ភ្នំពេញៈ ការនាំទំនិញទៅវិញ-ទៅមករវាងប្រទេសកម្ពុជា និងកាណាដា រយៈពេល ៥ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ៣៣២ លានដុល្លារ ធ្លាក់ចុះជិត ៣០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងខែឧសភា មានទឹកប្រាក់ជាង ៨០ លានដុល្លារ កើនជាង ៣៨ ភាគរយបើធៀបនឹងខែមេសា ឆ្នាំ ២០២៣។
អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៣៣២,១៨ លានដុល្លារ ថយចុះ ២៨,១ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៤៦១,៨ លានដុល្លារ ដោយកម្ពុជានាំទៅកាណាដា ៣២៤,០៩ លានដុល្លារធ្លាក់ចុះ ២៨,២ ភាគរយ ចំណែកកាណាដានាំមកកម្ពុជា ៨,១ លានដុល្លារ ធ្លាក់ចុះ ២០ ភាគរយ។ សម្រាប់ជញ្ជីងពាណិជ្ជកម្មអន្តរជាតិ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៣១៥,៩៩ លានដុល្លារ។
ដោយឡែកសម្រាប់ខែឧសភា ពាណិជ្ជកម្មប្រទេសទាំង ២ មានទឹកប្រាក់សរុប ៨០,៩៦ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ ៧៨,៦៦ លានដុល្លារ និងនាំចូល ២,៣ លានដុល្លារ។ បើធៀបខែមេសា ឆ្នាំ ២០២៣ ដដែល គឺកើនឡើង ៣៨,៣៨ ភាគរយពីចំនួន ៥៨,៥ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ ខែមិថុនាថា កាណាដាដែលជាប្រទេសធំ និងមានសេដ្ឋកិច្ចរីកចម្រើន គឺជាទីផ្សារដ៏សំខាន់ដែលតែងបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជា ជាពិសេស មុនពេលមានវត្តមានកូវីដ ១៩។ វិបត្តិសេដ្ឋកិច្ចសកលដែលកើតឡើងជាបន្តបន្ទាប់ តាំងពីចុងឆ្នាំ ២០១៩ មកដល់ពេលនេះបានធ្វើឱ្យប្រាក់ចំណូលក្នុងគ្រួសារភាគច្រើនធ្លាក់ចុះ ហេតុនេះការចំណាយក្រៅពីម្ហូបអាហារ គឺត្រូវរឹតត្បិត។
លោកបន្តថា នៅពេលសេដ្ឋកិច្ចសកលល្អ ការចំណាយប្រចាំថ្ងៃនឹងកើនឡើងដូច្នេះការចំណាយលើសម្ភារសម្រាប់ដំណើរទេសចរណ៍ក៏មានចំនួនច្រើនដែរ។
លោកលើកឡើងថា៖ «វិបត្តិសេដ្ឋកិច្ចសកលបានធ្វើឱ្យការបញ្ជាទិញទំនិញពីកម្ពុជា (ភាគច្រើនផលិតផលវាយនភណ្ឌ) ទៅប្រទេសកាណាដាធ្លាក់ចុះច្រើន។ ភាគច្រើននៃចំនួនទឹកប្រាក់ពាណិជ្ជកម្មប្រទេសទាំង ២ គឺកើតចេញពីការបញ្ជាទិញរបស់កាដាណា ដូច្នេះកំណើននេះនឹងអាចកើនឡើងវិញលុះត្រាតែស្ថានភាពសេដ្ឋកិច្ចពិភពលោកល្អប្រសើរ ហើយវិស័យទេសចរណ៍ងើបឡើងវិញ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ពាណិជ្ជកម្មអន្តរជាតិតែងផ្សារភ្ជាប់ព្រឹត្តិការណ៍អន្តរជាតិ គឺបើមានបញ្ហាអ្វីមួយកើតឡើង ការធ្វើពាណិជ្ជកម្មក៏ជួបបញ្ហាដែរ។ ការធ្លាក់ចុះទំហំពាណិជ្ជកម្មជាមួយកាណាដា គឺដោយសារវិបត្តិសង្គ្រាមរវាងប្រទេសអ៊ុយក្រែន-រុស្ស៊ី។ នៅពេលជម្លោះប្រដាប់អាវុធនេះបញ្ចប់ សម្ទុះនៃការធ្វើពាណិជ្ជកម្មអន្តរជាតិប្រាកដជានឹងកើនឡើង ហើយការនាំចេញរបស់កម្ពុជាទៅទីផ្សារគោលដៅសំខាន់ៗ រួមទាំងប្រទេសកាណាដា នឹងមានសម្ទុះឡើងវិញ។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿថា ពាណិជ្ជកម្មអន្តរជាតិកម្ពុជាកាណាដា នឹងមានសញ្ញាវិជ្ជមានឡើងវិញជាបន្តបន្ទាប់ចាប់ពីត្រីមាសទី ២ នេះតទៅ»។
លោកលើកឡើងទៀតថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅកាដាណា (ទីក្រុងតូរ៉ុនតូ) ក៏កំពុងធ្វើកិច្ចការជាច្រើនដើម្បីស្វែងរកទីផ្សារ និងវិនិយោគិនកាណាដាឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជា។
យោងតាមលោក លឹម ហេង ទំនិញសក្តានុពលដែលកម្ពុជានាំចេញទៅប្រទេសកាណាដា មានដូចជា ផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី កង់ ជាដើម។ ចំណែកទំនិញកាណាដា នាំមកកម្ពុជា រួមមានរថយន្ត គ្រឿងអេឡិចត្រូនិក។
តារាងស្ថានភាពការវិនិយោគផ្ទាល់បរទេសនៅកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា គិតត្រឹមចុងឆ្នាំ ២០២១ កាណាដា ស្ថិតនៅលេខរៀងទី ៩ ជាប្រទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេ ដោយមានប្រាក់ ១,១ ពាន់លានដុល្លារ (ស្មើនឹង ២,៨ ភាគរយ) ក្នុងចំណោមទុនវិនិយោគសរុប ៤១ ពាន់លានដុល្លារ តាមពីក្រោយចិន, កូរ៉េ សិង្ហបុរី វៀតណាម ជប៉ុន ម៉ាឡេស៊ី ថៃ និងអង់គ្លេស។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានតម្លៃសរុប ១ ១៥៤,៤៧ លានដុល្លារ កើនឡើង ១៦,១ ភាគរយធៀបឆ្នាំ ២០២១ ដែលមានចំនួន ៩៩៤,៧២ លានដុល្លារ ដោយក្នុងនោះកម្ពុជានាំទៅកាណាដា ១ ១២០,៥៩ លានដុល្លារ កើនឡើង ១៧,៤ ភាគរយចំណែកទំនិញកាណាដា នាំមកកម្ពុជា មានចំនួន ៣៣,៨៨ លានដុល្លារ ធ្លាក់ចុះ ១៥,១ ភាគរយ៕