ភ្នំពេញៈ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយទ្វេភាគី ដើម្បីពង្រឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ខណៈភាគីអេមីរ៉ាតបានបង្ហាញអំពីសក្តានុពលរបស់ខ្លួនពីវិស័យថាមពល កសិកម្ម កំពង់ផែ ភ័ស្តុភារកម្ម ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថានី ប៊ីន អាម៉េត អាល់ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងក្រោយជំនួបនោះថា ភាគីអេមីរ៉ាតអារ៉ាប់រួមតាមរយៈលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី បានសម្តែងការរីករាយក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលកិច្ចព្រមព្រៀងនេះនឹងនាំសេដ្ឋកិច្ចនិងប្រជាជននៃប្រទេសទាំង២កាន់តែជិតស្និទ្ធថែមទៀត។
ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍៖«កិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំង២ដោយឡែកសម្តេចតេជោ លើកទឹកចិត្តឱ្យមានការពិចារណាលើការវិនិយោគលើវិស័យកសិកម្ម វិស័យស្រូវអង្ករដែលកម្ពុជាមានស្រូវប្រមាណ ៦លានតោនដែលអាចនាំចេញ។ ក្នុងន័យនេះសម្តេចតេជោ បានស្នើឱ្យមានការពិចារណាបង្កើតម៉ាស៊ីនកិនស្រូវ ឃ្លាំង និងបណ្តាញទិញសម្រាប់ កែច្នៃ ស្រូវ សម្រាប់ការនាំចេញ និងវិស័យស្វាយចន្ទី ដែលកម្ពុជាមានជាង ១លានតោន ហើយស្វាយចន្ទីនេះ ពុំទាន់មានការកែច្នៃសម្រាប់ការនាំចេញនៅឡើយ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក អ៊ាង សុផល្លែត។
ក្នុងពេលនោះដែរ លោក ហ៊ុន សែន បានស្នើឱ្យភាគីអេមីរ៉ាត ពិចារណាជំរុញឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគផង និងជំរុញឱ្យមានការហោះហើរត្រង់ពីអេមីរ៉ាតអារ៉ាប់រួមមកកាន់កម្ពុជាផងដែរ។
មុនពិធីចុះហត្ថលេខានេះ ថ្នាក់ដឹកនាំនៃអេមីរ៉ាតអារ៉ាប់រួម ក៏មានជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ផងដែរ កាលពីថ្ងៃទី៧ ខែមិថុនា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ធុរជន និងវិនិយោគិននៃប្រទេសទាំង២ជាច្រើនរូបផងដែរ។នេះបើតាមក្រសួងពាណិជ្ជកម្ម។
នៅក្នុងជំនួបនេះភាគីទាំង២បានសម្តែងក្តីសោមនស្សរីករាយ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឈានដល់ពិធីចុះហត្ថលេខា។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖«ស្របតាមស្មារតីនេះ ភាគីទាំង២បានឯកភាពជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំង២ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ចនិងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ»។
ជាមួយគ្នានេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភ័ស្តុភារកម្ម និងក្រុមប្រឹក្សាវិនិយោគក៏បានណែនាំខ្លួនជូនដល់កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួនដែលអាចធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិននិងធុរជនកម្ពុជានាពេលខាងមុខ។
ទន្ទឹមនឹងនេះនៅក្នុងជំនួបដាច់ដោយឡែកជាមួយលោកថានី ប៊ីន អាម៉េដ អាល ហ្សេយូឌី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ក៏បានលើកឡើងដែរថា៖«កម្ពុជាមានសក្ដានុពលច្រើនក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម»។
ក្នុងជំនួបនោះភាគីអេមីរ៉ាតអារ៉ាប់រួមក៏បានស្នើសុំការគាំទ្ររបស់កម្ពុជាលើការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨(COP-28)នាចុងឆ្នាំនេះនៅទីក្រុងឌូបៃ។នេះបើតាមក្រសួងបរិស្ថាន។
លោកសាយ សំអាល់ បានជម្រាបជូនភ្ញៀវអំពីវិស័យសក្ដានុពលសំខាន់ៗ មួយចំនួនដែលអាចជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងជាតម្រូវការទីផ្សារបស់អេមីរ៉ាតអារ៉ាប់រួម ជាអាទិ៍ ទឹកឃ្មុំ គ្រាប់ស្វាយចន្ទី ខ្លឹមចន្ទន៍ អង្ករសរីរាង្គ អង្ករសំរូប និងផលិតផលសហគមន៍ផ្សេងៗ។
ជាការឆ្លើយតប លោក ថានី បានលើកឡើងថា នឹងបញ្ជូនក្រុមការងារបច្ចេកទេសដើម្បីមកសិក្សា ពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសការដោះដូរពាណិជ្ជកម្មដោយផ្ទាល់ជាមួយកម្ពុជា។
លោកហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សង្កេតជារួមទំនាក់ទំនងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម មានភាពល្អប្រើសើរ ប៉ុន្តែទំហំពាណិជ្ជកម្មនៃប្រទេសទាំង២នៅមានកម្រិតនៅឡើយនាពេលកន្លងមក។ ទោះជាយ៉ាងណា លោកថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនឹងជួយជំរុញដល់វិស័យពាណិជ្ជកម្មនិងការវិនិយោគផងដែរ។
លោកថា៖«កិច្ចព្រមព្រៀងនេះកាន់តែបង្កើនឱ្យវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមកាន់តែមានភាពល្អប្រសើរ ថែមទាំងជំរុញដល់ប្រព័ន្ធពាណិជ្ជកម្មនៅក្នុងតំបន់អារ៉ាប់មួយចំនួនទៀត អាចមានចំណងទំនាក់ទំនងបន្តទៀត»។
លោកបានបន្ដថា កម្ពុជាមានប្រព័ន្ធទូតមួយដែលមានទីតាំងនៅអេមីរ៉ាតអារ៉ាប់រួម អ៊ីចឹងបើសិនបើយើងចុះកិច្ចព្រមព្រៀងអាចចំណេញប្រមាណ៤ប្រទេសនៅក្នុងតំបន់ប៉ែកអារ៉ាប់។ អ៊ីចឹង កិច្ចព្រមព្រៀងនេះនឹងរួមចំណែកច្រើននៅក្នុងកិច្ចពាណិជ្ជកម្មកាន់តែប្រសើរឡើង។ បន្ថែមពីនេះលោកមើលឃើញចំណុចសំខាន់មួយទៀតទៅលើផ្នែកកសិកម្មរបស់កម្ពុជា។ រីឯខាងអារ៉ាប់មានដីខ្សាច់ ដូច្នេះផ្នែកកសិកម្មមិនសូវខ្លាំងក្លានោះទេ អ៊ីចឹងកម្ពុជាយើងគួរសម្រួលការងារនេះឱ្យបានប្រសើរឡើងព្រោះកម្ពុជាបច្ចុប្បន្នមានផលិតផលជាច្រើនដូចជាគ្រឿងផ្គុំ អេឡិចត្រូនិក កង់ សម្បកកង់រថយន្ត ដែលយើងអាចទាក់ទាញទីផ្សារបន្ថែមក្រៅពីវិស័យកសិកម្ម។
ដោយឡែកក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន វិញ ភាគីអេមីរ៉ាតអារ៉ាប់រួមបានបង្ហាញចំណាប់អារម្មណ៍ចង់ស្វែងយល់ពីវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។នាឱកាសនោះលោក ថោង ខុន បានជម្រាបជូនថា កម្ពុជាមានឱកាសវិនិយោគច្រើន ពិសេសលើវិស័យទេសចរណ៍ ដែលកំពុងត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីរួមចំណែកក្នុងគោលនយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម៕