បន្ទាប់ពីកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការរវាង កម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមាន កាលពីខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ភាគីទាំង ២ បានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញលំហូរទេសចរប្រទេសទាំង២ និងប្រទេសទី៣ ឱ្យកាន់តែច្រើនថែមទៀត។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) នៅកម្ពុជា។
លោក ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាជំនួបខាងលើនោះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានរំឭកពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេស ម៉ាល់ឌីវ កាលពីថ្ងៃទី ១៥-១៧ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ដែលមានការចុះហត្ថលេខាទៅលើឯកសារចំនួន ៦ ក្នុងនោះក៏មានអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ ម៉ាល់ឌីវ ផងដែរ។
លោក ជំនោរ បានបន្តថា៖ «កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការរវាង កម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន/ភ្ញៀវទេសចរកម្ពុជា និង ម៉ាល់ឌីវ អាចធ្វើដំណើរទៅមកប្រទេសទាំង ២ បានដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម ៣០ថ្ងៃ»។
«តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការរវាងកម្ពុជា-ម៉ាល់ឌីវ នេះហើយ ទើបបានជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំង ២ ឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ កម្ពុជា-ម៉ាល់ឌីវ (Working Group) ដើម្បីរួមសហការគ្នាអនុវត្តផែនការសកម្មភាពនានាដែលមានបញ្ជាក់ក្នុងអនុស្សរណៈទ្វេភាគីខាងលើ សំដៅបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍រវាងប្រទេសទាំង ២ រួមគ្នាជំរុញលំហូរទេសចរប្រទេសទាំង២ និងប្រទេសទី ៣ ឱ្យកាន់តែច្រើនថែមទៀត»។
បើតាមលោក ជុក ជំនោរ ការងារសំខាន់ៗចំពោះមុខ ភាគីទាំង ២ បានឯកភាពគ្នារៀបចំកិច្ចប្រជុំក្រុមការងារចម្រុះនៅពេលសមស្របណាមួយ សំដៅធ្វើយ៉ាងណាបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួមគ្នា ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ប្រទេសទាំង២ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម (Influencers)។
លោកបានគូសបញ្ជាក់ដូច្នេះថា៖ «ភាគីទាំង ២ ក៏បានឯកភាពបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នាស្របតាមទស្សនទាន «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញលំហូរទេសចរអន្តរជាតិឱ្យចូលមកទស្សនាប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ។ ការបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមគ្នានេះ គឺជាគំនិតផ្ដួចផ្ដើមថ្មីមួយសម្រាប់ជំរុញចលនាទេសចរអន្តរជាតិ និងទាក់ទាញឱ្យមានការស្នាក់នៅយូរ ឧទាហរណ៍ ភ្ញៀវទេសចរអាចស្នាក់នៅ/ទស្សនាកម្សាន្តនៅកម្ពុជា ៣ថ្ងៃ និង ៣ថ្ងៃទៀតនៅ ម៉ាល់ឌីវ»។
ជាមួយគ្នានោះដែរ កម្ពុជា និងម៉ាល់ឌីវ ក៏បានបន្តឯកភាពគ្នាជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍តភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ខណៈបច្ចុប្បន្នភ្ញៀវទេសចរដែលចង់ទៅមកប្រទេសទាំងពីរអាចផ្លាស់ជើងហោះហើរនៅសិង្ហបុរី ឬម៉ាឡេស៊ី។ ប៉ុន្តែយ៉ាងណាក៏មិនធ្វើឱ្យភ្ញៀវទេសចរ ឬអ្នកដំណើររង់ចាំយូរនោះដែរ ពោលគឺមិនមានបញ្ហាស្មុគស្មាញឡើយ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា នៅកម្ពុជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ ២០២៣ ឆាប់ៗខាងមុខ ហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥នេះហើយដែរ ដូច្នេះភាគីទាំងពីរនឹងអាចតភ្ជាប់ជើងហោះហើរត្រង់ទៅមកបានយ៉ាងងាយស្រួល។
រដ្ឋមន្ត្រីទេសចរណ៍ ម៉ាល់ឌីវ លោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) ក៏បានអញ្ជើញលោក ថោង ខុន ធ្វើទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវ នៅចុងខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីស្វែងយល់ពីសក្ដានុពលវិស័យទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។
លោក អ័បឌុលឡា បានបញ្ជាក់ថា៖ «នៅម៉ាល់ឌីវ ចាប់ពីចុងខែកក្កដា ដល់ខែសីហា ឆ្នាំ ២០២៣ មានការរៀបចំព្រឹត្តិការណ៍វប្បធម៌ ម៉ាល់ឌីវ (Maldiv Cultural Festival) ដែលជាឱកាសដ៏ល្អមួយសម្រាប់ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ថោង ខុន និងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវនោះ»។
រដ្ឋមន្ត្រីទេសចរណ៍ ម៉ាល់ឌីវ បានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍនៅប្រទេសកម្ពុជា ព្រមទាំងមើលឃើញពីសក្ដានុពលសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលអាចភ្ជាប់គោលទេសចរណ៍រួមគ្នា ដោយកម្ពុជាមានសក្ដានុពលទេសចរណ៍ផ្នែកវប្បធម៌ ធម្មជាតិ សមុទ្រជាដើម ហើយ ម៉ាល់ឌីវ មានសក្ដានុពលទេសចរណ៍ផ្នែកសមុទ្រ ឆ្នេរ កោះជាដើម៕