ភ្នំពេញៈក្រុមហ៊ុនផលិតសម្លៀកបំពាក់ Grand Twins International Plc (GTI) ដែលបានចុះបញ្ជីភាគហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះនៃប្រតិបត្តិការអាជីវកម្មនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃតម្រូវការពិភពលោកដែលរងផលប៉ះពាល់ដោយការអូសបន្លាយសង្គ្រាមអ៊ុយក្រែន។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ GTI ដែលផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី៦ ខែមិថុនា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ប្រាក់ចំណូលសរុបរបស់ GTI មានចំនួនចំនួនជាង ៦៤,៦៦៧​ ពាន់លានរៀលធ្លាក់ចុះចំនួន ៤២,២៥ ភាគរយខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួនជាង ៩៦,៥៨៣ ពាន់លានរៀល ធ្លាក់ចុះចំនួន ១០៨,៦៥ ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន មានចំនួនជាង ៣៤២,៧៤១​ពាន់លានរៀលធ្លាក់ចុះចំនួនជាង ៦,៩៤៧ ពាន់លាន រៀល ស្មើនឹង ១,៩៩ ភាគរយ និងមូលធនសរុបមានចំនួនជាង ២៨០,៨៥៧ ពាន់លានរៀល ធ្លាក់ ១,៥៦ ភាគរយ។

លោក Yang Shaw Shin ប្រធានក្រុមហ៊ុន បានឱ្យដឹងនៅក្នុងឯកសារថា នៅត្រីមាសទី១ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ក្រុមហ៊ុន Grand Twins រកចំណូលបានចំនួន ៦៤ ៦៦៧ លានរៀល (១៥,៨៣៤ លានដុល្លារ) ហើយប្រាក់ចំណេញមុនពេលបង់ពន្ធចំនួន ៥៥០ លានរៀល (១៣៤,៦៩៤ ដុល្លារ) និង (ការខាតបង់)/ប្រាក់ចំណេញបន្ទាប់ពីចំនួន ៩៧​ លានរៀល (២៣,៦៤៩ ដុល្លារអាមេរិក)។ វាបានធ្លាក់ចុះបន្តិចបើធៀបទៅនឹងត្រីមាសទី ១ ឆ្នាំមុន។

លោកថ្លែងថា៖ «ចាប់តាំងពីថ្ងៃចាប់ផ្ដើមដំណើរការកាលពីឆ្នាំ២០០៧ ក្រុមហ៊ុន Grand Twins បានផលិត និងពង្រីកផលិតផលដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលទទួលស្គាល់ថាជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេក្នុងប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់យើងលើការបង្កើត អភិវឌ្ឍ និងចែកចាយដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោក»។

លោកលើកឡើងថា៖ «យើងបន្តរក្សាទំនាក់ទំនងល្អជាមួយអតិថិជនសំខាន់ៗរបស់យើង ដើម្បីទទួលបានការបញ្ជាទិញកាន់តែច្រើននៅឆ្នាំ២០២៣ទន្ទឹមនឹងនោះ យើងបន្តសហការជាមួយអតិថិជនផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណូលផ្សេងទៀតរបស់យើង ដូចជាពីកិច្ចសន្យាបន្ត និង CMP ឱ្យមានស្ថិរភាព និងទទួលបានប្រាក់ចំណូលខ្ពស់ជាងឆ្នាំមុន»។

លោកបន្តថា៖ «សម្រាប់ត្រីមាសផ្សេងទៀតនៃឆ្នាំ២០២៣ យើងនឹងប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់យើង និងសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់យើង។ គោលដៅរបស់យើងដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ជាងឆ្នាំមុនៗ»។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមហ៊ុនមួយនេះបានប្តូរទៅជាក្រុមហ៊ុនសាធារណៈមានកំណត់ ហើយបានប្តូរឈ្មោះស្របច្បាប់ទៅជា «Grand Twins International (Cambodia) Plc»។ លើសពីនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនបានទិញយកក្រុមហ៊ុន QMI Industrial Co., Ltd.ដែលជារោងចក្រកាត់ដេរដ៏សំខាន់មួយ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ ចាប់តាំងពី GTI គឺជាក្រុមហ៊ុនម៉ៅការបន្តផលិតកម្ម និងជាក្រុមហ៊ុនផលិតសម្លៀកបំពាក់សម្រាប់ការនាំចេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤ ក្រុមហ៊ុនមួយនេះ បានឡើងផ្សារហ៊ុន និងចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX)។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។

នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ទិសដៅនាំចេញរបស់ក្រុមហ៊ុនរួមមានបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ៥៨ ភាគរយអាមេរិក ២៦ ភាគរយ អាស៊ី និងប្រទេសផ្សេងទៀត ១៦ ភាគរយ នៃប្រាក់ចំណូលសរុប នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

«នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អឺរ៉ុបក្លាយជាទីផ្សារនាំចេញដ៏សំខាន់របស់យើង។ យើងមានក្រុមថ្នាក់គ្រប់គ្រងឯកទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មកាត់ដេរ ក៏ដូចជាបច្ចេកវិជ្ជាផលិតទំនើបៗ ដើម្បីធានាបាននូវប្រសិទ្ធភាពផលិតកម្ម»។នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន៕LA