ភ្នំពេញៈ Online Business Registration Service ដែលជាស្ថាប័នទទួលបន្ទុកចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីបើកដំណើរការជាផ្លូវការនាពាក់កណ្តាលឆ្នាំ ២០២០ រហូតមកទល់ពេលនេះ មានអាជីវកម្មជិត ២៦ ពាន់បានមកចុះបញ្ជី ដែលមានដើមទុនសរុប ៧,៦២ ពាន់លានដុល្លារ។
បន្ទាប់ពីបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់លើនីតិវិធីចុះបញ្ជីក្រុមហ៊ុនដើម្បីឱ្យកាន់តែងាយស្រួលស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ បានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» ដោយបានដាក់ក្រសួង-ស្ថាប័នចំនួន ៦ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តារាងវឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ នៃអង្គភាព Online Business Registration Service បង្ហាញថា គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ (ម៉ោង ៣ រសៀល) ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ២៥ ៨៧១ ដែលស្មើនឹងដើមទុនសរុប ៧,៦២ ពាន់លានដុល្លារ។
បើយោងតាមតារាងខាងលើ ក្រៅពីក្រុមហ៊ុន/អាជីវកម្មដែលបានចុះបញ្ជីដោយជោគជ័យ ក៏មានក្រុមហ៊ុនដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក (Reservations) ចំនួន ១៥ ១៥៥ និង ២ ត្រូវបានបដិសេធ។ ចំនួនក្រុមហ៊ុន/សហគ្រាសដែលបានចុះបញ្ជី គឺ ៦២ ភាគរយមានម្ចាស់ជាបុរស និង ៣៨ ភាគរយជាស្ត្រី។
Online Business Registration Service ឱ្យដឹងទៀតថា ក្នុងចំណោមទុនវិនិយោគទាំង ៧,៦២ ពាន់លានដុល្លារ គឺក្នុងផ្នែកសាងសង់ មានដើមទុនប្រមាណ ១,០៥៦ ពាន់លានដុល្លារ ស្មើនឹង ១៤ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៨៩២ លានដុល្លារ ស្មើ ១២ ភាគរយ, ផ្នែកអចលនទ្រព្យ (ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានដើមទុន ៧៩២ លានដុល្លារ ឬស្មើ ១០ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៣៧១ លានដុល្លារ ស្មើនឹង ៥ ភាគរយ, ផ្នែកកម្មន្តសាលសម្លៀកបំពាក់ (លើកលែងតែសម្លៀកបំពាក់ធ្វើពីរោមសត្វ) មានទុន ៣៤៨ លានដុល្លារ ស្មើនឹង ៤ ភាគរយ, និងផ្នែកផ្សេងៗទៀត មានដើមទុនប្រមាណ ៤,១៥ ពាន់លានដុល្លារ ស្មើនឹង ៥៥ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែមិថុនាថា ចាប់តាំងពីរដ្ឋាភិបាលដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២០ មក ចំនួនក្រុមហ៊ុន/សហគ្រាសដែលទៅចុះបញ្ជីបានកើនឡើងជាលំដាប់។ ការចុះបញ្ជីអាជីវកម្មមានភាពងាយស្រួល និងចំណាយថវិកាតិច បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើនយកអាជីវកម្មរបស់ខ្លួនទៅចុះបញ្ជី។
លោកបន្តថា នៅពេលដែលគ្រប់អាជីវកម្មត្រូវបានចុះបញ្ជី វាមិនត្រឹមតែជួយឱ្យរដ្ឋាភិបាលងាយគ្រប់គ្រង ឬដាក់ចេញវិធានការជួយគាំទ្រនៅពេលវិស័យណាមានបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យការប្រកួតប្រជែងរបស់ម្ចាស់អាជីវកម្មកាន់តែមានតម្លាភាពផងដែរ។
លោកបានអះអាងថា តាមពិតទៅផ្នែកឯកជនចង់ឱ្យរដ្ឋាភិបាលដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីដែលមានភាពប្រទាក់ក្រឡារវាងក្រសួង-ស្ថាប័នបែបនេះជាយូរមកហើយ ព្រោះវាចំណេញពេលវេលា និងជួយកាត់បន្ថយការិយាធិបតេយ្យបានច្រើន។
លោកបញ្ជាក់ថា៖ «នៅពេលគ្រប់ការចុះបញ្ជីបានគ្របដណ្តប់លើអាជីវកម្មទាំងអស់វានឹងជួយឱ្យរដ្ឋងាយស្រួលរៀបចំគោលនយោបាយគាំទ្រ លើកទឹកចិត្ត ឬកំណត់អត្រាពន្ធ ជាដើម។ ចំណែកផ្នែកឯកជន គឺនឹងជួយឱ្យការប្រកួតប្រជែងធ្វើឱ្យតម្លាភាព តាមរយៈការលុបបំបាត់ចោលការធ្វើអាជីវកម្មក្រៅច្បាប់»។
លោកបានលើកឡើងទៀតថា នៅប្រទេសរីកចម្រើន ការចុះបញ្ជីអាជីវកម្មគឺត្រូវបានធ្វើឡើងស្ទើរគ្រប់ប្រភេទអាជីវកម្មទាំងអស់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីខែមិថុនា ឆ្នាំ ២០២០ ឱ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាផ្នែកមួយនៃការដ្ឋានកែទម្រង់ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល ដោយការបង្កើតប្រព័ន្ធនេះឈរលើគោលការណ៍ចំនួន ៣ រួមមាន ការកាត់បន្ថយនីតិវិធីស្មុគស្មាញ, កាត់បន្ថយចំណាយ, និងកាត់បន្ថយពេលវេលាត្រួតពិនិត្យ។
លោកថ្លែងថា៖ «ខ្ញុំជឿថា ជាមួយនឹងការចូលរួមសហការស្អិតល្មួតពីក្រសួងស្ថាប័នទាំងអស់ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននឹងក្លាយជាចំណុចចាប់ផ្តើមដ៏មានសក្តានុពលលើការផ្តល់សេវាសាធារណៈឌីជីថល និងកាលានុវត្តភាពចំពោះសេដ្ឋកិច្ចជាតិ តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលជាស្នូល»៕