ភ្នំពេញៈ ភ្ញៀវបរទេសចំនួនជាង ១,៧ លាននាក់ បានធ្វើដំណើរមកកម្ពុជាក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ កើនជាង ៦០០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយភាគច្រើនជាភ្ញៀវក្នុងតំបន់។ នេះបើតាមក្រសួងទេសចរណ៍។
ស្ថិតិផ្លូវការដែលចេញផ្សាយនៅថ្ងៃទី ១៤ ខែមិថុនា ឱ្យដឹងថា ចន្លោះពីខែមករា-ខែមេសា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ១ ៧២១ ៦៦៨ នាក់ កើនឡើង ៦១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ២៤១ ៤៨៥ នាក់។
ក្នុងចំណោមនោះ គឺជនជាតិថៃចំនួន ៥៧០ ០២១ នាក់ កើន ១ ០៣៣,៧ ភាគរយ (ស្មើ ៣៣,១ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប), វៀតណាមចំនួន ២៨៩ ៦៤៣ នាក់ កើន ២៨៨ ភាគរយ (១៦,៨ ភាគរយ), ចិន ១៨៤ ០០៩ នាក់ កើនឡើង ១ ០៩៤,៦ភាគរយ (១០,៧ ភាគរយ), ឡាវ ៨០ ៥៣៨ នាក់ កើន ១៣ ៥២៧,៤ ភាគរយ (៤,៧ ភាគរយ), អាមេរិក ៦៩ ១២១ នាក់ កើន ៤២០,៦ ភាគរយ (៤ ភាគរយ) ក្រៅពីនោះមានដូចជា កូរ៉េខាងត្បូង, បារាំង, ឥណ្ឌូនេស៊ី, ចក្រភពអង់គ្លេស និងរុស្ស៊ី ជាដើម។
ផ្អែកតាមតួលេខខាងលើ គឺភ្ញៀវមកតាមផ្លូវគោកចំនួន ១ ០៦៥ ៥៦៦ នាក់ កើនឡើង ៨៩៩,៥ ភាគរយ, ផ្លូវអាកាស ៦៣៤ ០២៨ នាក់ កើនឡើង ៣៨០,៨ ភាគរយ និងតាមផ្លូវទឹក ២២ ០៧៤ នាក់ កើន ៦៣៤,១ ភាគរយ។
ដោយឡែកក្នុងខែមេសា ឆ្នាំ ២០២៣ ភ្ញៀវបរទេសដែលមកកម្ពុជាមានចំនួន ៤៣០ ១២៩ នាក់ កើន ៤២៤,៩ ភាគរយធៀបខែមេសា ឆ្នាំ ២០២២ ដែលមាន ៨១ ៩៣៩ នាក់ ដោយជនជាតិថៃ មានច្រើនជាងគេ គឺ ១៤៥ ៧៨០ នាក់។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនាថា មុនវិបត្តិជំងឺកូវីដ ១៩ ប្រទេសកម្ពុជា ទទួលបានកំណើនភ្ញៀវទេសចរបរទេសជាបន្តបន្ទាប់ដែលភាគច្រើនមកពីប្រទេសចិន។ ក្តីបារម្ភពីជំងឺកូវីដ ១៩ បានធ្វើឱ្យវិស័យទេសចរណ៍គ្រប់ប្រទេសធ្លាក់ចុះស្ទើរដល់សូន្យពីឆ្នាំ ២០២០-២០២២។
លោកបន្តថា សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា គឺទោះបីរដ្ឋាភិបាលប្រកាសបើកទូលាយក៏ដោយ ក៏សម្ទុះនៃចំនួនភ្ញៀវចូលមកកម្ពុជាហាក់នៅមានកម្រិតនៅឡើយពេលនេះ។
លោកបញ្ជាក់ថា៖ «ក្នុងដំណាក់កាលកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារមិនទាន់ល្អ គឺការធ្វើដំណើរទេសចរណ៍ភាគច្រើនទៅតែប្រទេសជិតខាង។ នេះជាមូលហេតុដែលភ្ញៀវបរទេស ពិសេសមកពីប្រទេសចិនមានចំនួនតិចតួច»។
ទោះបីយ៉ាងណា លោកលើកឡើងថា គេមិនគួរយកស្ថិតិចំនួនភ្ញៀវបរទេសនៅពេលនេះទៅធៀបនឹងរយៈពេលប៉ុន្មានឆ្នាំដែលគ្រប់ប្រទេសលើពិភពលោករឹតត្បិតលើការធ្វើដំណើរឆ្លងប្រទេស (វិបត្តិកូវីដ ១៩) នោះទេ។
ទាក់ទងនឹងការធ្វើជាម្ចាស់នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម កាលពីពេលថ្មីៗនេះ លោក ស៊ីណាន ប្រាប់ថា នេះជាការផ្សព្វផ្សាយដ៏ល្អ និងមានសក្តានុពលសម្រាប់វិស័យទេសចរណ៍កម្ពុជា ប៉ុន្តែសម្រាប់ផលដែលទទួលបាន គឺអាចនឹងមានរយៈពេលលើសពី ៦ ខែបន្ទាប់ពីនោះ។
លោក ធៀម ធឿង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជាបាននិយាយថា ភាគច្រើននៃភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជាចាប់តាំងពីដើមឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ គឺភាគច្រើនជាភ្ញៀវមកពីប្រទេសជិតខាង ខណៈជនជាតិចិនដែលធ្លាប់មានចំនួនច្រើនជាងគេមុនកូវីដ គឺមានចំនួនតិចតួចនៅឡើយ។
លោកបន្តថា ទោះមិនមានចំនួនច្រើន ប៉ុន្តែការមកដល់របស់ភ្ញៀវទេសចរបរទេស គឺពិតជារួមចំណែកច្រើនក្នុងការធ្វើឱ្យអ្នកក្នុងវិស័យទេសចរណ៍ ពិសេសមគ្គុទេសក៍ទេសចរណ៍ឱ្យមានចំណូលឡើងវិញ។
លោកនិយាយថា៖ «នៅពេលនេះអ្នកដែលមានបណ្តាញច្រើនគេ (មគ្គុទេសក៍ទេសចរណ៍) អាចមានការងារជាមធ្យមប្រហែល ១០ ថ្ងៃដែរ ក្នុង ១ ខែ ប៉ុន្តែអ្នកខ្លះ គឺស្ទើរតែគ្មានសោះ។ សម្រាប់ភ្ញៀវចិនដែលធ្វើដំណើរចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប គឺនៅមានចំនួនតិចនៅឡើយទេ ប៉ុន្តែសម្រាប់ការសាកសួរព័ត៌មានពីវិស័យទេសចរណ៍តាមរយៈមគ្គុទេសក៍ទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ គឺមានជាហូរហែ»។
ឆ្នាំ ២០១៩ គឺជាពេលដែលប្រទេសកម្ពុជា ទទួលបានភ្ញៀវបរទេសច្រើនបំផុត ដោយមានចំនួន ៦ ៦១០ ៥៩២ នាក់ កើនឡើង ៦,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ក្នុងនោះភ្ញៀវមកពីប្រទេសចិន មានច្រើនជាងគេ គឺចំនួន ២ ៣៦១ ៨៤៩ នាក់ ឬស្មើនឹង ៣៥,៧ ភាគរយនៃចំនួនភ្ញៀវបរទេសទាំងអស់។
កាលពីឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណជិត ២,២៨ លាននាក់ កើន ១ ០៥៩ ភាគរយ បើធៀបឆ្នាំ ២០២១។ ភ្ញៀវមកពីប្រទេសថៃ មានច្រើនជាងគេ គឺ ៨៥៣ ៣៧៨ នាក់, វៀតណាម ៤៦៣ ៩៩៥ នាក់ និងចិន ១០៦ ៨៧៥ នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍៕