ភ្នំពេញៈ សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ​(CPSF) និង​សមាគម​លើកកម្ពស់​ម្រេច​កំពត​ (KPPA) បាន​អះអាងថា ការនាំចេញ​ម្រេច​កម្ពុជា​នឹងមិន​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​ប្រទេសជិតខាង​នោះទេ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន ៧​ ត្រូវបាន​អនុ​ញ្ញាត​ឱ្យ​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​ចិន​។​

​ពិធីសារ​នៃ​តម្រូវការ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ម្រេច​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ត្រូវ​ចុះហត្ថលេខា​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា ដោយ​លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ និង​លោក Yu Jianhua ប្រធាន​អគ្គ​រដ្ឋបាល​គយ​ចិន (GACC)​ ក្នុង​ពិធី​មួយ​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​កាលពី​ថ្ងៃទី​​ ១១ ខែឧសភា GACC បានអនុម័ត​ឱ្យ​កម្ពុជា​នាំចេញ​ម្រេច​ទៅ​ទីផ្សារ​របស់ខ្លួន​ដោយផ្ទាល់ និង​បាន​លើក​​ឡើង​ថា មាន​កសិដ្ឋាន​ម្រេច​ចំនួន ២៨ និង​ក្រុមហ៊ុន​វេច​ខ្ចប់ ​៧ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​។ នេះ​បើតាម​ព័ត៌មាន​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ស្ថានទូត​ចិនឱ្យដឹងទៀតថា ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​ពិធីសារ​ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ម្រេច​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ដែល​ចុះហត្ថលេខា​រួមគ្នា​ដោយ​ប្រទេស​ចិន និង​កម្ពុជា​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​រដ្ឋបាល​គយ​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា នៅ​ថ្ងៃទី​ ១០ និង​ទី​ ១១ ខែមេសា បាន​ត្រួតពិនិត្យ​ទីតាំង​រោងចក្រ​ផលិត​ម្រេច និង​រោងចក្រ​វេច​ខ្ចប់​ម្រេច​តាមរយៈ​សន្និសីទ​វីដេអូ​។​

​ស្ថានទូត​បានសរសេរថា​៖ «​ម្រេច​គឺជា​ផលិតផល​កសិកម្ម​ដំបូង​របស់​កម្ពុជា​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​នាំចេញ​ទៅ​ចិន​ក្នុង​ឆ្នាំ​ ២០២៣​ ហើយក៏​ជា​គ្រឿង​ទេស​ដំបូង​គេ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​នាំទៅ​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​»​។​

​លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជាប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៦ ខែមិថុនា​ថា តាមរយៈ​ទីផ្សារ​ទៅ​ប្រទេស​ចិន ម្រេច​កម្ពុជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​វិ​និ​យោ​គិ​ន​។ លោក​ប្រាប់ថា​៖ «​សម្រាប់​ទីផ្សារ​ចិន​គឺជា​រឿង​ល្អ ព្រោះ​យើង​មាន​ទីផ្សារ​បន្ថែម​ដែល​អាច​នាំចេញ​បាន​។ កន្លង​មក​ម្រេច​យើង​នាំចេញ​ក្នុង​រង្វង់ ២ ​ម៉ឺន​តោន​ទៅ​វៀតណាម ​(៨០​ភាគរយ​) ថៃ ជប៉ុន តៃវ៉ាន់ អឺរ៉ុប និង​អាមេរិក​» ។​

​បើ​យោងតាម​លោក ម៉ាក់ នី បច្ចុប្បន្ន​សហព័ន្ធ​ម្រេច​មាន​សមាជិក​ចំនួន ៣៣ ក្នុងនោះ​អ្នក​ផលិត ១៥​ សមាគម​/​សហ​គម​ន៍ ក្រុមហ៊ុននាំចេញ ​១៥ និង​ក្រុម​ហ៊ុន​សេវាកម្ម​ចំនួន ៣​។ ការដាំដុះ​មាន​ ១៨ ​ខេត្ត ខេត្ត​ដែល​ដាំ​ច្រើនជាងគេ​មាន ត្បូងឃ្មុំ មណ្ឌលគិរី និង​រតនគិរី​។​

​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំ​ពត ​(KPPA) លោក ងួន ឡាយ បាន​និយាយថា ចាប់ពីពេលនេះ​តទៅ​ទីផ្សារ​ចិន​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ម្រេច​កម្ពុជា​។ លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ផលិត​​ផល​ភាគច្រើន​នៅក្នុង​សមាគម​របស់ខ្ញុំ (​ផលិតផល GI)​ ត្រូវបាន​នាំចេញ​ប្រ​ហែល​ ៨០ តោន​ទៅ​ទីផ្សារ​អឺរ៉ុប និង​អា​មេ​រិ​ក​។ ដូច្នេះ​យើង​មើលឃើញថា ការ​បើក​ទីផ្សារ​ចិន​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ការដាំដុះ​ម្រេច ដើម្បី​ជំរុញ​ការ​នាំចេញ​»​។​

​នាយក​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​គោលនយោបាយ លោក ចាន់ សុផល បានឱ្យដឹង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ថា ការនាំចេញ​ដោយផ្ទាល់​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​នឹង​បញ្ចប់​ការពឹងផ្អែក​របស់​កម្ពុ​ជា​លើ​ប្រទេស​វៀតណាម ឬ​ប្រទេសជិតខាង​ផ្សេងទៀត​។​

​យោងតាម​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្នុង​រយៈពេល ៣ ខែ​ដើមឆ្នាំ​ ២០២៣ ម្រេច​ចំនួន ៨២២,៦៥​ តោន ​ត្រូវបាន​នាំទៅ​ទីផ្សារ​អន្តរជាតិ ដោយ​នាំទៅ​វៀតណាម ៧៦៥ ​តោន​, អាមេរិក ២៦,១៤​ តោន​, កូរ៉េខាងត្បូង ១៦,២​ តោន​, បារាំង ៩,៥៤​ តោន និង​ប្រទេស​បែលហ្ស៊ិក ២,៣៦ ​តោន​។ ម្រេច​មួយចំនួនទៀត​ត្រូវបាន​នាំទៅ​ជប៉ុន ឥណ្ឌា និង​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក​៕