ភ្នំពេញៈ ទំនិញដែលមានទឹកប្រាក់ជាង ២២៣ លានដុល្លារ ត្រូវបានកម្ពុជានាំទៅប្រទេសសិង្ហបុរី នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ កើនឡើងជិត ៣៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទឹកប្រាក់នៃទំនិញដែលសិង្ហបុរីនាំមកកម្ពុជា ធ្លាក់ជិត ៨០ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តួលេខបានបង្ហាញថា ចាប់ពីខែមករា-ខែមេសា ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅសិង្ហបុរី ក្នុងទឹកប្រាក់ ២២៣,៨៤ លានដុល្លារ កើន ៣៤៥,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៥០,២២ លានដុល្លារ និងទំនិញសិង្ហបុរី នាំមកកម្ពុជា ២៥៦,៩៥ លានដុល្លារ ធ្លាក់ចុះ ៧៧,៧ ភាគរយពីចំនួន ១ ១៥១,៧៦ លានដុល្លារ។ សម្រាប់ជញ្ជីងពាណិជ្ជកម្មទ្វេភាគីរយៈពេលខាងលើគឺកម្ពុជាមានឱនភាព ៣៣,១ លានដុល្លារ។
សម្រាប់ទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២ គឺមានតម្លៃសរុប ៤៨០,៧៩ លានដុល្លារ ធ្លាក់ចុះ ៦០ ភាគរយពីចំនួន ១ ២០១,៩៨ លានដុល្លារ។ សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេទី៦ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែមិថុនាថា កំណើននៃបណ្តាក់ទុនផ្ទាល់នៅកម្ពុជា គឺជាសក្តានុពលដែលជួយឱ្យការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិកើនឡើងជាលំដាប់។ កំណើនការនាំចេញទៅសិង្ហបុរី គឺពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការជួយប៉ះប៉ូវនូវអ្វីដែលកម្ពុជាបាត់បង់ពីការនាំទៅប្រទេសមួយចំនួនដូចជា អាមេរិក កាណាដា និងតំបន់អឺរ៉ុប ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល។
លោកបន្តថា សម្រាប់រយៈពេលកន្លងមកដែលកម្ពុជានាំចូលទំនិញយ៉ាងច្រើនពីសិង្ហបុរីគឺមិនមែនជារឿងចម្លែកនោះទេ ព្រោះគ្រប់គ្នាសុទ្ធតែដឹងហើយថា ប្រទេសសិង្ហបុរីមិនគ្រាន់តែជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងមានកំពង់ផែសមុទ្រឈានមុខគេក្នុងតំបន់ និងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែសិង្ហបុរីក៏ជាប្រទេសមានរោងចក្រឧស្សាហកម្មច្រើនផងដែរ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ គឺកម្ពុជាក៏គួរតែពិភាក្សាជាមួយប្រទេសសិង្ហបុរី ដើម្បីបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រោះក្រៅពីការនាំទំនិញទៅដាក់លក់នៅទីផ្សារសិង្ហបុរី កម្ពុជាក៏មានទំនិញនាំចេញរបស់ខ្លួនមួយចំនួនត្រូវឆ្លងកាត់តាមកំពង់ផែប្រទេសសិង្ហបុរីផងដែរ។
លោកបញ្ជាក់ថា៖ «បើសិនប្រទេសទាំង ២ អាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ខ្ញុំជឿថា នឹងជួយឱ្យការនាំទំនិញពីកម្ពុជាទៅទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិ មានទំហំកាន់តែធំ»។
ទោះយ៉ាងណា លោកក៏បានជំរុញឱ្យកម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មទំនិញរបស់ខ្លួនឱ្យមានបរិមាណកាន់តែច្រើន និងគុណភាពកាន់តែល្អ ដើម្បីអាចឆ្លើយតបបានទៅនឹងគ្រប់តម្រូវការរបស់ប្រទេសនានាលើពិភពលោក។
ក្នុងឆ្នាំ ២០២២ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី មានទឹកប្រាក់សរុប ៣ ៣២២,៩៤ លានដុល្លារ ធ្លាក់ចុះ ៣៦,៣ ភាគរយបើធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទៅសិង្ហបុរី ចំនួន ៩២,៥៧ លានដុល្លារ ធ្លាក់ចុះ ២២,៨ ភាគរយ និងសិង្ហបុរីនាំមកវិញចំនួន ៣ ២៣០,៣៧ លានដុល្លារ ធ្លាក់ចុះ ៣៦,៦ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕