ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ប្រកាស​អញ្ជើញ​ពាណិជ្ជករ អាជីវករ ម្ចាស់​ក្រុមហ៊ុន​នាំចូល និង​សាធារជន​ទូទៅ​ចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​តាំង​បង្ហាញ​ម៉ូដ​គ្រឿងអលង្ការ និង​សម្ភារ​លម្អ​រាងកាយ​ឥណ្ឌា​លើកទី ១៧ នៅ​ប្រទេស​ឥណ្ឌា ដើម្បី​មាន​ឱកាស​សិក្សា​ស្វែងយល់​បន្ថែម​ពី​សិល្បៈ​ហត្ថកម្ម​ដ៏អស្ចារ្យ​បំផុត និង​សិល្បៈ​ដែល​ធ្វើឡើង​ដោយ​ភាពល្អ​ឥតខ្ចោះ​ជាមួយ​នឹងការ​រចនា​បែប​ទំនើប។

ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ជំរុញ​ការនាំចេញ​វិស័យ​សិប្បកម្ម​ឥណ្ឌា (The Export Promotion Council for Handicrafts-EPCH) ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៦ ដល់ ២៨ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​ហ្គ្រីតធ័រណយ​ដាឥណ្ឌា ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ដែលមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ឥណ្ឌា​ប្រមាណ ២៥០ មកពី​គ្រប់​តំបន់​សម្រាប់​ការតាំង​បង្ហាញ​នេះ។ នេះបើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

ក្រសួង​បញ្ជាក់​ពី​ការតាំង​បង្ហាញ​នេះ​ថា​៖ «​ព្រឹត្តិការណ៍​ពិព័រណ៍​គ្រឿងអលង្ការ​នេះ នឹង​ផ្តល់ឱកាស​ដល់​ពាណិជ្ជករ បាន​ស្វែងយល់​ពី​សិល្បៈ​ហត្ថកម្ម​ដ៏អស្ចារ្យ​បំផុត​របស់​ឥណ្ឌា និង​សិល្បៈ​ដែល​ធ្វើឡើង​ដោយ​ភាពល្អ​ឥតខ្ចោះ​ជាមួយនឹង​ការ​រចនា​បែប​ទំនើប»។​

ក្រសួង​បន្ថែមថា ម៉ូដ​គ្រឿងអលង្ការ​ឥណ្ឌា​ទាំងនេះ ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ពី​កេរដំណែល​ដ៏​សម្បូរបែប​នៃ​ស្នាដៃ​ប្រពៃណី​របស់​ជនជាតិ​ឥណ្ឌា ដែល​បាន​បញ្ចូល​គ្នា​ជាមួយ​ការ​រចនាប័ទ្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត។

គួរ​បញ្ជាក់ថា កម្មវិធី​ពិព័រណ៍​នេះ​នឹង​ផ្តល់ជូន​ពិសេស​សម្រាប់​អ្នកទិញ ដែល​បាន​បំពេញ​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដោយ​ទទួល​បាន​សំបុត្រ​យន្តហោះ​ទៅមក និង​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ដោយ​ឥតគិតថ្លៃ នៅ​ទីក្រុង​ញូវដែលី៕​