរ៉ុប និងអាមេរិកផងដែរ។
លោកថ្លែងថា៖ «យើងមើលឃើញថា ឧស្សាហកម្មនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបណ្តាប្រទេសអាស៊ានរួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងប្រទេសយើង រដ្ឋាភិបាលកំពុងប្រព្រឹត្តទៅលើឧស្សាហកម្មនេះយ៉ាងល្អដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត»។
ប្រទេសកម្ពុជារកចំណូលបាន ១,៣៩៥ ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ និងគ្រឿងសម្លៀកបំពាក់ចាក់ប៉ាក់ ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៣ ធ្លាក់ចុះ ២៨,៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងធ្លាក់ចុះ ៤០,៨០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆមាសមុន (បើធៀបនឹងខែកក្កដា ដល់ខែតុលា ឆ្នាំ ២០២២)។ នេះបើតាមទិន្នន័យគយ និងរដ្ឋាករកម្ពុជា៕