ភ្នំពេញៈ កម្ពុជារកចំណូលបាន ៧៣៦,៩០ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ទៅកាន់គោលដៅចំនួន ៤៩ ជុំវិញពិភពលោក ខណៈប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករដ៏សំខាន់តាមពីក្រោយដោយសហភាពអឺរ៉ុប។ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ កម្ពុជា សម្រេចការនាំចេញអង្ករ ២៧៨ ១៨៤ តោន និងស្រូវ ២ ១៤២ ៤៨៣ តោន (ប្រហែល ១,៣៧ លានតោនអង្ករ) និងគិតជាទឹកប្រាក់សរុប ៧៣៦,៩០ លានដុល្លារអាមេរិក។
ទិន្នន័យលម្អិតបង្ហាញថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករ ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ ១៩១,៦៤ លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ ទៅកាន់គោលដៅចំនួន ៤៩ និងស្រូវ ២ ១៤២ ៤៨៣ តោន (ប្រមាណ ១,៣៧ លានតោនអង្ករ) ដែលគិតជាប្រាក់ប្រមាណ ៥៤៥,២៦ លានដុល្លារ។ ក្នុងចំណោមនោះអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៣,៤៩ ភាគរយ, អង្ករស ១០,៨៧ ភាគរយ, អង្ករចំហុយ ៣,៧១ ភាគរយ និងអង្ករសរីរាង្គចំនួន ១,៩៣ ភាគរយត្រូវបាននាំចេញ។
CRF ឱ្យដឹងថា៖ «ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់អង្ករកម្ពុជាដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២,៤៣ ភាគរយដែលមានទឹកប្រាក់ ៧៧,៤២ លានដុល្លារ ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៥ គ្របដណ្តប់ ៣៧,៩៣ ភាគរយដែលគិតជាទឹកប្រាក់ប្រមាណ ៧១,៩៩ លានដុល្លារ និងប្រទេសអាស៊ានចំនួន ៤ ស្មើនឹង ៨,៨៦ ភាគរយ»។
CRF បន្តថា ប្រទេសហ្វីលីពីនជាទីផ្សារថ្មីមួយសម្រាប់កម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២៣ ទើបនាំចេញក្នុងបរិមាណធំលើកទី ១ ចំនួន ២ ៥៧៥ តោន ក្រៅពីនោះទីផ្សារផ្សេងៗចំនួន ២០ គោលដៅស្មើនឹង ១០,៧៨ ភាគរយ។
លោក សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice (Cambodia) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១១ ខែមិថុនា ថា ការនាំចេញរបស់ក្រុមហ៊ុនលោកនៅតែបន្តកើនឡើងទៅប្រទេសសំខាន់ៗរបស់អឺរ៉ុប និងអាមេរិក។
លោកថ្លែងថា៖ «យើងបានកើនឡើងប្រហែល ១០ ភាគរយ។ យើងនាំចេញជាចម្បងទៅអឺរ៉ុប និងអង្ករសរីរាង្គ។ យើងទទួលបានការគាំទ្រច្រើនពីទីផ្សារលក់រាយនៅទីនោះ។ ជាការពិតប្រទេសចិននៅតែជាទីផ្សារធំសម្រាប់អង្ករកម្ពុជា ប៉ុន្តែសម្រាប់ក្រុមហ៊ុនខ្ញុំ គឺនាំចេញជាចម្បងទៅអឺរ៉ុប និងអាមេរិក»។
លោកបញ្ជាក់ថា លោកមានការបារម្ភអំពីការប្រែប្រួលអាកាសធាតុដែលនឹងប៉ះពាល់ដល់ដំណាំនេះ។ លោកប្រាប់ថា៖ «យើងក៏មានការព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ដំណាំ។ វាមិនត្រឹមតែជាកង្វល់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបារម្ភ របស់ពិភពលោកទាំងមូលផងដែរ»។
លោក ឡាយ ឈុនហួរ នាយកប្រតិបត្តិក្រុមហ៊ុន City Rice Import Export Co.,Ltd បាននិយាយ ថា ប្រទេសចិនបានក្លាយជាទីផ្សារសំខាន់សម្រាប់អង្កររបស់កម្ពុជាចាប់តាំងពីប្រទេសនេះបានបើកចំហកូតាសម្រាប់កម្ពុជា។
លោកថ្លែងថា៖ «គិតត្រឹមខែឧសភា យើងបាននាំចេញប្រហែល ៤០ ០០០ តោន ហើយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺយើងបានកើនឡើងបន្តិច។ ខ្ញុំមានសុទិដ្ឋិនិយមថា ចិននៅតែជាទីផ្សារដ៏ធំបំផុតរបស់យើងចាប់តាំងពីយើងនាំចេញនៅទីនោះ។ យើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិនលើគុណភាពអង្កររបស់យើង»។
ទិន្នន័យ CRF បានបង្ហាញ ក្នុងឆ្នាំ ២០២២ កម្ពុជាប្រមូលប្រាក់បានចំនួន ៤១៤,២៩ លានដុល្លារពីការនាំចេញអង្ករ។ ចំនួននេះស្មើ ៣៤,៣៨ ភាគរយនៃទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញស្រូវ-អង្ករ សរុបដែលមានចំនួន ១,២០៥ ពាន់លានដុល្លារ៕