ភ្នំពេញៈ គម្រោងវិនិយោគឯកជនចំនួន ៦១ ដែលមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារ និងបង្កើតការងារជាង ៧៦ ពាន់កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគនារយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ ដោយភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌ។
យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ CDC ដែលបូកសរុបដោយ ភ្នំពេញ ប៉ុស្តិ៍ បានឱ្យដឹងថា គិតពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យគម្រោងវិនិយោគឯកជន (ទាំងក្នុងតំបន់សេដ្ឋកិច្ច និងក្រៅតំបន់សេដ្ឋកិច្ចពិសេស) សរុបចំនួន ៦១ ដែលមានទុនវិនិយោគ ៥១៦,៦៤ លានដុល្លារ និងអាចបង្កើនការងារបាន ៧៦ ៣១០ កន្លែង។
CDC ឱ្យដឹងថា គម្រោងដែលត្រូវបានអនុម័តក្នុងរយៈពេលខាងលើ គឺមានក្នុងវិស័យជាច្រើនដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូបធ្វើដំណើរ, រោងចក្រផ្គុំដំឡើងបន្ទះសូឡា, រោងចក្រផលិតឧបករណ៍អេឡិចត្រូនិកអគ្គិសនី, គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍, កសិដ្ឋានចិញ្ចឹមគោ, គម្រោងបង្កើតកសិដ្ឋាន, រោងចក្រកែច្នៃកសិផល, រោងចក្រផលិតកេសកាតុង សម្ភារកីឡា សម្ភារវេចខ្ចប់ និងផលិតគ្រឿងសង្ហារិម ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែមិថុនាថា ទោះបីកំណើនសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះក៏កម្ពុជានៅតែអាចទទួលបានការមកបណ្តាក់ទុនជាបន្តបន្ទាប់។
មូលហេតុដែលកម្ពុជាអាចទាក់ទាញបានកំណើនការវិនិយោគផ្ទាល់នាពេលនេះ គឺដោយសារកត្តាមួយចំនួនដូចជា នយោបាយក្នុងប្រទេសមានស្ថិរភាព, កំណើនសេដ្ឋកិច្ចរឹងមាំ, ច្បាប់វិនិយោគ ទីតាំងភូមិសាស្ត្រ ពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ លោកបន្ថែមថា ក្រៅពីនោះផលិតផលកម្ពុជា ក៏ទទួលបានភាពអនុគ្រោះពន្ធនាំទៅប្រទេសធំៗមួយចំនួនដូចជា អាមេរិក តំបន់អឺរ៉ុប ចិន កូរ៉េ និងជប៉ុន ជាដើម។
លោកឱ្យដឹងទៀតថា ក្រៅពីចំណុចទាំងអស់ខាងលើ កម្ពុជាក៏ជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ពីជម្លោះពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចរីកចម្រើននានា តាមរយៈការផ្លាស់ប្តូរទីតាំងចេញពីប្រទេសទាំងនោះមកបើកដំណើរការនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងបរទេសនៅកម្ពុជានឹងបន្តកើនឡើងកាន់តែច្រើននៅពេលស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកប្រសើរ»។ លោកបន្តថា៖ «ការវិនិយោគផ្ទាល់គឺសំខាន់ណាស់សម្រាប់ភាពរឹងមាំរបស់សេដ្ឋកិច្ច ព្រោះក្រៅពីជួយបង្កើតការងារ វាក៏ជួយលើកកម្ពស់សមត្ថភាពនាំចេញផលិតផលសម្រេចពីកម្ពុជាទៅទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងផងដែរ»។
លោកលើកឡើងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានធ្វើជាមួយប្រទេសដៃគូសំខាន់ៗ ដូចជា កម្ពុជា-ចិន,កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក៏កំពុងចូលរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉រ បាននិយាយថា បើសិនកម្ពុជាអាចធ្វើឱ្យតម្លៃអគ្គិសនីកាន់តែទាបថែមទៀត វានឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យបញ្ចេញទុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ នៅពេលតម្លៃអគ្គិសនីទាប វានឹងជួយកាត់បន្ថយចំណាយថ្លៃដើម ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិកាន់តែខ្លាំង។
លោកអះអាងថា៖ «តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំសំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយទៅលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង និងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគក្រៅស្រុកនឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»។
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕