ភ្នំពេញៈ អាកាសធាតុក្តៅធ្វើឱ្យការប្រមូលផលអំបិលនៅខេត្តកំពត រហូតមកដល់ពេលនេះសម្រេចបានលើសពី ៧៥ ពាន់តោនហើយ ខណៈការប្រមូលផលនៅមិនទាន់ចប់នៅឡើយ ដោយអាចបន្តជាង ១ ខែទៀត បើគ្មានភ្លៀងធ្លាក់បន្ថែម។ នេះបើតាម លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប។
ខេត្តកំពត និងកែប ជាទីតាំងផលិតអំបិលក្នុងប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០២៣ នេះផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ គឺប្រហែលឆ្នាំ ២០២២ ដែលមាន ៤ ៧៤៨ ហិកតា។ ធម្មតារដូវកាលផលិតអំបិល គឺចាប់ពីចុងខែធ្នូ ដល់ពាក់កណ្តាលខែឧសភា នៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅក៏អូសបន្លាយរហូតដល់ដើមខែកក្កដា។ បើសិនអាកាសធាតុអំណោយផលដី ១ ហិកតា គេអាចផលិតអំបិលបានមធ្យម ២០ តោន ក្នុង ១ ឆ្នាំ។
ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប (GI) លោក ប៊ុន ណារិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនាថា ទោះបី ២ សប្តាហ៍កន្លងមកនេះ ក្នុងខេត្តកំពតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឱ្យការប្រមូលផលអំបិលត្រូវអាក់ខាន ប៉ុន្តែមិនមែនមានន័យថា ការផលិតអំបិលឆ្នាំ ២០២៣ ត្រូវបញ្ចប់នោះទេ ព្រោះមានក្រុមផលិតមួយចំនួននៅមិនទាន់បញ្ចេញទឹកសមុទ្រចោលទេ។ មូលហេតុពួកគេធ្វើដូច្នេះ ដោយសារក្រសួងធនធានទឹកព្យាករថា ក្នុងខែ ៧-៨ នឹងមិនសូវមាន ភ្លៀង ដូច្នេះពួកគេរង់ចាំមើលអាកាសធាតុមួយរយៈទៀត។
លោកថ្លែងថា៖ «តាមរយៈកំណើនទិន្នផលអំបិលដែលប្រមូលបាន ព្រមទាំងមានឈ្មោះជាផលិតផល GI ផងនោះ ខ្ញុំគិតថា ទីផ្សារអំបិលកម្ពុជាក្នុងឆ្នាំ ២០២៣ នេះនឹងល្អប្រសើរ ហើយការនាំចេញនឹងមានបរិមាណច្រើន ព្រមទាំងទទួលបានតម្លៃខ្ពស់ផងដែរ»។
ផលិតផលអំបិលកំពត-កែប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៦ ខែមេសា បានដាក់ជាម៉ាកសម្គាល់ភូមិសាស្ត្រ «GI»។
បើតាមលោក ណារិន បច្ចុប្បន្នអំបិលដែលដាក់លក់នៅឃ្លាំង (ទីតាំងផលិត) គឺមានតម្លៃពី ២៥ ០០០-៣០ ០០០ រៀល ក្នុង ១ បាវ ៥០ គីឡូក្រាម។ សម្រាប់ការនាំចេញក្រោមរូបភាពជាផលិតផល GI គឺមិនទាន់បានធ្វើជាផ្លូវការទេ ដោយក្រុមការងាររបស់សមាគមកំពុងរៀបចំបោះពុម្ពសម្បកវេចខ្ចប់។ តម្លៃអំបិលនាំចេញស្ថិតក្រោមស្លាកសញ្ញា GI ត្រូវរំពឹងថា នឹងមានតម្លៃចន្លោះពី ៣៥ ០០០ - ៤០ ០០០ រៀល ក្នុង ១ បាវ។
សម្រាប់ទិន្នផលអំបិលនៅខេត្តកែប ឆ្នាំនេះ លោក ណារិន ប្រាប់ថា បើតាមលោកដឹងការប្រមូលផលបានក្នុងរង្វង់ជិត ២ ០០០ តោនប៉ុណ្ណោះ ដោយបរិមាណនេះបានធ្លាក់ចុះ ២-៣ ឆ្នាំហើយ។ មូលហេតុដែលខេត្តកែបផលិតអំបិលបានតិច គឺដោយសារចំនួនអ្នកផលិតថយចុះ និងអាកាសធាតុមិនសូវអំណោយផល។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានប្រាប់ថា អាកាសធាតុក្តៅ និងមិនសូវមានភ្លៀង បានធ្វើឱ្យការប្រមូលផលអំបិលក្នុងខេត្តកំពត ឆ្នាំ ២០២៣ កើនលើសឆ្នាំ ២០២២ ជាងទ្វេដង ហើយបើគិតមកដល់ពេលនេះ (ថ្ងៃទី ១៤ ខែមិថុនា) ការប្រមូលផលសម្រេចបានជាង ៧,៥ ម៉ឺនតោន។ ទិន្នផលនឹងកើនថែមទៀតបើមិនមានភ្លៀងធ្លាក់។
លោកប្រាប់ថា៖ «ផលអំបិលប្រមូលបានក៏ត្រូវបានបញ្ចេញលក់ទៅតាមទីផ្សារអស់វិញច្រើនហើយដែរ»។
ក្រសួងឧស្សាហកម្មធ្លាប់ឱ្យដឹងថា ក្នុង ១ ឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
កាលពីឆ្នាំ ២០២២ កម្ពុជាបាននាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌា ប្រមាណជិត ២ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកត្តាអាកាសធាតុធ្វើឱ្យទិន្នផលប្រមូលបានក្នុងឆ្នាំ ២០២២ ស្ថិតក្នុងរង្វង់ ៤ ម៉ឺនតោន៕