ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលបានចុះបញ្ជីភាគហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះប្រតិបត្តិការអាជីវកម្មនៅត្រីមាសទី១ ឆ្នាំនេះ ដែលបណ្តាលមកពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
យោងតាមឯកសារ PAS ផ្ញើទៅផ្សារមូលបត្រកម្ពុជា ក្នុងថ្ងៃទី ១ ខែមិថុនា គឺនៅត្រីមាសទី១ ឆ្នាំ ២០២៣ ប្រាក់ចំណូលសរុបរបស់ PAS មានចំនួនជាង ៧៧,៦២៧ ពាន់លានរៀលធ្លាក់ចុះ ១៤,១១ ភាគរយហើយប្រាក់ចំណេញសុទ្ធមានចំនួន ៦៥,៩៧៧ ពាន់លានរៀល កើន ៩៩,៦៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ទ្រព្យសកម្មសរុបរបស់ PAS មានជាង ១៤,៩៩៦ ពាន់លានរៀល កើនឡើង ៥,១៥ ភាគរយ និងមូលធនសរុប ៩២,៩៧៨ ពាន់លានរៀលកើនជាង ៦៥,៩៧៧ ពាន់លានរៀល ស្មើនឹង ៧,៦៤ ភាគរយ។
លោក លូ គឹមឈន់ ប្រធាន និងជាអគ្គនាយក PAS បានឱ្យដឹងថា ប្រាក់ចំណូលបានធ្លាក់ចុះជាង ១២,៧៥៥ ពាន់លានរៀល ស្មើនឹង ១៤,១១ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធ កើនឡើងជាង ៣២,៩៣៥ ពាន់លានរៀល ស្មើ ៩៩,៦៨ភាគរយ។
លោកថ្លែងថា៖ «ការធ្លាក់ចុះនេះគឺដោយសារតែការធ្លាក់ចុះទំនិញកុងតឺន័រ និងទំនិញឆ្លងកាត់ ប៉ុន្តែការកើនឡើងនៃប្រាក់ចំណេញសុទ្ធបានពីទ្រព្យសកម្មដែលត្រូវបានចាត់ថ្នាក់រក្សាទុកសម្រាប់លក់ដូចជា ដីនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនាំឱ្យមានការកើនឡើងប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២២»។
លោកបន្តថា កុងតឺន័រឆ្លងកាត់មានចំនួន ១៧៤ ៦៤៩ TEUs ធ្លាក់ចុះ ២៣ ៥៣៣ TEUs ស្មើនឹង ១១,៨៧ ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២។
លោកលើកឡើងថា៖ «PAS នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងសេវាកម្មប្រសើរឡើង និងដើម្បីសម្រេចបានលទ្ធផលល្អបំផុតសម្រាប់ផលប្រយោជន៍របស់ភាគទុនិកយើង។ PAS បានពង្រឹងប្រសិទ្ធភាពការងារ និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងកើនឡើង និងកំណើនសេដ្ឋកិច្ច»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី ១ ខែឧសភា ថា PAS កំពុងរួមចំណែកដល់ការរីកលូតលាស់ និងអភិវឌ្ឍន៍ជាតិរបស់កម្ពុជាជាមួយនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់តាមកំពង់ផែ។ ដូច្នេះប្រាក់ចំណូលបានពីកំពង់ផែ និងចំណូលជាតិមានការកើនឡើង។
លោកថ្លែងថា៖ «បរិមាណទំនិញឆ្លងកាត់កំពង់ផែក្នុងឆ្នាំ ២០២២ មានចំនួនប្រហែល ៧ លានតោន កើន ០,១៨ ភាគរយហើយប្រាក់ចំណូលសរុបមានចំនួន ៨៤ លានដុល្លារកើនឡើង ០,៤១ ភាគរយធៀបនឹងឆ្នាំ ២០២១។
លោក លូ គឹមឈន់ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការសាងសង់ចំណតកុងតឺន័រថ្មីនេះ គឺជាការអភិវឌ្ឍបន្ថែមដើម្បីពង្រីកសមត្ថភាព និងឆ្លើយតបការកើនឡើងនៃចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែពេលនេះ និងពេលអនាគត។ លោកបន្តថា ការសាងសង់ចំណតនេះចែកចេញជា ៣ ដំណាក់កាល៕