ភ្នំពេញៈកម្ពុជា-វៀតណាម បានរួមគ្នាបង្កើតវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ ២០២៣ ដើម្បីរួមគ្នាពិភាក្សារិះរកមធ្យោបាយនានា សំដៅជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីទៅវិញទៅមកឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។
វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលមានអ្នកចូលរួមសរុបប្រមាណជាង ២០០នាក់ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងវេទិកានេះ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣ នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអញ្ជើញអ្នកជំនួញ និងអ្នកវិនិយោគកម្ពុជា-វៀតណាម ទាំងផ្នែកឯកជន ទាំងរដ្ឋាភិបាលនៃប្រទេសទាំង២ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីមកពិគ្រោះ ពិភាក្សាគ្នា រិះរកមធ្យោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា តាមរយៈវេទិការនេះ យើងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសទាំង២ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសំដៅជំរុញ និងធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព ខណៈវេទិកានេះ ក៏បានបង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាផងដែរ។
លោកថា៖«ជាពិសេសកិច្ចសម្រួលធុរកិច្ច ការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងការធានា ការថែទាំការវិនិយោគ ដូចមានចែងនៅក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ»។
នាឱកាសនោះដែរ លោក ជា វុទ្ធី ក៏បានបានលើកឡើងពី អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងចូលជាធរមាននាពេលដ៏ខ្លីខាងមុខ ខណៈរូបលោកបានជំរុញលើកទឹកចិត្តឱ្យអ្នកជំនួញ និងអ្នកវិនិយោគទាំងកម្ពុជា ទាំងវៀតណាម រួសរាន់ចាប់យកឱកាសវិនិយោគនៅកម្ពុជាថែមទៀត។
ពាក់ព័ន្ធរឿងនេះដែរ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជា-វៀតណាម បង្កើតវេទិកាពាណិជ្ជកម្មនេះឡើង ដើម្បីពង្រឹងកិច្ចសហការវិនិយោគទ្វេភាគី។
លោកបន្តថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២មានការកើនឡើងគួរឱ្យកត់សម្គាល់ មិនមានការថយចុះគួរឱ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែអ្វីដែលសង្កេតឃើញមួយទៀតនោះ គឺជញ្ជីងអតុល្យភាពនៃពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម។
លោកបន្តដូច្នេះថា៖« កាលណាយើងនិយាយពីតុល្យភាពនៃពាណិជ្ជកម្ម យើងឃើញថា ភាគីវៀតណាម បាននាំចូលទំនិញមកកាន់កម្ពុជាយើងច្រើនជាងកម្ពុជាខ្លាំង អ៊ីចឹង ប្រសិនបើវៀតណាម មានឱកាសនាំចូលមកកាន់កម្ពុជា និងប្រទេសបណ្តាអាស៊ានបានច្រើន គឺវាទាក់ទងនឹងតម្រូវការគេអាចផ្គត់ផ្គង់ និងនាំចេញបានច្រើន ដូច្នេះចាំបាច់ត្រូវឱ្យកម្ពុជាគិតគូរបន្ថែមលើចំណុចនេះ»។
ជាយោបល់របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះចង់ឃើញ ភាគីទាំង២បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ដើម្បីដឹងពីតម្រូវការផលិតផល ឬទំនិញជាក់លាក់ ដែលចាំបាច់ត្រូវការនាំចេញ/នាំចូល ដើម្បីបង្កើនការនាំចេញទំនិញកម្ពុជាទៅកាន់វៀតណាម ពិសេសផ្តល់ឱកាសដល់អ្នកវិនិយោគិនកម្ពុជា អាចមានឱកាសទៅវិនិយោគនៅប្រទេសវៀតណាមបានច្រើន។
តាមរយៈវេទិកានេះដែរ ភាគីពាក់ព័ន្ធ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំដែរថា នឹងរួមចំណែកពង្រីកនូវទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំង២ ឱ្យកាន់តែធំបន្ថែមទៀត ព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាន នាពេលដ៏ខ្លីខាងមុខ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានផ្សាយកាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា រយៈពេល២ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាម សម្រេចបានជាង១ពាន់លានដុល្លារ កើនឡើង១៤,២%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ៤៩១លានដុល្លារ កើនឡើង៣៦,១% និងនាំចូលមកវិញក្នុងតម្លៃជាង៥៩៣លានដុល្លារ កើនឡើង ០,៧%។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចូលពីវៀតណាម រួមមាន ដែកថែប និងសម្ភារសំណង់ ប្រេង បន្លែផ្លែឈើ និងគ្រឿងចក្រកសិកម្ម ចំណែកឯផលិតផលដែលកម្ពុជា នាំចេញទៅវៀតណាម រួមមាន ផលិតផលឈើ ស្វាយចន្ទី និងកៅស៊ូជាដើម៕