ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាត អារ៉ាប់រួម ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៧-៨ ខែមិថុនា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ខណៈដែលវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម ក៏រៀបចំនៅអំឡុងពេលនោះដែរ។
បើតាមក្រសួងពាណិជ្ជកម្ម នៅអំឡុងពេលចុះហត្ថលេខា និងក្នុងវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួមនេះ ក៏មានការចូលរួមពីខាងភាគីកម្ពុជា គឺរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ, សភាពាណិជ្ជកម្មកម្ពុជា និងសមាជិកជាអ្នកវិនិយោគនៅកម្ពុជា។
ដោយឡែកភាគីអេមីរ៉ាត អារ៉ាប់រួម មានលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត អារ៉ាប់រួម ,ធុរជន និងវិនិយោគិនអេមីរ៉ាត អារ៉ាប់រួម ចូលរួមវេទិកានេះផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងបន្ថែមថា តាមការបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាត អារ៉ាប់រួមនេះ គឺរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង២ បន្ថែមទៀត ខណៈបច្ចុប្បន្នការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួម នៅមានកម្រិតនៅឡើយ។
លោកបានបញ្ជាក់ថា៖«កម្ពុជានឹងមានឱកាសអាចនាំចូលទំនិញមួយចំនួនពីអេមីរ៉ាត អារ៉ាប់រួម ដូចជាប្រភេទដំណាប់ផ្លែឈើ និងជាពិសេស គឺការនាំចូលប្រេងតែម្តង លើសពីនេះកម្ពុជាក៏បានទាក់ទាញឱ្យអេមីរ៉ាត អារ៉ាប់រួម មកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ទាក់ទងនឹងការកែច្នៃក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងវិស័យទេសចរណ៍ផងដែរ»។
លោកបានបន្ថែមទៀតថា ការដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន ព្រោះថា នៅពេលខាងមុខ កម្ពុជានឹងរួចផុតពីប្រទេសដែលមានការអភិវឌ្ឍតិច ដែលធ្វើឱ្យការអនុគ្រោះមួយចំនួនត្រូវបានបញ្ចប់។ ដូចនេះកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទាំងនោះ នឹងចូលខ្លួនមកជំនួស ដែលអាចអនុញ្ញាតឱ្យយើងអាចនាំចេញបានច្រើនទៅតាមបណ្តាប្រទេសជាដៃគូទាំងនោះ។
ដោយឡែក លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា លោកនឹងចូលរួមធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត អារ៉ាប់រួម នៅក្នុងសប្តាហ៍នេះ។
លោកបានប្រាប់ថា៖ «យើងសង្ឃឹមថា ស្រូវអង្ករកម្ពុជាយើង នឹងមានឱកាស កាន់តែច្រើនចូលទៅក្នុងទីផ្សារអារ៉ាប់រួម។ ក្នុងនោះដែរ វាជាចំណុចពិសេស ដែលបានធ្វើឱ្យពាណិជ្ជករ ក៏ដូចជាអ្នកនាំចូលរបស់ខាងក្រុមហ៊ុនឯកជនរបស់អារ៉ាប់រួមមួយចំនួន បានស្គាល់ និងបានដឹងពីសក្តានុពលរបស់ប្រទេសកម្ពុជា នៅលើវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។ យើងក៏មានធ្វើបទបង្ហាញជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត អារ៉ាប់រួមដែរ នៅថ្ងៃទី៦ មិថុនានេះ»។
បើតាមលោក ចាន់ សុឃាំង ប្រទេសអេមីរ៉ាត អារ៉ាប់រួម គឺជាទីផ្សារកណ្តាលមួយ ដែលតភ្ជាប់អាស៊ី ទៅកាន់តំបន់អាហ្វ្រិក ដូចនេះ វាមានសក្តានុពលខ្លាំងណាស់ សម្រាប់ការភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលមិនត្រឹមតែក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួមប៉ុណ្ណោះទេ តែវានឹងចែកចាយបន្តទៅកាន់បណ្តាប្រទេសដទៃទៀតក្នុងតំបន់អាហ្វ្រិកទៀតផង៕