ក្រុមហ៊ុន RMA (Cambodia) Plc (RMAC) ដែលចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មបានរាយការណ៍ពីកំណើនយ៉ាងខ្លាំងនៃប្រតិបត្តិការអាជីវកម្ម នៅក្នុងត្រីមាសទី១ ឆ្នាំនេះ បើទោះបីជាសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមានភាពមិនច្បាស់លាស់ក៏ដោយ។
យោងតាមឯកសាររបស់ក្រុមហ៊ុន ផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី៦ ខែឧសភា នៅត្រីមាសទី១ ឆ្នាំ២០២៣ ក្រុមហ៊ុន RMAC ទទួលបានចំណូលចំនួន ៦៣១,២ពាន់លានរៀល កើនឡើង ៤៦,៩ ភាគរយ បើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន ៦៩,៧ ពាន់លានរៀល កើនឡើង ៤៤.៩ ភាគរយ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។
ទ្រព្យសកម្មសរុបនៅចុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន ៩៥៨,៧ ពាន់លានរៀល កើនឡើង ៧,៨ ភាគរយ ធៀបទៅនឹងទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៨៨៩,៣ ពាន់លានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន ៤៧១,១ ពាន់លានរៀលស្មើនឹង ៤,៤ ភាគរយ ច្រើនជាងបំណុល សរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួន ៤៥១,៤ ពាន់លានរៀល។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាល បានឱ្យដឹងនៅក្នុងឯកសារនេះថា ដោយផ្អែកតាមធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនយ៉ាងរឹងមាំ ៥,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងចុះខ្សោយ គួបផ្សំនឹងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី និងការកើនឡើងថ្លៃអត្រាការប្រាក់ បានធ្វើឱ្យកំណើនសេដ្ឋកិច្ច នៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានភាពទន់ខ្សោយ។
លោកបានឱ្យដឹងថា អតិថិជនមានការលំបាកក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ ដែលបានបន្ថយល្បឿននឹងការស្ទុះងើបឡើងវិញក្រោយជំងឺកូវីដ១៩ នៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ។ ម្យ៉ាងវិញទៀត វិស័យទេសចរណ៍ បានស្ទុះងើបឡើងវិញ ទោះបីជាមិនសំខាន់ដូចការរំពឹងទុកក៏ដោយ។ អាជីវកម្មអចលនវត្ថុបានជាប់គាំងជាមួយនឹងប្រតិបត្តិការយ៉ាងតិចតូចបំផុត ដែលត្រូវបានចរចាក្នុងអំឡុងត្រីមាស។
លោកថ្លែងថា៖ «ទីផ្សាររថយន្តទាំងមូលបានធ្លាក់ចុះ -៩ ភាគរយ ក្នុងអំឡុងត្រីមាស ធៀបនឹងឆ្នាំមុន ទោះបីជាទីផ្សាររថយន្តថ្មី បានកើនឡើង +១២ ភាគរយ ក៏ដោយ។ ក្នុងអំឡុងពេលនេះដែរ ម៉ាករថយន្តចិនថ្មី Changan របស់យើងមានសកម្មភាពយ៉ាងខ្លាំងជាមួយនឹងការចេញលក់ម៉ូដែលថ្មីចំនួន ៤។ យើងមានមោទនភាពក្នុងការសម្រេចបាននូវព្រឹត្តិការណ៍ថ្មីមួយ ដែលទទួលបានសិទ្ធិជួសជុលថែទាំងរថយន្ត Mercedes-Benz នៅកម្ពុជា ដែលចាប់ផ្ដើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៣»។ លោកបន្តថា ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២៣ RMAC បានផ្ដល់នូវការលក់ដ៏រឹងមាំ ដែលមានការកើនឡើងជាង +៤៦ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ ប្រាក់ចំណេញសុទ្ធប្រចាំត្រីមាស បានកើនឡើង +៤៤ ភាគរយ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន RMAC នឹងបន្តអនុវត្តយុទ្ធសាស្ត្រអាជីវកម្មជាក្រុមហ៊ុនផ្គត់ផ្គង់ និងថែទាំឈានមុខគេ ផ្នែកយានយន្ត គ្រឿងបរិក្ខារកសិកម្ម សំណង់ និងគ្រឿងបរិក្ខារជំនួយ ដែលមានស្ដង់ដាលំដាប់ពិភពលោកនៅកម្ពុជា។
លោក Kevin លើកឡើងថា៖ «ក្នុងអំឡុងត្រីមាសនេះ ក្រុមហ៊ុន RMAC បានបន្តបំពេញនូវគោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការបំពេញតម្រូវការអតិថិជនកម្ពុជា យើង តាមរយៈការដាក់សម្ពោធនូវផលិតផលថ្មីៗ គួរឱ្យចាប់អារម្មណ៍ដោយផ្តោតលើបច្ចេកវិទ្យា កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងផ្ដោតសំខាន់លើសុវត្ថិភាព»។
យោងតាមឯកសារមុនបានកត់សម្គាល់ថាទីផ្សាររថយន្តកម្ពុជា នៅឆ្នាំ២០២២ បានកើនឡើង ២៦ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនប្រហែល ៧១ ០០០ គ្រឿង ទាំងថ្មី និងប្រើហើយបានលក់ និងចុះបញ្ជីធៀបនឹង ៥៧ ០០០ គ្រឿង កាលពីឆ្នាំ២០២១។
ឯកសារនេះបន្តថា៖ «ការលក់រថយន្តថ្មីបានកើនឡើងដល់ជាង ២៨ ០០០ គ្រឿង ដែលតំណាងឱ្យការកើនឡើង ៤៣ ភាគរយក្នុងឆ្នាំ២០២១។ ទីផ្សាររថយន្តថ្មីនៅឆ្នាំ២០២២ មានចំនួន ៣៩ ភាគរយ នៃទីផ្សារសរុប កើនឡើងពី ៣៤ ភាគរយ នៅឆ្នាំ២០២១។ ក្នុងអំឡុងឆ្នាំ២០២២ ការលក់រថយន្តថ្មីរបស់ក្រុមហ៊ុន Ford បានកើនឡើង ៣១ ភាគរយ»។
យោងតាមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក្រុមហ៊ុន RMAC តាមរយៈបណ្តាញសាខារបស់ខ្លួនយីហោ «តំណាងផ្តាច់មុខ និងគ្រប់គ្រង» រួមមានក្រុមហ៊ុន «Ford Motor Company,ក្រុមហ៊ុន Jaguar និង Land Rover,ក្រុមហ៊ុន Piaggio,ក្រុមហ៊ុន JCB,ក្រុមហ៊ុន John Deere,ក្រុមហ៊ុន JLG,ក្រុមហ៊ុន Hako,ក្រុមហ៊ុន PowerBoss,ក្រុមហ៊ុន Minuteman,ក្រុមហ៊ុន TCM,ក្រុមហ៊ុន Megger SebaKMT,ក្រុមហ៊ុន AVIS,ក្រុមហ៊ុន The Pizza Company,ក្រុមហ៊ុន Swensen''s,ក្រុមហ៊ុន Dairy Queen,ក្រុមហ៊ុន Krispy Kreme,ក្រុមហ៊ុន Bar B Q Plaza និងក្រុមហ៊ុន The Coffee Club»៕LA