ភ្នំពេញៈ ក្រុមហ៊ុន NAGA CORP Ltd ដែលចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ហើយកំពុងគ្រប់គ្រងកាស៊ីណូ ណាហ្គាវើល នៅកម្ពុជាបានប្រកាសពន្យារពេលការបញ្ចប់ការសាងសង់គម្រោង Naga 3 ដែលមានតម្លៃ ៣,៥ ពាន់លានដុល្លាររបស់ខ្លួនពីគម្រោងដើមនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៩ ដោយសារបរិយាកាសម៉ាក្រូសេដ្ឋកិច្ចភូមិសាស្ត្រនយោបាយខាងក្រៅ និងសម្ពាធអតិផរណាពិភពលោកកាន់តែតានតឹង។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃទី ៤ មិថុនា។
កាលពីខែមេសា ឆ្នាំ ២០១៩ ក្រុមហ៊ុន NAGA CORP Ltd បានប្រកាសគម្រោង Naga 3 របស់ខ្លួនដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារនៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។
ក្រុមហ៊ុននេះបានទទួលការយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាលសម្រាប់ការសាងសង់ Naga 3 ជាអគារកម្សាន្តរួមបញ្ចូលគ្នាមានកម្ពស់ ៤២ ជាន់ចំនួន ៤ លើផ្ទៃដី ៧ ៧៥៧ ម៉ែត្រការ៉េ។ ក្រុមហ៊ុននេះបានឱ្យដឹងថា បន្ទាប់មករដ្ឋាភិបាលបានផ្តល់ការយល់ព្រមជាគោលការណ៍មួយទៀត បន្ទាប់ពីក្រុមហ៊ុនបានទិញដីឡូតិ៍បន្ថែមទំហំ ៩ ០៨០ ម៉ែត្រការ៉េ ដែលនៅជាប់ដីអតីតអគារប៊ុលឌិង ដើម្បីសង់ប្លុកអគារចំនួន ៥ ដែលមានកម្ពស់អតិបរមា ៦៦ ជាន់ ដើម្បីដំណើរការជាកន្លែងកម្សាន្ត សណ្ឋាគារ និងអាផាតមិន។
លោកស្រី Lam Yi Lin លេខាធិការក្រុមហ៊ុន Naga Corp Ltd បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៤ ខែមិថុនាថា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានប្រកាសថាដោយសារមើលឃើញពីបរិយាកាសម៉ាក្រូសេដ្ឋកិច្ចភូមិសាស្ត្រនយោបាយខាងក្រៅ និងសម្ពាធអតិផរណាពិភពលោកកាន់តែតានតឹង ក្រុមហ៊ុនកំពុងពិចារណាដោយប្រុងប្រយ័ត្ន និងដោយហ្មត់ចត់នូវជម្រើសនៃការអភិវឌ្ឍ Naga 3 ដែលផ្គូផ្គងការបង្កើតប្រាក់ចំណូលជាមួយការចំណាយលើការវិនិយោគ ហើយជម្រើសទាំងនោះនឹងរួមបញ្ចូលការកែប្រែទំហំគម្រោង (ដូចដែលបានផ្តល់នៅក្រោម DBA) ផងដែរ។
លោកស្រី Lam បានថ្លែងថា៖ «ក្រុមប្រឹក្សាភិបាលសូមប្រកាសថា ទោះបីមានកត្តាខាងក្រៅក៏ដោយក៏ក្រុមហ៊ុនមានទំនុកចិត្តថា ខ្លួនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុទាំងអស់របស់ខ្លួនបាន ពីព្រោះរហូតមកដល់បច្ចុប្បន្នមូលដ្ឋានគ្រឹះ និងទិសដៅរបស់ក្រុមហ៊ុននៅតែមិនផ្លាស់ប្តូរ»។
លោកស្រីលើកឡើងទៀតថា៖ «ដូច្នេះហើយក្រុមហ៊ុន Naga 3 Company Limited និងក្រុមហ៊ុនម៉ៅការបន្តបានចុះកិច្ចព្រមព្រៀងបន្ថែមនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីធ្វើបច្ចុប្បន្នភាពកាលបរិច្ឆេទការបញ្ចប់ DBA តាមកាលបរិច្ឆេទនៅ ឬមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៩ ក្រោមការកែសម្រួលបន្ថែមផ្សេងទៀតដែលអាចមានការព្រមព្រៀងគ្នារវាង Naga 3 Company Limited និងក្រុមហ៊ុនម៉ៅការបន្ត»។
លោកស្រីបន្ថែមថា អាស្រ័យហេតុនេះកាលបរិច្ឆេទបញ្ចប់នៃកិច្ចព្រមព្រៀងក៏ត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិទៅតាមកាលបរិច្ឆេទនៅ ឬមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៩ ដោយអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
ថ្មីៗនេះ Naga Corp បានរាយការណ៍ប្រាក់ចំណូលសរុបនៃការលេងហ្គេមនៅរមណីយដ្ឋានរួមបញ្ចូលគ្នានៅកម្ពុជា គឺចំនួន ១១៧ លានដុល្លារ ក្នុងរយៈពេល ៣ ខែ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ជាមួយនឹងបរិមាណទីផ្សារទូទៅ កើនឡើងដល់ ៨១ ភាគរយនៃកម្រិតមុនកូវីដ ១៩។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បាននិយាយថា ការពន្យារពេលការបញ្ចប់ Naga 3 ដែលទាក់ទងនឹងការងើបឡើងវិញនៃការមកដល់វិស័យទេសចរណ៍ ខណៈស្ថានភាពភូមិសាស្ត្រនយោបាយនៅតែមានសម្ពាធលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោកថ្លែងថា៖ «ទោះបីយើងមានការធូរស្រាលជុំវិញការរីករាលដាលកូវីដ ១៩ ក៏យើងនៅប្រឈមនឹងបញ្ហាជាច្រើនដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជន នោះហើយជាមូលហេតុដែលយើងមើលឃើញលំហូរភ្ញៀវទេសចរមានការស្ទុះងើបឡើងវិញយឺតបំផុត»។
កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១,២៩ លាននាក់ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ កើនឡើង ៧០៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះភ្ញៀវមកពីប្រទេសថៃ មានចំនួន ៣១ ភាគរយ, វៀតណាម ១៦ ភាគរយ និងចិន ១០ ភាគរយ។ ប្រទេសទាំង៣ឈរនៅលំដាប់ឈានមុខគេ ដោយជនជាតិថៃ ចំនួន ៤២៤ ២៤១ នាក់, វៀតណាម ២០៧ ៥២៧ នាក់ និងភ្ញៀវទេសចរចិនចំនួន ១៣២ ៦៦៥ នាក់។ នេះបើតាមក្រសួង ទេសចរណ៍៕