ភ្នំពេញៈ អភិបាលក្រុងហុងហឺ នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និងអភិបាលរាជធានីភ្នំពេញ ចង់ផ្លាស់ប្តូរ និងជំរុញការវិនិយោគលើផ្នែកសេដ្ឋកិច្ចរវាងគ្នាឱ្យកាន់តែរីកចម្រើនដោយភាគីនៃប្រទេសទាំង ២ បានផ្តោតការពិភាក្សាទៅលើវិស័យទេសចរណ៍ និងកសិកម្ម។
កិច្ចពិភាក្សារវាងអាជ្ញាធរក្រុងនៃប្រទេសទាំង២ បានធ្វើឡើងកាលពីថ្ងៃទី៥ មិថុនា ខណៈគណៈប្រតិភូទីក្រុងហុងហឺ ដឹកនាំដោយលោកស្រី លូ ភីង អភិបាលក្រុងហុងហឺ ខេត្តយូណាន បានជួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងជំនួបនោះ លោកស្រី លូ ភីង បានលើកឡើងថា គណៈប្រតិភូទីក្រុងហុងហឺ ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន មានបំណងចង់ផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន ជាមួយនឹងការជំរុញលើវិស័យទេសចរណ៍តាមរយៈការជំរុញលំហូរភ្ញៀវទេសចរ រវាងក្រុង និងក្រុង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំង២ រីកចម្រើនមួយកម្រិតថែមទៀត។
លោកស្រីបានបញ្ជាក់ថា៖«គោលបំណងដែលលោកស្រីជួបពិភាក្សាការងារជាមួយជាមួយលោកឃួង ស្រេង នេះគឺចង់ផ្លាស់ប្តូរសេដ្ឋកិច្ចនៃទីក្រុងទាំង២ឱ្យកាន់តែប្រសើរឡើង។ ទីក្រុងហុងហឺ និងនៅកម្ពុជា មានផលិតផលក្នុងស្រុកប្រហាក់ប្រហែលគ្នាដែលទាមទារឱ្យមានកិច្ចសហការកាន់តែល្អថែមទៀតពិសេសទៅវិស័យកសិកម្ម និងទេសចរណ៍ »។
«កសិផលដែលប្រទេសកម្ពុជាមាន និងត្រូវប៉ាន់នៅប្រទេសចិននោះ គឺទុរេន មៀន និងចេក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រី ក៏ចង់នាំកសិផលនៅប្រទេសចិនដែលមានបន្លែ ផ្លែឈើ ចូលមកកម្ពុជាផងដែរ។ បន្ថែមពីនេះ ដោយមើលឃើញថា នៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើន យើងនឹងជួយផ្សព្វផ្សាយដើម្បីឱ្យពលរដ្ឋចិន ពិសេសពលរដ្ឋនៅទីក្រុងហុងហឺ មកលេងនៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង»។ លោកស្រី លូ ភីង បានបញ្ជាក់បន្ថែម។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានថ្លែងដែរថា រាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា ជាតំបន់ពោរពេញទៅការវិនិយោគ និងពាណិជ្ជកម្មដោយសារកត្តាភូមិសាស្ត្រមានភាពអំណោយផល។
លោកបានបន្ថែមថា បន្ទាប់ពីកម្ពុជា បានបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញមក ដំណើរការសេដ្ឋកិច្ច ចាប់ផ្តើមមានភាពប្រសើរឡើងវិញបន្តិចម្តងៗដែលនិយាយបានសេដ្ឋកិច្ចមានការវិវត្តទៅភាពវិជ្ជមាន។ ម្យ៉ាងវិញវិញទៀតវិស័យទេសចរណ៍ចាប់ផ្តើមងើបឡើងវិញជាបន្តបន្ទាប់ ខណៈភ្ញៀវទេសចរជនជាតិចិន បានមកជាបណ្តើរៗដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យប្រជាពលរដ្ឋនៅទីក្រុងហុងហឺនៃខេត្តយូណានមកទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនដោយកម្ពុជាមានតំបន់ទេសចរណ៍ច្រើនមានប្រាសាទបុរាណនៅតាមខេត្ត ពិសេសនៅខេត្តសៀមរាប ហើយនៅរាជធានីភ្នំពេញក៏ជាតំបន់ដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរព្រោះជាទីក្រុងដែលមានវ័យចំណាស់និងជាទីក្រុងដែលស្ថិតនៅចំមុខទន្លេមុខ៤ថែមទៀត»។
លោក ឃួង ស្រេង បន្ថែមថា ដោយឡែក ចំពោះកសិកម្មវិញ យើងនឹងជំរុញឱ្យការនាំចេញ ទុរេន មៀន និងចេកទៅកាន់ប្រទេសចិន ឱ្យកាន់តែច្រើន ជាមួយនឹងការជំរុញឱ្យមន្ទីរពាក់ព័ន្ធធ្វើទំនាក់ទំនងជាមួយនឹងក្រុមការងារប្រតិភូរបស់ទីក្រុងហុងហឺ ដើម្បីសហការជំរុញវិស័យខាងលើនេះ ឱ្យដំណើរការឱ្យកាន់តែល្អ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី៦ ខែមិថុនា ថា កិច្ចសហការរវាងអាជ្ញាធរថ្នាក់មូលដ្ឋាន នៃប្រទេសចិន និងកម្ពុជា គឺកិច្ចសហការជិតស្និទ្ធ១ ដែលភាគីទាំង២តែងតែមានយ៉ាងស្អិតល្មួនាពេលកន្លងមក។
លោកបានបញ្ជាក់ថា៖«ការបង្កើនកិច្ចសហការរវាងកម្ពុជា និងចិន មានជាយូរមកហើយ។វាមានសារៈសំខាន់ណាស់ ដែលអាជ្ញាធរតាមខេត្តក្រុងរបស់ប្រទេសទាំង២មានទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធដែលនេះជាការសម្រួលបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នា ខណៈដែលរាជធានីភ្នំពេញរបស់យើងជាដែនដីប្រមូលផ្តុំទៅដោយសកម្មភាព វិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចយ៉ាងមមាញឹក»៕