ភ្នំពេញៈ កម្ពុជាប្រមូលចំណូលបានជិត ៥៦០ លានដុល្លារពីការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ដោយធ្លាក់ចុះជាង ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ទោះយ៉ាងណាបើចំនួនទឹកប្រាក់នាំចេញក្នុងខែឧសភា ធៀបនឹងខែមេសា គឺកើនឡើងជាង ៧ ភាគរយ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិពាណិជ្ជកម្មនាំចេញខែឧសភា បង្ហាញថា ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៣ ការនាំចេញទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៦៤ ដែលរួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ៥៥៨,៥៤ លានដុល្លារ ធ្លាក់ចុះ ២០,៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៧០២,០៦ លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ ស្មើនឹងប្រមាណ ៦,១ ភាគរយការនាំចេញសរុបរបស់កម្ពុជារយៈពេល ៥ ខែ ឆ្នាំ ២០២៣ ដែលមាន ៩ ១៨៣,៤៧ លានដុល្លារ។
ដោយឡែកក្នុងខែឧសភា ឆ្នាំ ២០២៣ ការនាំចេញស្បែកជើងវត្ថុប្រហាក់ប្រហែលមានចំនួន ១២១,៦៣ លានដុល្លារ ធ្លាក់ចុះ ៧,៤ ភាគរយពី ១៣១,៤២ លានដុល្លារធៀបខែឧសភា ឆ្នាំមុន។ ចំណែកទឹកប្រាក់នាំចេញក្នុងខែឧសភា ធៀបខែមេសា ឆ្នាំ ២០២៣ គឺកើនឡើង ៧,៥ ភាគរយពី ១១៣,១៥ លានដុល្លារ។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមិថុនាថា មូលហេតុនៃការធ្លាក់ចុះទឹកប្រាក់នាំចេញស្បែកជើង និងផលិតផលខាងលើ គឺដោយសារតែប្រាក់ចំណូលរបស់ប្រជាជនតាមបណ្តាប្រទេសបញ្ជាទិញពីកម្ពុជាជួបវិបត្តិ។ ការនាំចេញនឹងកើនឡើងវិញនៅពេលកំណើនសេដ្ឋកិច្ចពិភពលោកល្អប្រសើរ ពិសេសវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបិទបញ្ចប់។ លោកបន្ថែមទៀតថា វិស័យវាយនភណ្ឌកំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋខ្មែរ។
លោកបញ្ជាក់ថា៖ «វិបត្តិសកលដែលកើតមានជាបន្តបន្ទាប់បានធ្វើឱ្យមនុស្សកាត់បន្ថយការចំណាយដូចជាស្បែកជើងដែលពីមុនត្រូវការ ៤-៥ គូក្នុង ១ ឆ្នាំ ប៉ុន្តែដោយសារសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ដូច្នេះគេប្រើត្រឹមតែ ២-៣ គូប៉ុណ្ណោះ។ នេះជាមូលហេតុដែលធ្វើឱ្យការនាំចេញរបស់កម្ពុជាធ្លាក់ចុះ»។
លោកលើកឡើងទៀតថា ទោះយ៉ាងណាសម្រាប់សមត្ថភាពផលិតកម្មនៅកម្ពុជាគឺមិនបានធ្លាក់ចុះឡើយ គ្រាន់តែអ្វីៗត្រូវធ្វើតាមតម្រូវការទីផ្សារ។
យោងតាម ឃុនថៃ ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ផលិតនៅកម្ពុជាត្រូវបានគេនាំទៅទីផ្សារសំខាន់ៗដូចជា អាមេរិក, កាណាដា, អឺរ៉ុប, អង់គ្លេស និងប្រទេសក្នុងតំបន់។ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា ផលិតកម្មស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល កំពុងដើរតួនាទីជាផ្នែកសំខាន់ក្នុងការនាំប្រាក់ចំណូលចូលជាតិ និងបង្កើតការងារឱ្យប្រជាជន។ បច្ចុប្បន្នកម្ពុជាទទួលបានការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ក្នុងឧស្សាហកម្មមួយនេះ។
លោកបន្ថែមថា៖ «ដោយសារផលិតផលទាំងអស់ខាងលើភាគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារអន្តរជាតិ ដូច្នេះនៅពេលសេដ្ឋកិច្ចប្រទេសបញ្ជាទិញធ្លាក់ចុះ ចំណូលយើងក៏ធ្លាក់ចុះដែរ»។
ក្នុងឆ្នាំ ២០២២ ការនាំចេញទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៦៤ មានទឹកប្រាក់សរុប ១ ៧៣៧,១១ លានដុល្លារ កើនឡើង ២៤,៨ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមាន ១ ៣៩២,២២ លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើនឹងប្រមាណ ៧,៧ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២២ ៤៨២,៩៤ លានដុល្លារ៕