​ភ្នំពេញៈ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស​ថៃ​ក្នុង​ទឹកប្រាក់​ជាង ៤៨០​ លាន​ដុល្លារ​នា​រយៈពេល ៥​ ខែ​ដើមឆ្នាំ​ ២០២៣ កើនឡើង​ជិត​ ១០​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ មាន​ចំនួន​ជាង ១,៧​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​កម្ម​ទំនិញ​នាំចេញ​-​នាំចូល ឱ្យដឹងថា ពី​ខែមករា​-​ខែឧសភា ឆ្នាំ​ ២០២៣ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ មាន​ទឹកប្រាក់ ៤៨០,២៤​ លាន​ដុល្លារ កើន​ឡើង ៩,៤៦​ ភាគរយ ចំណែក​ទំនិញ​ដែល​ថៃ​នាំមក​កម្ពុជា​វិញ​មាន ១ ២២៤,៧៨​ លាន​ដុល្លារ ធ្លាក់ចុះ ១៤,៤ ​ភាគរយ​។​

​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​គឺមាន​ទឹកប្រាក់ ១ ៧០៥,០២​ លាន​ដុល្លារ ថយចុះ ៨,៨​ ភាគ​រយ​ពី​ចំនួន ១ ៨៦៩,១៥​ លាន​ដុល្លារ​។ យោងតាម​ទិន្នន័យ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព ៧៤៤,៥៥​ លាន​ដុ​ល្លារ ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ គឺមាន​រហូតដល់ ៩៩១,៧៤​ លាន​ដុល្លារ​។ ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី ​៤ របស់​កម្ពុជា ដែល​តាម​ពីក្រោយ​ប្រទេស​ចិន អាមេរិក និង​វៀតណាម​។​

​សម្រាប់​ខែឧសភា ឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ចំនួន ៣៥២,៦១​ លាន​ដុ​ល្លារ ថយចុះ ៥,៤២ ​ភាគរយ​បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ ២០២២ ដោយ​កម្ពុជា​នាំចេញ ៨៦,៧៧ ​លាន​ដុល្លារ កើនឡើង ៥២,១​ ភាគរយ និង​ទំនិញ​នាំ​ពី​ថៃ ២៦៥,៨៣​ លាន​ដុល្លារ ថយចុះ ១៥,៨ ​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ចំនួន​ទឹកប្រាក់​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ថៃ ភាគច្រើន​បានមកពី​ផលិតផល​​កសិកម្ម និង​គ្រឿង​បង្គុំ​អេ​ឡិច​​ត្រូ​និក​អគ្គិសនី​ដែល​ផលិត​នៅ​តំបន់​សេដ្ឋកិច្ច​នៅតាម​ព្រំដែន​។ កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​បង្ហា​ញ​ថា សមត្ថភាព​នៃ​ផលិតកម្ម​កម្ពុជា​កំពុង​កើនឡើង ខណៈ​ចំនួន​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​គឺមាន​កាន់​​តែ​ច្រើន និង​មាន​លក្ខណៈ​ចម្រុះ​ស្ទើរ​គ្រប់​វិស័យ​។ លោក​បន្តទៀតថា ការកើនឡើង​ប្រាក់​​ចំណូល​ពី​ការនាំចេញ​នេះ គឺ​មិន​ត្រឹមតែ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ផងដែរ​។​

​លោក​លើកឡើងថា​៖ «​ការកែ​សម្រួល​លក្ខខណ្ឌ និង​ច្បាប់​វិ​និ​​យោ​គជា​បន្តបន្ទាប់​បាន​ជួយ​ឱ្យ​សមត្ថភាព​ផលិតកម្ម និង​គុណ​​ភាព​ទំនិញ​កម្ពុជា​កាន់តែ​ល្អ​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លោក ហុង​ វណ្ណៈ បាន​ប្រាប់ថា ទោះបី​ការ​នាំចេញ​របស់​កម្ពុជា​កើនឡើង ប៉ុន្តែ​បើ​ពិនិត្យ​ទៅលើ​ចំនួន​ទឹក​ប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ គឺ​នៅ​ឃ្លាត​គ្នា​ឆ្ងាយ​។

​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ប្រភេទ​មុខទំនិញ និង​គុណភាព​ផលិតផល​របស់ខ្លួន​ឱ្យ​ប្រសើរ​បន្ថែមទៀត​។​

​លោក​និយាយថា​៖ «​ដើម្បីឱ្យ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​មាន​ឧត្តមភាព កម្ពុជា​ត្រូវ​ខំ​ពង្រឹង​ខ្លួន​ឱ្យ​កាន់តែខ្លាំង តាមរយៈ​ការ​ទាក់ទាញ​ការវិនិយោគ​បន្ថែម បន្ទាប​ថ្លៃដើម​ផលិត និង​ពង្រឹងសមត្ថភាព​កម្លាំង​ពលកម្ម​»​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ក្នុង​ឆ្នាំ ​២០២២ មានតម្លៃ​សរុប ៤ ៦៦៤,២៧ ​លាន​ដុល្លារ កើន​ឡើង ១៤,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ក្នុងនោះ​កម្ពុជា​នាំ​ចេញ ៨៣១,៧៧ ​លាន​ដុល្លារ កើន ៣៤,១​ ភាគរយ និង​ថៃ នាំមក​វិញ ៣ ៨៣២,៥​ លាន​ដុ​​ល្លារ កើន ១០,៧ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​គយ​៕