ភ្នំពេញៈ កម្ពុជាប្រកាសស្វាគមន៍ដៃគូវិនិយោគដែលមានសក្តានុពល និងមានភាពច្បាស់លាស់ឱ្យមកវិនិយោគលើការកសាងព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគិរី ខណៈកន្លងមកមានក្រុមហ៊ុនក្រៅប្រទេសមួយចំនួនបានមកជួបពិភាក្សាជាមួយអាជ្ញាធរដែរ ប៉ុន្តែមិនអាចឈានដល់កិច្ចព្រមព្រៀង។ នេះបើតាមថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
កន្លងមករដ្ឋាភិបាលកម្ពុជាធ្លាប់បានសម្រេចជាគោលការណ៍ឱ្យក្រុមហ៊ុន Power China International Group Ltd (PIG) ធ្វើការសិក្សា និងអភិវឌ្ឍសំណើសាងសង់ព្រលានយន្តហោះមួយនេះ។ ទោះជាយ៉ាងណាវត្តមានរបស់ជំងឺកូវីដ ១៩ បានធ្វើឱ្យក្រុមហ៊ុននេះសុំដកខ្លួនវិញ។
តាមគម្រោងព្រលានយន្តហោះនេះនឹងមានទីតាំងក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដោយមានផ្ទៃដីប្រមាណ ៣០០ ហិកតា។ តាមការប៉ាន់ស្មានកន្លងមកគឺគម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណជាង ៨០ លានដុល្លារ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ៦ ខែមិថុនាថា រហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់ស្វែងរកដៃគូឱ្យមកវិនិយោគគម្រោងនេះទេ ខណៈកន្លងមកមានក្រុមហ៊ុនមកពីប្រទេសមួយចំនួនដូចជា ចិន កូរ៉េ និងតំបន់អារ៉ាប់បានមកជួបអាជ្ញាធរកម្ពុជាដែរ។ លោកបន្តថា បច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកំពុងខិតខំទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើគម្រោងនេះ។
លោកបន្ថែមថា បើព្រលាននេះដំណើរការ គឺវាមិនគ្រាន់តែជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិពីប៉ូលសេដ្ឋកិច្ចមួយទៅប៉ូលសេដ្ឋកិច្ចមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងចូលរួមចំណែកក្នុងការដឹកជញ្ជូនទំនិញឱ្យបានកាន់តែលឿនផងដែរ។
លោកថ្លែងថា៖ «រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល កំពុងខិតខំយ៉ាងខ្លាំងក្នុងការស្វែងរកដៃគូមានសក្តានុពល និងមានភាពច្បាស់លាស់មកវិនិយោគលើគម្រោងមួយនេះ»។
កាលពីខែសីហា ឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ ចំពេលមានគំនិតផ្តួចផ្តើមកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣ លាននាក់ជារៀងរាល់ឆ្នាំទៅកាន់តំបន់ថាមពលជីវចម្រុះដ៏ស្រស់នៅភាគឦសាននៅត្រឹមឆ្នាំ ២០៣៥។
ផែនការមេនេះនឹងបំពេញបន្ថែមនូវផែនទីបង្ហាញផ្លូវទេសចរណ៍ជាតិ ៣ ដំណាក់កាលឆ្នាំ ២០២១-២០២៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ដែលត្រូវបានអនុម័តជាផ្លូវការកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ ដើម្បីបង្ហាញទិសសម្រាប់ការងើបឡើងវិញពី ការរីករាលដាលជំងឺកូវីដ ១៩ របស់វិស័យទេសចរណ៍។
ក្នុងលិខិតមួយកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើន ដែលមានសក្តានុពលធំទូលាយសម្រាប់ការអភិវឌ្ឍ និងថាផែនការមេនេះនឹងជួយពន្លឿនកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងផ្នែកផ្សេងទៀតរបស់កម្ពុជា។
លោក ហ៊ុន សែន បានថ្លែងថា៖ «ជាមួយសក្តានុពលទាំងនេះ ហើយស្ថិតក្រោមការគិតគូរដ៏វែងឆ្ងាយ និងទូលំទូលាយរាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីជាត្រីវិស័យមួយ ដើម្បីបង្ហាញពីយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ដោយតភ្ជាប់នឹងចក្ខុវិស័យនៃការផ្លាស់ប្តូរប្រទេសក្នុងអំឡុងឆ្នាំ ២០២១-២០៣៥ និងច្រើនឆ្នាំខាងមុខទៀត»។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសជាង ១,២៩ លាននាក់កើនឡើង ៧០៩,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំនួនខាងលើ គឺភ្ញៀវមកតាមផ្លូវអាកាសមានចំនួនជាង ៤៨ ម៉ឺននាក់ ឬស្មើនឹង ៣៧,៣ ភាគរយ៕