ភ្នំពេញៈ ផ្នែកឯកជនរំពឹងថាការវិនិយោគលើការដាំដុះ និងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នឹងអាចកើនឡើងពី ៥ ភាគរយនាពេលបច្ចុប្បន្នទៅ ៣០ ភាគរយត្រឹមឆ្នាំ ២០២៧ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧»។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧» ដែលគោលនយោបាយនេះមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់សម្រាប់បម្រើទីផ្សារក្នុងស្រុក និងពិភពលោក។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែមិថុនាថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺពិតជាសំខាន់ណាស់ក្នុងការលើកទឹកចិត្តប្រជាកសិករ និងអ្នកវិនិយោគឱ្យខិតខំពង្រឹងគុណភាព ពង្រីកការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យកាន់តែល្អ ដើម្បីជំរុញការនាំចេញផលិតផលសម្រេចដែលមានគុណភាពទៅទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖ «កន្លងមកដោយសារមិនសូវមានទីផ្សារក្នុងស្រុក គឺទិន្នផលគ្រាប់ស្វាយចន្ទីឆៅ (មិនទាន់កែច្នៃ) ជាង ៩០ ភាគរយត្រូវបានឈ្មួញនាំយកទៅលក់ឱ្យប្រទេសជិតខាងដើម្បីកែច្នៃជាផលិតផលសម្រេច។ ការនាំចេញគ្រាប់មិនទាន់កែច្នៃ ធ្វើឱ្យកម្ពុជាខាតចំណូលសេដ្ឋកិច្ចជាច្រើនលានដុល្លារក្នុង ១ ឆ្នាំៗ។ ខ្ញុំជឿថា គោលនយោបាយជាតិស្វាយចន្ទី នឹងជួយឱ្យសមត្ថភាពកែច្នៃក្នុងស្រុកកើនពី ៥ ភាគរយនៅពេលនេះ ឡើងដល់ ៣០ភាគរយនៅត្រឹមឆ្នាំ ២០២៧»។
ទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ៦០ ម៉ឺនតោន, ឆ្នាំ ២០២០ ចំនួន ៩៥ ម៉ឺនតោន, ឆ្នាំ២០២១ ចំនួន ១,១ លានតោន (២៤ភាគរយនៃការនាំចេញសរុបលើពិភពលោក) និងឆ្នាំ ២០២២ ចំនួន ៦៧ ម៉ឺនតោន។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅ មានតម្លៃក្នុងរង្វង់ ១ ៥០០ ដុល្លារក្នុង ១ តោន ចំណែកគ្រាប់ស្វាយចន្ទីកែច្នៃរួចមានតម្លៃប្រហែល ៨ ០០០ ដុល្លារ។
លោកអះអាងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតម្លៃគ្រាប់ស្វាយចន្ទីឆៅធ្លាក់ចុះជាបន្តបន្ទាប់ វាបានបណ្តាលឱ្យចម្ការស្វាយចន្ទីប្រហែល ១០ ម៉ឺនហិកតាត្រូវបានកសិករកាប់ចោលយកដីដាំដំណាំផ្សេងៗ។
ទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា ឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានដីចម្ការស្វាយចន្ទី ប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះប្រហែល ៧ ម៉ឺនហិកតាប្រឈមនឹងការបាត់បង់ដោយសារតែកសិករឈូសចោលទៅដាំដំឡូងមី ឬដំណាំផ្សេងជំនួសវិញ។ ជាធម្មតាដើមស្វាយចន្ទីអាចផ្តល់ផលបន្ទាប់ពីដាំបាន ៥-៦ ឆ្នាំ (លើកលែងពូជ M១០ និង M ២៣ ឱ្យផលចាប់ពីអាយុ ២ ឆ្នាំ) និងឱ្យផលរហូតដល់អាយុ ២៥ ឆ្នាំ។ ក្នុងដី ១ ហិកតាជាមធ្យមផ្តល់ផលចន្លោះពី ១,៥-១,៨ តោនក្នុង ១ ឆ្នាំ។
លោក ស៊ីឡុត បានបញ្ជាក់ថា គោលនយោបាយជាតិនឹងជួយឱ្យកសិករ និងអ្នកវិនិយោគបង្កើតការដាំដុះស្វាយចន្ទីឡើងវិញ ហើយការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច និងមធ្យម ក៏នឹងកើនឡើងផងដែរ។ លោកអះអាងថា៖ «ខ្ញុំមានជំនឿថាផ្ទៃដីដាំដុះស្វាយចន្ទីនឹងកើនដល់ប្រហែល ៧៣ ម៉ឺនហិកតានៅចុងឆ្នាំ ២០២៣ នេះ ខណៈចាប់ពីដើមឆ្នាំមក គឺមានដើមស្វាយចន្ទីជាង ៦ លានត្រូវបានលក់ចេញពីកន្លែងបណ្តុះធំៗ»។
ទាក់ទងការបង្កើនសមត្ថភាពកែច្នៃ លោក ស៊ីឡុត និយាយថា នៅកម្ពុជាពេលនេះមានសិប្បកម្មកែច្នៃស្វាយចន្ទីខ្នាតតូចប្រហែល ៣០ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ខ្នាតមធ្យម ៣ ដែលកំពុងដំណើរការ (ខេត្តកំពង់ធំ កំពង់ចាម និងខេត្តព្រះវិហារ)។ ដើម្បីជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីឆៅក្នុងស្រុកពី ៥ភាគរយទៅ ៣០ ភាគរយ គឺគេត្រូវការរោងចក្រខ្នាតមធ្យមយ៉ាងតិច ៥០ បន្ថែមទៀត។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ដែលស្ថិតក្នុងខេត្តកំពង់ធំ លោកស្រី អ៊ិន ឡៃហ៊ួត បានប្រាប់ថា គោលនយោបាយជាតិស្វាយចន្ទីនឹងជួយធ្វើឱ្យចង្វាក់ផលិតកម្មស្វាយចន្ទីកម្ពុជាកាន់តែរីកចម្រើន ដោយរាប់ចាប់តាំងពីការដាំដុះ ថែទាំ ប្រមូលផល កែច្នៃ និងនាំចេញ។ លោកស្រីបន្តថា តាមគម្រោងរដ្ឋាភិបាលនឹងទម្លាក់កម្ចីមួយចំនួនដើម្បីផ្តល់ឱ្យអ្នកមានតម្រូវការក្នុងផលិតកម្មនេះយកទៅប្រើក្នុងអត្រាការប្រាក់ទាប។
លោកស្រីថ្លែងថា៖ «បើមានទីផ្សារ និងទុនបង្វិលច្រើន ខ្ញុំគិតថា ឱកាសក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាដើម្បីនាំទៅទីផ្សារអន្តរជាតិនឹងកើនឡើង ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅស្ទើរទាំងអស់ត្រូវបានឈ្មួញទិញយកទៅលក់នៅប្រទេសវៀតណាមដើម្បីកែច្នៃជាផលិតផលសម្រេច»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ថា ស្វាយចន្ទីកម្ពុជា គឺជាដំណាំកសិ-ឧស្សាហកម្ម និងជាដំណាំអាទិភាពមួយនៅក្នុងចំណោមដំណាំអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈគុណភាព ការកែច្នៃ និងការនាំចេញដែលទទួលបានតម្លៃខ្ពស់។
លោកថ្លែងថា៖ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧ នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារ និងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ច»។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ផ្ទៃដីដាំដុះស្វាយចន្ទីមាន ៤៣៥ ៧៣៣ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល ៣៣០ ៨៦១ ហិកតា និងមានទិន្នផល ៥០៨ ២៨៣ តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១ ៥២០ តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១ ៥៥៧ តោន៕