លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្តេជ្ញាចិត្ត ក្នុងការជំរុញល្បឿនអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីឱ្យក្លាយជាកំពង់ផែទឹកជ្រៅដែលមានសក្តានុពលមួយរបស់កម្ពុជា។
ការអះអាងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។
លោក លូ គឹមឈន់ មានប្រសាសន៍ថា លោកប្តេជ្ញាចិត្តដោយជាក់លាក់ ក្នុងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំនិងបុគ្គលិក កម្មករកំពង់ផែ ថានឹងជំរុញល្បឿនអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែទឹកជ្រៅដែលមានសក្តានុពលមួយរបស់កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសម្រួលដល់ការធ្វើពាណិជ្ជកម្មសម្រាប់តំបន់មេគង្គនិងពិភពលោកទាំងមូល ស្របតាមស្មារតីជំនួបពិភាក្សារបស់នាយករដ្ឋមន្ត្រីទាំងពីរប្រទេស ជប៉ុន-កម្ពុជា កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅ។
«ចំណតកុងតឺន័រថ្មីដំណាក់កាលទី១ នឹងជំរុញឱ្យការដឹកជញ្ជូនឆ្លងកាត់កំពង់ផែព្រះសីហនុ កាន់តែមមាញឹក មានលក្ខណៈងាយស្រួល និងចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើនថែមទៀត កំពង់ផែតាមរយៈជំនួយពីប្រទេសជប៉ុន និងថវិការដ្ឋផ្ទាល់ផង បាននិងកំពង់បន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ ចំណតកុងតឺន័រ និងទីតាំងសំខាន់ៗមួយចំនួនទៀត»។
បើតាមលោក លូ គឹមឈន់ ក្នុងរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង ១០ ភាគរយ។ ដោយសារមានការកកស្ទះទំនិញនេះហើយ ទើបកំពង់ផែមានគម្រោងអភិវឌ្ឍន៍ និងពង្រីកចំណតកំពង់ផែ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ទើបធ្វើឱ្យមានការយឺតយ៉ាវ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ១២ និងកប៉ាល់ចំនួនចន្លោះពី ១៦ ទៅ ១៨ កប៉ាល់ ដែលតែងតែធ្វើការចេញចូលកំពង់ផែ ជាទៀងទាត់។
លោកបានបន្ថែមថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងសាងសង់ចំណតកុងតឺន័រថ្មី ដំណាក់កាលទី១ តម្លៃគម្រោង ២០៣ លានដុល្លារអាមេរិក ដែលមានប្រវែង ៣៥០ម និងជម្រៅ ១៤.៥ម ដែលត្រូវបានអនុញ្ញាត ៩៣ ភាគរយ នៃនាវាកុងតឺន័រ អ៊ី ដែលមានសមត្ថភាពផ្ទុក 4,000TEUs (60,000DWT) ចូលកំពង់ផែក្រុងព្រះសីហនុ។ ចំណតនេះ អាចនឹងត្រូវដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជា អាចប្រៀបធៀបជាមួយប្រទេសជិតខាង បានដោយសមត្ថភាពរបស់វាអាចឱ្យកុងតឺន័រ 450,000TEUs ក្នុងមួយឆ្នាំ។
ដោយឡែក ការសាងសង់ចំណតកុងតឺន័រថ្មីដំណាក់កាលទី២ ដែលមានប្រវែង 400m និងជម្រៅ 16.5m ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ 10,000TEUs ដើម្បីទទួលកប៉ាល់ទៅកាន់/ពីតំបន់ឥណ្ឌា និងប៉ាស៊ីហ្វិកទាំងមូល នឹងត្រូវដំណើរការនៅឆ្នាំ ២០២៨ ។ សមត្ថភាពរបស់វាគឺអាចផ្ទុកកុងតឺន័រ 570,000TEUs ក្នុងមួយឆ្នាំ។
ចំណែកដំណាក់កាលទី៣ មានប្រវែង ៤៣០ ម និងជម្រៅ ១៧.៥ម មានសមត្ថភាពផ្ទុកកុងតឺន័របាន ១៥ ០០០TEUs នឹងត្រូវបញ្ចប់នៅឆ្នាំ 2029 ដែលនឹងទាក់ទាញខ្សែដឹកជញ្ជូនដោយផ្ទាល់ជាមួយអឺរ៉ុប និងអាមេរិកខាងជើង កាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញមកកម្ពុជា មានសមត្ថភាពរបស់វាគឺ 617,000TEUs ក្នុងមួយឆ្នាំ ដែលអាចនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕