ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានធ្វើការព្យាករថា ក្នុងឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,៦ ភាគរយទោះបីប្រឈមបញ្ហាមួយចំនួនក៏ដោយ។
លោកហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង២ទសវត្សរ៍ មុននឹងមានការវាយលុកពីជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២០។ ក្រោយពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ កម្ពុជា បានកំណត់គោលដៅក្នុងការឈានទៅសម្រេចឱ្យបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកថ្លែងថា៖«សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២២ មានកំណើនត្រឹមតែ៥,២ភាគរយទេ ហើយឆ្នាំនេះ គេព្យាករទុកគឺ៥,៦ភាគរយត្រឹមតែប៉ុណ្ណឹងទេ។ការងើបឡើងវិញនៃវិស័យសេវាកម្មកំពុងមានភាពកាន់តែស្វាហាប់ ភាគច្រើនដោយតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង»។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា កម្ពុជាកាលពីឆ្នាំ១៩៩៧ ទំហំនាំចេញក្នុងវិស័យកាត់ដេរ មានតែជាង ២០០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ វិស័យកាត់ដេរ នាំចេញ ១៣ពាន់លាន ហើយនៅក្នុងឆ្នាំ២០២២ ទំហំនៃការនាំចេញសរុបមានរហូតដល់២៩ពាន់លានដុល្លារ ខណៈដែលទំហំពាណិជ្ជកម្មសរុបជាង៥២ពាន់លានដុល្លារ នោះហើយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច មិនមែនជាបញ្ហាដែលចេះតែមកសន្យានៅក្នុងអំឡុងពេលបោះឆ្នោតនោះទេ។
ធនាគារពិភពលោក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានចេញរបាយការណ៍១ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរបាយការណ៍នោះបានបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសម្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។
របាយការណ៍ដដែលនោះ បង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥,២ភាគរយ។ សម្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរនិងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
របាយការណ៍បានបញ្ជាក់ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះបានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោក ផងដែរ។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥,៥ភាគរយ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងដែរថា ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទិសដៅទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត។
លោកស្រីបញ្ជាក់ថា៖«កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តែរលូនថែមទៀត»៕