ភ្នំពេញៈ ការនាំចេញ​គ្រឿង​សង្ហារិម សម្ភារ​គ្រែ និង​ផលិត​ផល​ប្រហាក់ប្រហែល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤​ ខែ​ដើមឆ្នាំ ២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ១៦៤ ​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ៣០​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ទិន្នន័យ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​នាំ​ចេញ​ទំនិញ ឱ្យដឹងថា ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការ​​នាំចេញ​ជំពូក​ទំនិញ ​(HS ២​ខ្ពង់​)​ លេខ​កូដ​ ៩៤ ដែល​រួម​​មាន គ្រឿងសង្ហារិម​, សម្ភារ​គ្រែ ពូក ខ្នើយ​កល់ និង​វត្ថុ​ប្រហាក់​ប្រហែល មាន​ទឹកប្រាក់​សរុប ១៦៤,១១​ លាន​ដុល្លារ​ធ្លាក់ចុះ ២៨,៨ ​ភាគរយ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន​។ ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​ជំពូក​លេខ​កូដ​ ៩៤ ស្មើនឹង ២,៣​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប ដែលមាន​ចំនួន ៧ ២៣៤,១២ ​លាន​ដុល្លារ​។​

​សម្រាប់​ខែមេសា ការនាំចេញ​ទំនិញ​ក្នុង​ជំពូក​លេខ​កូដ​ ៩៤ មាន​ចំនួន ៤៥,០៨​ លាន​ដុ​ល្លារ ថយចុះ ២៧,៩​ ភាគរយ​បើ​ធៀប​ខែមេសា ឆ្នាំ ​២០២២​។ ចំណែក​ទឹកប្រាក់​នាំចេញ​ក្នុង​ខែមេសា ធៀប​នឹង​ខែមីនា គឺ​ថយចុះ ០,១ ​ភាគរយ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​ថា ភាពមិនច្បាស់លាស់​នៃ​កំណើន​សេដ្ឋ​កិច្ច​សកល​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​លំហូរ​ពាណិជ្ជកម្ម​នៅ​គ្រប់​ប្រទេស​។

​ការណ៍​នេះ​បាន​ទាញ​ទម្លាក់​សក្តានុពល​ការនាំ​ចេញ​របស់​កម្ពុជា​នៅ​ស្ទើរ​គ្រប់​វិស័យ ដោយ​លើកលែងតែ​កសិផល​ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ លោក​បន្តថា ការ​នាំចេញ នាំចូល​ទំនិញ​នឹងមាន​សម្ទុះ​ឡើងវិញ​នៅពេល​វិបត្តិ​នានា ពិសេស​វិបត្តិ​នៅ​ប្រទេស​​អ៊ុយ​ក្រែ​ន​ត្រូវ​បិទ​បញ្ចប់​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​ផលិតផល​ទាំងអស់នេះ​មិនសូវ​ចាំបាច់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ដូច្នេះ​អ្វីដែល​អាច​ប្រើ​បាន​គឺ​គេ​នឹង​បន្ត​ប្រើ​មួយរយៈ​សិន​រហូតដល់​សេដ្ឋកិច្ច​គ្រួសារ និង​ពិភពលោក​ល្អ​ឡើងវិញ​»​។​

​លោក​បន្តថា ដោយសារ​ក្នុង​រយៈពេល ៣-៤ ​ឆ្នាំ​មកនេះ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ត្រូវបាន​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្លាំង ដូច្នេះ​លោក​មានជំនឿថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​សកម្មភាព​ផលិតកម្ម និង​ទឹកប្រាក់​នៃ​ការនាំចេញ​-​នាំ​ចូល​ទំនិញ​កម្ពុជា​នឹង​ហក់​ឡើងវិញ​យ៉ាង​ឆាប់​។ លោក​បន្ថែមថា ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​, កម្ពុជា​-​កូរ៉េ​, និង​កិច្ចព្រមព្រៀង​​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) ក៏​នឹង​ជួយ​ទាក់ទាញ​ឱ្យ​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េង​តិច បានឱ្យដឹងថា លក្ខណៈ​អំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ និង​ច្បាប់​វិនិយោគ ព្រមទាំង​មាន​ទីផ្សារ​ទទួល​ទិញ​ច្រើន​បាន​ជួយ​ឱ្យ​កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិ​និ​យោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​។​

​លោក​អះអាងថា​៖ «​នៅពេល​សេដ្ឋកិច្ចពិភពលោក​ដំណើរ​ការល្អ​ឡើងវិញ តម្រូវ​ការផលិត​​ផល​ទាំងនេះ​នឹង​ហក់​ឡើងវិញ ដូច្នេះ​ការបញ្ជាទិញ​នឹង​កើន​ឡើង​ទៅតាម​នោះដែរ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ទំនិញ​ក្នុង​ជំពូក​ (HS ២​ខ្ពង់​)​ លេខ​កូដ​ ៩៤ ក្នុង​ទឹក​​ប្រាក់​សរុប ៩៤៨,២៦​ លាន​ដុ​ល្លារ កើនឡើង ៨,៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៨៧២,៥៦​ លាន​ដុ​​ល្លារ​។ ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​ជំពូក​លេខ​កូដ​ ៩៤ ស្មើនឹង ៤,២​ ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំចេញ​សរុប ដែលមាន​ចំនួន ២២ ៤៨២,៩៤​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕