
រូបថតអនុស្សាវរីយ៍នៅក្នុងទិវាសហគ្រិនស្ត្រីកម្ពុជានាពេលកន្លងមក។ រូបថត CWEA
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ស្ត្រីបានដើរតួយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ចទាំងក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយពេញចិត្តចំពោះការវិវឌ្ឍសមត្ថភាពរបស់ស្ត្រីនៅកម្ពុជា ជាពិសេសសហគ្រិនជាច្រើន គឺជាស្ត្រី នាពេលបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ នៅក្នុងរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «យើងបានសង្កេតឃើញថា ស្ត្រីដើរតួនាទីក្នុងបញ្ហាសេដ្ឋកិច្ចនេះធំណាស់ វាជាចំណែកនៃការទទួលខុសត្រូវនៅក្នុងសង្គមគ្រួសារ ហើយទម្លាប់ដែលថា ពេលមានប្តីហើយត្រូវតែពឹងពាក់លើលុយរបស់ប្តី ឥឡូវនេះមិនអាចដូចពីមុនបានទេ ព្រោះស្ត្រីគេក៏មានប្រាក់បៀវត្សរ៍ដែរ កុំសូវមើលស្រាលគេពេក»។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ពីដើមវប្បធម៌ពឹងផ្អែកទៅលើប្តី ឥឡូវនេះវប្បធម៌មិនមែនយ៉ាងដូច្នេះទេ។ យើងនៅក្នុងចំណោមសេដ្ឋកិច្ចទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធស្ត្រីបានដើរតួនាទីសំខាន់ណាស់ យើងក៏ត្រូវផ្តោតការយកចិត្តទុកដាក់ជំរុញបន្តទៀត លើកទឹកចិត្តឱ្យស្ត្រីទទួលបាននូវការបណ្តុះបណ្តាល បើមិនទទួលបាននូវការបណ្តុះបណ្តាលក្នុងប្រព័ន្ធទេ ក៏ទទួលបាននូវការបណ្តុះបណ្តាលក្រៅប្រព័ន្ធ ដែលយើងនឹងផ្តល់ឱកាសសម្រាប់ស្ត្រី»។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រី និងជាម្ចាស់សហគ្រាសផលិតនំស្រួយលីលីបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ស្ត្រីដែលជាម្ចាស់អាជីវកម្ម មានច្រើនជាងបុរស ដែលនេះសបញ្ជាក់ឱ្យឃើញថា ការចូលរួមរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ មានភាពសកម្មខ្ពស់។
លោកស្រីបានបន្ថែមថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័ននានា បានសម្របសម្រួលច្រើនដល់ស្ត្រីក្នុងការបង្កើតអាជីវកម្មផ្ទាល់ និងមានការលើកទឹកចិត្តទាំងផ្នែកពន្ធដារ និងការបណ្តុះបណ្តាលច្រើនគួរឱ្យកត់សម្គាល់។
លោកស្រីថ្លែងថា៖ «ស្ត្រីយើងនៅតែជួបប្រទះនឹងបញ្ហាមួយចំនួនផងដែរ ជាពិសេសពាក់ព័ន្ធនឹងការទទួលខុសត្រូវក្នុងគ្រួសារ ដោយស្ត្រីមានការងារច្រើនខាងក្រៅហើយ ត្រូវធ្វើការងារក្នុងផ្ទះទៀត ដែលធ្វើឱ្យពេលខ្លះ គាត់ត្រូវខកខានការចូលរួមក្នុងសង្គម»។
សមាគមសហគ្រិនស្ត្រីកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនស្ត្រីដែលមានអាជីវកម្មក្នុងដៃ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួន ៦០ ភាគរយ ខណៈដែលបុរសមានត្រឹមតែ ៤០ ភាគរយប៉ុណ្ណោះ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក៏បានថ្លែងឱ្យដឹងដែរថា ក្រៅពីមានតួនាទីជាម្តាយដ៏ល្អលើការងារគ្រប់គ្រងនិងថែទាំក្រុមគ្រួសារ ស្ត្រីគឺជាដៃគូសហការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកថ្លែងថា៖ «ខ្ញុំឃើញម្ចាស់អាជីវកម្មធុនតូច និងមធ្យមភាគច្រើនស្ត្រីជាអ្នកគ្រប់គ្រង និងដឹកនាំ ដូចជាការលក់ចាប់ហួយម្ហូប អាហារសម្លៀកបំពាក់មុខរបរកសិកម្មនិងសម្ភារផ្សេងៗទៀតលើសពីនេះរួមទាំងការងារចាត់ចែងការចំណាយផ្សេងៗក្នុងក្រុមគ្រួសារផងដែរ។ ជាក់ស្តែងនៅបណ្តាញគ្រឹះស្ថានអប់រំវេសឡាញអេឌ្យូខេសិនគ្រុបមានបុគ្គលិកជាស្ត្រីជិត ៧០ ភាគរយបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងអភិវឌ្ឍសាលារៀន»៕