ភ្នំពេញៈលោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បានជំរុញវិនិយោគិនក្នុងស្រុក និងបរទេសវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ខណៈដែលវិស័យនេះ ស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅឡើយ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី«សក្តានុពលនៃការវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា» ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), SERC និងក្រសួងបរិស្ថាន (MoE) នៅថ្ងៃទី៦ ខែមិថុនា លោក ស៊ូ សុជាតិ បានសង្កត់ធ្ងន់ថា ការផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញ ឃ្លានេះគឺពិតជាមានន័យខ្លាំងណាស់ សម្រាប់សហគមន៍ និងអនាគតរបស់មនុស្សជំនាន់ក្រោយ។ ការបោះផ្សាយលក់ និងការចូលរួមវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់មនុស្សក្នុងការចូលរួមផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញ។
លោកថ្លែងថា៖ «ប្រទសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ចំនួនវិនិយោគិននៅមានកម្រិតតិចនៅឡើយ ដូចនេះខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនសក្តានុពលរបស់យើងចាប់យកឱកាសនេះវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។ សម្រាប់ក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់សញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ក៏នឹងមានឱកាសទទួលបាននូវជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់យើង ដូចជាADBជាដើម»។
លោក KosintrPuongsophol អ្នកឯកទេសផ្នែកហិរញ្ញវត្ថុនៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃ ADB ក៏បានគូសបញ្ជាក់ផងដែរថា អាស៊ី នឹងខាតបង់រហូតដល់២៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ។ ក្នុងឆ្នាំ២១០០ អាស៊ានត្រូវបានគេរំពឹងទុកថានឹងខាតលើសពី ៣២ ភាគរយនៃ GDP ក្រោមសេណារីយោនៃការបំភាយឧស្ម័នខ្ពស់។
លោកលើកឡើងថា៖ «ដូចនេះយើងត្រូវតែកៀរគរមូលនិធិឱ្យបានឆាប់បំផុត ដើម្បីបំពេញចន្លោះនៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញប្បទានអាកាសធាតុ ដែលអាចធ្វើឡើងតាមរយៈយន្តការទាំងនេះ រួមមាន ទីផ្សារមូលបត្រ ដោយការបោះផ្សាយលក់សញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណតាមគម្រោងផ្សេងទៀត។ គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈការផ្តល់ហិរញ្ញប្បទានអាកាសធាតុ។ ការលើកកម្ពស់ការយល់ដឹង និងបំណិនដល់ប្រជាជនក្នុងស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុនិរន្តរភាពដើម្បីសម្រួលដល់ការកៀរគរមូលនិធិ»។
លោក ស៊ុំ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន ក៏បានលើកឡើងផងដែរថា«ដោយកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដូចនេះប្រទេសយើងកាន់តែងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ យើងមិនអាចបង្កើនភាពធន់នឹងអាកាសធាតុដោយគ្មានការវិនិយោគលើការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនោះទេ។
លោកថ្លែងថា៖ «ការគាំទ្រពីអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាចំណែកនៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ អាស្រ័យហេតុនេះ ទើបថ្ងៃនេះយើងពិភាក្សាអំពីហេតុអ្វីបានជាយើងគួរវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។ យើងពិតជាត្រូវការវិនិយោគិនដែលមើលឃើញពីតម្លៃ និងឱកាសនៃការវិនិយោគលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព វិនិយោគិនដែលសម្លឹងឃើញពីទស្សនវិស័យរយៈពេលវែង។ ខ្ញុំពិតជារីករាយដែលមើលឃើញមានក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថានឹងមានក្រុមហ៊ុនកាន់តែច្រើនបោះផ្សាយសញ្ញាបណ្ណនេះនាពេលអនាគត»។
យោងតាមទិន្នន័យបានពី CSX មូលធនប្រមាណ ២២២ ពាន់លានរៀល (៥៥,៥ លានដុល្លារ) ត្រូវបានប្រមូលបានកាលពីឆ្នាំមុនតាមរយៈផ្សារហ៊ុន កើនឡើង ១៣៣ ភាគរយនៅឆ្នាំ២០២១ ដែលក្នុងនោះមូលធនពីសញ្ញាបណ្ណសាជីវកម្មមានចំនួន ៦៣ ភាគរយនិងបណ្ណបំណុលរដ្ឋមានចំនួន ៣២ ភាគរយ។
ក្រុមហ៊ុនសរុបចំនួន ១៨ ចុះបញ្ជីនៅលើ CSX ក្នុងនោះក្រុមហ៊ុនចំនួន ៩ ចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ៩ ផ្សេងទៀត ចុះបញ្ជីសញ្ញាបណ្ណ។ ក្រុមហ៊ុនទាំងនេះ ប្រមូលមូលនិធិសរុបចំនួន ៣១៧ លានដុល្លារ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនៅលើផ្សារហ៊ុននេះ។ នេះបើយោងតាម CSX។
CSX បានដាក់ទិសដៅសម្រាប់ឆ្នាំ២០២៣ ក្នុងការធ្វើឱ្យមានកំណើននៃការចុះបញ្ជីមូលបត្រថ្មីដល់ ១៤ និងតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមដល់ ១ លានដុល្លារ ដែលតម្លៃជួញដូរនេះ នឹងធ្វើឱ្យមានកំណត់ត្រាខ្ពស់បំផុត ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា៕