ភ្នំពេញៈគិត​ត្រឹម​ប៉ុន្មាន​ខែ ​ដើមឆ្នាំ​២០២៣​ នេះ រាជធានី​ភ្នំពេញ​មាន​រោងចក្រ​សហគ្រាស ​ចំនួន ​៩៣១៤ ​កន្លែង មាន​កម្មករនិយោជិត​ប្រមាណ​ ៦៦ ​ម៉ឺន​នាក់ ​ដែលមាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រមាណ ​២ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុង ១​ឆ្នាំ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​។​

​លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ​ជាមួយ​បងប្អូន​កម្មករនិយោជិត​ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ​ថា នៅ​រាជ ធានី​​ភ្នំពេញ ​ឆ្នាំ​២០២៣​ មាន​រោងចក្រ​សហគ្រាស​ចំនួន ​៩៣១៤ ​កន្លែង មាន​កម្មករនិយោជិត​ប្រមាណ​ ៦៦​ ម៉ឺន​នាក់ ​ដែលមាន​ប្រាក់​ឈ្នួល​ល​មធ្យម​សរុប​ប្រមាណ ​២​ ពាន់​លាន​ដុល្លារ​អាម៉េរិក ​ក្នុង​មួយឆ្នាំ​ ក្នុងនោះ​រោងចក្រ​សហគ្រាស​វិស័យ​កាត់ដេរ​ចំនួន​ ៧២៧​ មាន​កម្មករនិយោជិត ​សរុប​ប្រមាណ​ ៣៤ ​ម៉ឺន​នាក់​ ដែលមាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រមាណ​ ១,១ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុង ១​ឆ្នាំ ​និង​ជា​តំបន់ ​ដែលមាន​ការអភិវឌ្ឍ​រោងចក្រ​សហគ្រាស​​ច្រើនជាងគេ​។​

​លោក​បាន​ថ្លែងថា ផលិតផល​របស់​រោង​ចក្រ​ទាំងនេះ គឺ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ដូចជា សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេស​ជប៉ុន ។​ល​។​ ​លោក​បាន​ថ្លែងថា​៖«​ប្រទេស​កម្ពុជា​បន្ត​រក្សា​បាន​សន្តិភាព​ស្ថិរភាព​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​សង្គម​និង​សេដ្ឋកិច្ចជាតិ​បន្ត​មានការ​រីក​ចម្រើន​​គួរ​ជាទី​មោទនៈ​។​ សេដ្ឋកិច្ចកម្ពុជា ​បាន​កើន​ឡើងជា​មធ្យម​ក្នុង​អត្រា​ ៧% ជាង ​២​ ទស្សវត្ស​ លើកលែងតែ ​ក្នុងអំឡុង​ដំណាក់កាល​នៃ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។ ​ស្ថានភាព​ទីផ្សារការងា​រ​ នៅ​កម្ពុ​ជា មាន​ភាពរឹងមាំ​ ដោយ​រក្សាបាន​នូវ​អត្រា​មានការ​ងារ​ធ្វើ​ខ្ពស់​ប្រមាណ​ ៩៩,៣% នៃ​កម្លាំង​ពលកម្ម​សរុប​​ចំនួន​ប្រមាណ​ ១០,៨ ​លាន​នាក់​»​។​

​លោក​ កាំ​ង ​ម៉ូ​នី​កា​ អគ្គលេខាធិការរង​ សមាគម​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​ និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) បច្ចុប្បន្ន​ សមាគម​រប​ស់លោក​​ទទួលបាន​សមា​ជិ​ក​សរុប​ចំនួន ​៧១៤ ​រោងចក្ រ​ដែលមាន​កម្មករ​សរុប​ចំនួន ​៦១៧៧១៣​ នាក់ ​នៅ​ទូទាំងប្រទេស​។​ ក្នុងនោះ​ មាន​រោងចក្រ​ចំនួន​៣៣៥ ​ដែលមាន​ទីតាំង​ នៅក្នុង​រាជធានី​ភ្នំពេញ​ មាន​កម្មករ​សរុប​ចំនួន ​២៦៦ ១០១ ខេត្តកណ្តាល ​មាន​ ១៣៨​ រោងចក្ រ​មាន​កម្មករ​ប្រហែល ​១១៧ ០៣៥​ខេត្ត​​កំពង់ស្ពឺ មាន​រោងចក្រ​ ១០៣ ​មាន​កម្មករ​ ៨៧ ៤២៦​នាក់ និង​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។​​

​លោក​បាន​បន្តថា​៖«​ជា​ប្រវត្តិសាស្ត្រ​ មាន​រោងចក្រ​ច្រើន​ទៀត​ ត្រូវបាន​បង្កើតឡើង​កាន់តែ​ជិត​ទីក្រុង​ ដោយសារ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ និង​កាន់តែ​ជិត​ក្រសួង​រដ្ឋាភិបាល ​ដែលមាន​ការអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ចាំបាច់​»​។ លោក​បន្តថា​៖«​នៅពេល ដែល​ខេត្ត​ជាច្រើន កាន់តែ​មានការ​អភិវឌ្ឍ​ជា​មួយនឹង​​ហេដ្ឋារចនាសម្ព័ន្ធ​ កាន់តែ​ប្រសើរ​ ហើយ​ការគ្រប់គ្រង​ប្រទេស ​កាន់តែ​មាន​វិមជ្ឈការ​នៅពេលនេះ ​រោងចក្រ​ថ្មីៗ អាច​កើតឡើង​កាន់តែច្រើន នៅ​ខាងក្រៅ​​ទីក្រុង​ និង​តាម​ខេត្ត​ផ្សេងៗ​»​។​

​បើ​យោងតាម​លោក សំហេង បច្ចុប្បន្ន​ សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ ដែល​បាន​ចុះបញ្ជី​ នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ចំនួន​១៧២៥៦​ សហគ្រាស​ ដែលមាន​កម្មករនិយោជិត​ចំនួន ​១,៥​ លាន​នាក់​។ នៅ​ឆ្នាំ​១៩៩៧ រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ​ មាន​ចំនួន​ត្រឹមតែ ៦៤ ដែលមាន​កម្មករនិយោជិត​ប្រមាណ ៨​ ម៉ឺន​នាក់ ការនាំចេញ​មាន​ចំនួន ២២៧​ លាន​ដុល្លារ​អាមេរិក​។ នៅ​ឆ្នាំ​២០២៣​ នេះ ​រោងចក្រ​វិស័យ​កាត់ដេរ​ បាន​កើន​ដល់​​ចំនួន​ ១៣២៦​ ដែលមាន​កម្មករនិយោជិត​ចំនួន​ប្រមាណ ​៨៤​ ម៉ឺន​នាក់ (​ស្រី​ ៦៦ ​ម៉ឺន​នាក់​) ការនាំចេញ​ មាន​រហូតដល់​ប្រមាណ ​១៣ ​ពាន់​​លាន​ដុល្លារ​អាមេរិក (​ឆ្នាំ​២០២២)​។​

​នៅ​ចុងឆ្នាំ​២០១៩ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ មាន​រោងចក្រ​សហគ្រាស ​ជាមួយ​ចំនួន​ត្រូវបាន​ផ្អាក​កាល​ពេលនោះ រដ្ឋាភិបាល បាន​ខិតខំ​អន្តរាគមន៍​រក​ដំណោះស្រាយ​ ដើម្បី​រក្សា​ការងារ​របស់​កម្មករ​និយោជិត​ តាម​រោងចក្រ សហគ្រាស​ផ្នែក​ផលិតកម្ម ដោយ​ចាត់ទុកថា ជា​ចន្ទល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​កម្មករ​និយោជិត​ ក្នុងដំណាក់កាល​ដ៏​លំបាក បាន​ខិតខំ​បញ្ចៀស​ការបិទ​ខ្ទប់​រោងចក្រ សហគ្រាស​ផ្នែក​ផលិតកម្ម លើកលែងតែ​រយៈពេល​ខ្លី ​ក្នុងអំឡុងពេល​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​បាន​បើក​ផ្តល់​សាច់ប្រាក់​ក្រោម​កម្មវិធី​ជំនួយ​សង្គម​​ជូន​ដល់​កម្មករនិយោជិត​ ដែល​រង​ផលប៉ះពាល់​ ពី​ការបិទ​ខ្ទប់​នេះ​ ផងដែរ​។ ឯ​រោងចក្រ សហគ្រាស​នៅ​តំបន់​ផ្សេងៗ​ទៀត គឺ​នៅ​បន្ត​ដំណើរការ​ជាធម្មតា​៕