ភ្នំពេញៈកំពង់ផែស្វយ័តភ្នំពេញ (PPAP) ជាប្រតិបត្តិករកំពង់ផែទន្លេដែលបានចុះបញ្ជីជាសាធារណៈបានរាយ ការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រតិបត្តិការអាជីវកម្មក្នុងរយៈពេល ៥ ខែ ដំបូង ឆ្នាំនេះ ដែលបណ្តាលមកពីភាព មិនច្បាស់លាស់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដែលបង្កឡើងពីការអូសបន្លាយពេលវេលាសង្គ្រាមអ៊ុយក្រែន ប៉ះពាល់ដល់តម្រូវការសកល និងការជំរុញការកើនឡើងអតិផរណា។
នៅក្នុងឯកសារផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៣ ខែមិថុនា សហគ្រាសរដ្ឋមួយនេះបានឱ្យដឹងថា ប្រាក់ចំណូលសរុបរបស់ខ្លួនមានចំនួនជាង ១៤,១៨៨ លានដុល្លារ ក្នុងរយៈពេល ៥ ខែ ដំបូង ធៀបនឹងចំនួន ជាង ១៨,៧២៦ លានដុល្លារ ធ្លាក់ចុះ ២៤ ភាគរយ។ ក្នុងនោះ ប្រាក់ចំណូលបានពីប្រតិបត្តិការកំពង់ផែ មានចំនួនជាង ១០,៦៥៦ លានដុល្លារ ធ្លាក់ចុះ ២០ ភាគរយ ពីជាង ១៣,៣៩៣ ដុល្លារ។
ប្រាក់ចំណូលបានពីអាជ្ញាធរកំពង់ផែមានចំនួនជាង ១,៨៧៩ លានដុល្លារ ដែលកើនឡើង ១០ ភាគរយ ពីចំនួន ជាង ១,៧ លានដុល្លារ។ សេវាកម្មផ្សេងទៀតមានចំនួន ៤៨៤ ៩៦០ ដុល្លារ ដែលបានកើនឡើងយ៉ាងខ្លាំង ២៧៩ភាគរយ និងប្រាក់ចំណូលផ្សេងទៀត ទទួលបានជាង ១,១៦៧ លានដុល្លារ ធ្លាក់ចុះយ៉ាងខ្លាំងចំនួន ៦៧ ភាគរយពីចំនួនជាង ៣,៤៩០ លានដុល្លារ។
អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា (CSX)បានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៤ខែមិថុនា ថាការធ្លាក់ចុះប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែ នេះគឺត្រឹមតែ រយៈពេលខ្លីប៉ុណ្ណោះ ដែលវាមិនមានន័យថា វានឹងរារាំងដល់កំណើនកំពង់ផែនេះទេ។
កញ្ញាថ្លែងថា៖ «ខ្ញុំគិតថា ដោយសារតែការធ្លាក់ចុះអាចជារយៈពេលខ្លី វិនិយោគិនអាចមានទំនោរក្នុងការរក្សា និងបន្តសង្កេតមើលប្រតិបត្តិការរបស់កំពង់ផែនេះ»។ កញ្ញាបន្តថា៖ «ម្យ៉ាងវិញទៀតវានឹងល្អប្រសិនបើ ក្រុមហ៊ុនអាចចែករំលែកដល់វិនិយោគិនសាធារណៈអំពីចក្ខុវិស័យ សកម្មភាព និងការរំពឹងទុករបស់ក្រុមហ៊ុន សម្រាប់ត្រីមាសបន្ទាប់ និងពេលវេលាណាមួយនៅឆ្នាំនេះ»។
យោងតាមឯកសាររបស់កំពង់ផែផ្ញើទៅ CSX នៅថ្ងៃទី១០ ខែមករា បានឱ្យដឹងថា កំពង់ផែនេះបានទទួល នាវាដឹកទំនិញចំនួន៣ ៧៨៣ គ្រឿង នៅកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២២ កើនឡើង ៦៤,៣៤ ភាគរយពីចំនួន ២ ៣០២ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២១។
ទន្ទឹមនឹងនោះ ការដឹកជញ្ជូនប្រេង ឧស្ម័ន និងទំនិញបានកើនឡើង ៥,១៦ ភាគរយ ដល់ ៤,០៤៤ លានតោន ហើយការដឹកជញ្ជូនតាមកុងតឺន័រ កើនឡើង ១៩,៧២ ភាគរយ ដល់ ៤១៧,៦៩៦TEUs (ទំហំឯកតា ២០ ហ្វ៊ីត) ។
TEU គឺជាឯកតានៃសមត្ថភាពដឹកទំនិញ ដែលមិនជាក់លាក់ ដែលប្រើក្នុងឧស្សាហកម្មដឹកជញ្ជូនប្រហែលស្មើនឹងកុងតឺន័រ ដែលមានវិមាត្រខាងក្នុង ដែលមានប្រវែងប្រហែល ២០ ហ្វ៊ីត ទទឹង ៨ ហ្វ៊ីត និងកម្ពស់ ៨,៥ ហ្វ៊ីត ឬបរិមាណប្រហែល ៣៨,៥ ម៉ែត្រគុប។
PPAP ក៏បានកត់សម្គាល់ផងដែរថា នាវាដឹកអ្នកដំណើរចំនួន ១០៩ គ្រឿង ដែលផ្ទុកមនុស្សចំនួន ៦ ៩៤៧ នាក់ បានចូលចតនៅកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២២ កើនឡើងពី ០ ក្នុងឆ្នាំ ២០២១។ កាលពីមុន PPAP បានរាយការណ៍ពីប្រាក់ចំណូលបានពីសកម្មភាពអាជីវកម្មជាង ៣៧ លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំមុន កើនឡើង ២២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើធ្វើការប្រៀបធៀបកាលពីឆ្នាំមុន PPAP បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ១២,៧ លានដុល្លារ កើនឡើង ២៩ ភាគរយធៀបនឹងឆ្នាំ២០២០ និងកុងតឺន័រឆ្លងកាត់មានចំនួន ៣៤៨ ៨៩៨ TEUs កើនឡើងជិត ២០,០ ភាគរយពីចំនួន ២៩០ ៨៥៧ TEUs ក្នុងឆ្នាំ២០២០ ៕