ភ្នំពេញៈ សេចក្ដីព្រាងច្បាប់ស្ដីពី «វិធានដើមកំណើតទំនិញ» ដែលមានចំនួន ៩ ជំពូក និង ៣៥ មាត្រា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង នៅថ្ងទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នេះ នៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដែលមានសំឡេងគាំទ្រ ៩៦ សំឡេង ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីគោលការណ៍និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូល ដើម្បីជំរុញនិងសម្រួលពាណិជ្ជកម្ម ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
លោកបានបញ្ជាក់ថា ៖«សេចក្តីព្រាងច្បាប់នេះ គឺជាការអភិវឌ្ឍបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងស្របតាមគោលការណ៍អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក និងជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម»។
លោកថា រាជរដ្ឋាភិបាលមានជំនឿថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តដែលមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជំរុញនិងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
«មិនត្រឹមតែប៉ុណ្ណោះ វានឹងរក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ, ចូលរួមបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថា ទំនិញនាំចេញពី កម្ពុជាគឺមានដើមកំណើតនៅកម្ពុជា»។ លោក ប៉ាន សូរស័ក្តិ បញ្ជាក់ ដោយលោកបន្តថា ៖ «ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួនក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក»។
លោកបានបន្តទៀតថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាកម្លាំងចលករក្នុងការជំរុញលំហូរ ពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានលើកឡើងដែរថា បន្ទាប់ពីបានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញនេះរួចរាល់ រាជរដ្ឋាភិបាលបានស្នើសុំជំនាញការពីអង្គការពាណិជ្ជកម្មពិភពលោក និងពីអង្គការសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ ដើម្បីជួយពិនិត្យនិងផ្ដល់ធាតុចូល ក្នុងគោលបំណងធានាថា សេចក្ដីព្រាងច្បាប់នេះមានសង្គតិភាពជាមួយកិច្ចព្រមព្រៀងនានារបស់អង្គការពាណិជ្ជកម្មពិភពលោកនិងឧត្តមានុវត្តន៍អន្តរជាតិ។
លោកស្រី បានបញ្ជាក់ថា៖«សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញនេះ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈកិច្ចប្រជុំ ជំនាញបច្ចេកទេសនិងកិច្ចប្រជុំអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ»។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ឱ្យដឹងដែរថា សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញមានសារៈសំខាន់ណាស់ ដោយបង្កើតឡើងដើម្បីជួយឱ្យផលិតកម្មក្នុងស្រុកមានដំណើរការ។
លោកបានប្រាប់ថា៖«កន្លងមកមានអ្នកជំនួញខ្លះ គឺខិលខូច ដោយបាននាំយកទំនិញពីប្រទេសដទៃ ដូចជាប្រទេសជិតខាងកម្ពុជាជាដើម មកប្តូរនៅពេលដែលដឹកជញ្ជូនចេញតាមកប៉ាល់ហើយធ្វើការនាំចេញ ដោយបញ្ជាក់ថា នាំចេញពីកម្ពុជា។ដូចនេះច្បាប់នេះ ជួយឱ្យយើងអាចនាំចេញផលិតក្នុងស្រុកយើង និងបង្កើនផលិតកម្មក្នុងស្រុកថែមទៀត»៕