ភ្នំពេញៈ អ្នកនៅក្នុងវិស័យដឹកជញ្ជូន និងអ្នកសេដ្ឋកិច្ច លើកឡើងថា វិស័យដឹកជញ្ជូនកម្ពុជាបានបង្ហាញភាពល្អប្រសើរឡើងជាលំដាប់ពីវិបត្តិដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បន្ទាប់ពីបានដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៧ ខែមិថុនា ក៏បានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ដោយចេញពីភ្នំពេញ ទៅក្រុងបាវិត (ខេត្តស្វាយរៀង) ព្រំដែនប្រទេសវៀតណាម។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែមិថុនា ថា មុនវត្តមានជំងឺកូវីដ ១៩ វិស័យដឹកជញ្ជូននៅគ្រប់ប្រទេសលើពិភពលោក គឺមានភាពល្អប្រសើរខ្លាំង ហើយសកម្មភាព និងតម្លៃនៃការដឹកជញ្ជូនក៏ល្អដែរ។ ទោះយ៉ាងណាវិបត្តិកូវីដ ១៩ បានធ្វើឱ្យវិស័យដឹកជញ្ជូននៅគ្រប់ប្រទេសលើពិភពលោកធ្លាក់ចុះយ៉ាងគំហុក ដោយពេលនោះតម្លៃដឹកជញ្ជូនទៅតំបន់ខ្លះបានកើនលើសមុនដល់ ១០ ដង។ លោកបានបន្តថា សម្រាប់ពេលនេះតម្លៃដឹកជញ្ជូននៅកម្ពុជាបានធ្លាក់មកនៅប្រហែលមុនឆ្នាំ ២០២០ វិញហើយ។
លោកប្រាប់ថា៖ «ទោះពេលនេះនៅគ្រប់ប្រទេសលើពិភពលោកបញ្ចប់ Lock down (ក្តីបារម្ភពីរីករាលដាលជំងឺកូវីដ ១៩) ប៉ុន្តែវិស័យដឹកជញ្ជូនកម្ពុជា ក៏ដូចជាពិភពលោក គឺមិនទាន់ល្អប្រសើរដូចពេលមុនឡើយ ព្រោះជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់»។
ទាក់ទងនឹងការបើកការដ្ឋាន និងការបើកឱ្យប្រើប្រាស់ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិជាបន្តបន្ទាប់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ចាន់ដារ៉ា លើកឡើងថា អ្វីទាំងអស់នេះគឺជាចំណែកសំខាន់ដែលជួយធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាកាន់តែរីកចម្រើន និងជួយកាត់បន្ថយថ្លៃដើមផលិតឱ្យកាន់តែទាប។
លោកបញ្ជាក់ថា៖ «ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋាភិបាលបានដាក់ឱ្យដំណើរការ និងសាងសង់ក្នុងពេលនេះ គឺកំពុងចូលរួមចំណែកទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោក ស៊ិន ចន្ធី បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូននៅប្រទេសកម្ពុជាពេលនេះ គឺអាចនិយាយថាប្រហាក់ប្រហែលមុនពេលមានវត្តមានជំងឺកូវីដ ១៩។ ចំណែកតម្លៃដឹកជញ្ជូនដែលកើនឡើងខ្ពស់អំឡុងឆ្នាំ ២០២០-២០២២ ក៏បានធ្លាក់ចុះមកប្រហែលនឹងពេលមុនដែរ។ លោកបន្តថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់នឹងជួយធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាបោះជំហានទៅមុខកាន់តែលឿន តាមរយៈការកាត់បន្ថយថ្លៃដើម និងពេលវេលា។
លោកថ្លែងថា៖ «តាមរយៈសមិទ្ធផលទាំងនេះ ខ្ញុំមានសុទិដ្ឋនិយមថា វិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជានឹងមានសម្ទុះខ្លាំងពេលសេដ្ឋកិច្ច ពិភពលោកងើបចេញពីវិបត្តិដែលកំពុងកើតមាននាពេលនេះ។ ផ្លូវថ្នល់ កំពង់ផែ និងព្រលានយន្តហោះថ្មីៗ នឹងជួយឱ្យទំនិញផលិតនៅកម្ពុជាកាន់តែច្រើនបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺជាផ្នែកដ៏សំខាន់ដែលត្រូវបានប្រើប្រាស់សម្រាប់ទាក់ទាញអ្នកវិនិយោគឱ្យចូលទៅបណ្តាក់ទុននៅកន្លែងណាមួយ។
នៅពេលប្រទេសមួយមានប្រព័ន្ធដឹកជញ្ជូនសម្បូរបែប និងតម្លៃសមរម្យ វានឹងធ្វើឱ្យថ្លៃដើមផលិតទាប ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែង និងការនាំចេញទៅទីផ្សារអន្តជាតិមានកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «ដោយសារពេលនេះស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ដូច្នេះការដឹកជញ្ជូនទំនិញគឺមិនសូវមានសកម្មភាពខ្លាំងទេ។ ពេលសេដ្ឋកិច្ចពិភពលោកល្អប្រសើរ ហើយកម្ពុជាមានប្រព័ន្ធដឹកជញ្ជូនល្អនោះ សម្ទុះនៃកំណើនសេដ្ឋកិច្ចនឹងហក់ឡើងលឿន»។
រយៈពេល ៤ ខែដើមឆ្នាំ ២០២៣ ពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានទឹកប្រាក់សរុប ១៥ ១៦១,០៤ លានដុល្លារ ធ្លាក់ចុះ ១៤,១ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយការនាំចេញរបស់កម្ពុជា មានចំនួន ៧ ២៣៤,១២ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ និងទំនិញនាំចូល ៧ ៩២៦,៩២ លានដុល្លារ ធ្លាក់ចុះ ២១,១ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕