សៀមរាបៈ កសិដ្ឋានដាំបន្លែស្តង់ដានៃប្រទេសជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដាជប៉ុនលើផ្ទៃដី ៧២ ហិកតា ស្រុកអង្គរធំ ខេត្តសៀមរាប តាមបច្ចេកទេសថ្មី ដែលទទួលបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ និងឈានដល់ការនាំចេញម្ទេសស្ដង់ដាទាំងនោះទៅក្រៅប្រទេស។
គម្រោងបើកកសិដ្ឋានដាំម្ទេសស្ដង់ដាជប៉ុននេះត្រូវបានលើកឡើងដោយលោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ ប្រធានកសិដ្ឋានដាំបន្លែស្ដង់ដាជប៉ុន បន្ទាប់ពីលោកបានមើលឃើញអំពីតម្រូវការម្ទេសនៅកម្ពុជា និងនៅក្រៅប្រទេស។
តាមរយៈមន្ទីរព័ត៌មានខេត្តសៀមរាប លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បានឱ្យដឹងថា កសិដ្ឋានដាំម្ទេសស្ដង់ដាជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈដែលបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ រហូតដល់ ៥០០ តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកទេ គឺនាំចេញទៅក្រៅប្រទេសផងដែរ។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលគម្រោងនេះបានដំណើរការ កសិដ្ឋាននេះត្រូវការបុគ្គលិកបង្គោលដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាព និងស្តង់ដានាំចេញ ព្រមទាំងត្រូវការកម្លាំងពលកម្មច្រើននាក់ ក្នុងការប្រមូលផលកសិដ្ឋាននេះ ដែលវាក៏ជាឱកាសជួយបង្កើតការងារឱ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃដែរ»។
លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បានបន្តថា ចំពោះការដាំដំណាំម្ទេសនេះដែរ សម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោកនឹងជួយបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជ និងទទួលទិញផលដំណាំរបស់ប្រជាកសិករទាំងនោះ។
លោកបានឱ្យដឹងទៀតថា កសិដ្ឋានមួយនេះ អាចដំណើរការទៅបានអាស្រ័យលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូន ហើយទៅថ្ងៃអនាគតវានឹងបង្ហាញឱ្យពិភពលោកដឹងថា ផលិតផលដែលផលិតនៅកម្ពុជា គឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិតផលរបស់កម្ពុជាដែលដាំតាមស្ដង់ដាបច្ចេកទេស។
«សម្រាប់ពេលចាប់ផ្ដើមផលិតបាន យើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ាន ដែលចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរសជាតិ»។ នេះបើតាម លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បញ្ជាក់បន្ថែម។
លោកសោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប បានឱ្យដឹងបន្ថែមនៅថ្ងៃទី ១១ ខែមិថុនាថា ការផលិតទ្រង់ទ្រាយធំបែបនេះ ប្រៀបដូចជា ការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញប្រទេសកម្ពុជាដែលអាចផលិតបានផលិតផលដែលមានស្ដង់ដា ហើយនៅពេលនោះនឹងអាចទាក់ទាញនូវភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។
លោកបានបញ្ជាក់ថា៖ «កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយដើម្បីឱ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវជ្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ បើតាមខ្ញុំដឹង ក្រុមហ៊ុននេះ នឹងធ្វើ ១ ជំហានម្ដងៗ កសិដ្ឋាននេះធ្វើលើផ្ទៃដី ៧២ ហិកតា ជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀតដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស ហើយពេលដែលកសិដ្ឋាននេះបានដំណើរការ នឹងមានអ្នកកុម្ម៉ង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត»។
បើតាមប្រធានកសិដ្ឋានដាំបន្លែស្ដង់ដាជប៉ុន កម្ពុជាមានតម្រូវការ ៥០០ តោន ក្នុង ១ ខែ ដោយបរិមាណនេះ លោកបញ្ជាក់ថា គឺត្រូវការផ្ទៃដី ២០០ ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតឱ្យបានដើម្បីឱ្យផលដំណាំនេះមាននិរន្ដរភាព៕