ភ្នំពេញៈ ទោះបីរយៈពេល ១ ឆ្នាំកន្លងមកវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច និងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្មអន្តរជាតិត្រូវធ្លាក់ចុះភាគច្រើន ប៉ុន្តែសម្រាប់ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី គឺនៅតែបន្តសញ្ញាវិជ្ជមាន ដោយក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះសម្រេចបានជិត ៤០០ លានដុល្លារ កើនជាង ១/៤ដងធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ចាប់ពីខែមករា-ខែមេសា ឆ្នាំ ២០២៣ ទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី មានចំនួន ៣៩២,០៦ លានដុល្លារ កើន ២៧ ភាគរយបើធៀបរយៈពេល ៤ ខែដើមឆ្នាំ ២០២២ ដែលមាន ៣០៨,៦៩ លានដុល្លារ ដោយការនាំចេញរបស់កម្ពុជាចំនួន ១៤,១៦ លានដុល្លារ កើនឡើង ៦០,៦ ភាគរយ និងទំនិញនាំពីឥណ្ឌូនេស៊ី ៣៧៧,៩១ លានដុល្លារ កើនឡើង ២៦ ភាគរយ។ បើផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពរហូតដល់ ៣៦៣,៧៥ លានដុល្លារ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីក្នុងខែមេសា ឆ្នាំ ២០២៣ គឺមាន ៨៧,២១ លានដុល្លារ ធ្លាក់ចុះ ៩,០៣ ភាគរយ ធៀបនឹងខែមេសា ឆ្នាំ ២០២២ ដោយកម្ពុជានាំទៅឥណ្ឌូនេស៊ី ១,៩៥ លានដុល្លារ កើនឡើង ៨,០៥ ភាគរយ និងនាំចូល ៨៥,២៦ លានដុល្លារ ធ្លាក់ចុះ ៩,៣៦ ភាគរយ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមិថុនា ថា កំណើនទឹកប្រាក់ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅក្នុងអំឡុងពេលការធ្វើពាណិជ្ជកម្មអន្តរជាតិ ភាគច្រើនធ្លាក់ចុះ គឺបញ្ជាក់ថា ប្រទេសទាំង ២ បានក្លាយជាដៃគូពាណិជ្ជកម្មកាន់តែសំខាន់។ មូលហេតុដែលចំនួនទឹកប្រាក់នាំទំនិញពីឥណ្ឌូនេស៊ីមកកម្ពុជាមានច្រើនលើសលប់ធៀបការនាំចេញរបស់កម្ពុជា គឺដោយសារឥណ្ឌូនេស៊ីជាប្រទេសមានប្រជាជនច្រើន កម្លាំងសេដ្ឋកិច្ចធំ (ឥណ្ឌូនេស៊ី គឺជាសមាជិកប្រទេស G20) និងមានចង្វាក់ផលិតកម្មសម្បូរបែប។ លោកបន្តថា ម្យ៉ាងទៀតក្នុងនាមប្រទេសក្នុងតំបន់តែមួយ បច្ចុប្បន្នក៏មានវិនិយោគិនឥណ្ឌូនេស៊ីកំពុងបណ្តាក់ទុននៅកម្ពុជាដែរ។
លោកបន្ថែមទៀតថា បន្ថែមលើនេះកម្ពុជា និងឥណ្ឌូនេស៊ីក៏មានកិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាផ្នែកសំខាន់ក្នុងការជួយលើកកម្ពស់ការនាំចេញ-នាំចូលទំនិញជាមួយគ្នាផងដែរ។
លោកបញ្ជាក់ថា៖ «ទោះបីពេលនេះជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជាជាមួយនឹងឥណ្ឌូនេស៊ី មានឱនភាពច្រើន ប៉ុន្តែជាជំហានៗខ្ញុំសង្ឃឹមថា ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើង ព្រោះបច្ចុប្បន្នសមត្ថភាពផលិតនៅកម្ពុជាកំពុងកើនឡើងជាលំដាប់ទាំងផ្នែកកសិកម្ម និងឧស្សាហកម្ម»។
បន្ទាប់ពីកាត់ផ្តាច់មួយរយៈដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ជើងហោះហើរត្រង់រវាងភ្នំពេញ និងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Air Asia ចាប់ផ្តើមបើកដំណើរការឡើងវិញកាលពីថ្ងៃទី ១៩ ខែមេសា។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី កាលពីចុងខែមីនា បាននិយាយថា ការតភ្ជាប់ជើងហោះហើរត្រង់នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនច្រើន និងមានសេដ្ឋកិច្ចធំជាងគេទាំង ២០ លើពិភពលោក ដូច្នេះការតភ្ជាប់នេះនឹងអាចជួយឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ី និងភ្ញៀវអន្តរជាតិតាមរយៈប្រទេសឥណ្ឌូនេស៊ីជាច្រើន។ ជើងហោះហើរផ្ទាល់ក៏ជួយធ្វើឱ្យទំនាក់ទំនងផ្នែកនយោបាយ និងពាណិជ្ជកម្មកាន់តែល្អដែរ។
លោកថ្លែងថា៖ «ជើងហោះហើរត្រង់រវាងហ្សាការតាភ្នំពេញ នឹងផ្តល់ភាពវិជ្ជមានច្រើន ខណៈទេសចរឥណ្ឌូនេស៊ី ចូលចិត្តទៅទស្សនាតំបន់ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ចំណែកទេសចរកម្ពុជាចូលចិត្តទៅកម្សាន្តនៅកោះបាលី»។
ចំណែកលោក វណ្ណៈ បានអះអាងថា ជើងហោះហើរត្រង់ គឺមិនត្រឹមតែជួយឱ្យវិស័យទេសចរណ៍ប្រទេសទាំង ២ ទទួលបានកំណើនភ្ញៀវប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យសកម្មភាពការដឹកជញ្ជូនទំនិញប្រទេសទាំង ២ បោះជំហានទៅមុខកាន់តែលឿនដែរ។ លោកបញ្ជាក់ថា៖ «ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី កំពុងក្លាយជាផ្នែកដ៏សំខាន់ក្នុងការជំរុញកិច្ចផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យមានទំហំកាន់តែធំ»។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ឥណ្ឌូនេស៊ី មានទឹកប្រាក់សរុប ៩៤៨,៥៣ លានដុល្លារ កើន ៤៨,៣ ភាគរយបើធៀបឆ្នាំ ២០២១ ដោយការនាំចេញរបស់កម្ពុជាចំនួន ៣៦,៨៤ លានដុល្លារ កើនឡើង ១៥,៩ ភាគរយ និងទំនិញនាំពីឥណ្ឌូនេស៊ី ៩១១,៦៩ លានដុល្លារ កើន ៦០ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕