ភ្នំពេញៈ ក្រុមហ៊ុន Global Loyalty Network “GLN International Inc.”ដែលជាក្រុមហ៊ុនបណ្តាញឌីជីថលសកល នៃប្រទេសកូរ៉េខាងត្បូង និងធនាគារ អេស៊ីលីដា បានសហការគ្នាក្នុងការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមរយៈទូរស័ព្ទចល័តតាមឃ្យូអរកូដ GLN CPMQR ដើម្បីស្គេនជាមួយម៉ាស៊ីនឆូតកាត POS នៅប្រទេសកម្ពុជា។
តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២០ ខែមិថុនានេះ នឹងជំរុញឱ្យបណ្តាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ស្ថាប័ន GLN នៃសាធារណរដ្ឋកូរ៉េ និងសកលលោក អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក្នុងប្រទេសកម្ពុជា តាមរយៈទូរស័ព្ទចល័ត ដោយគ្រាន់តែបង្ហាញឃ្យូអរកូដសម្រាប់ធ្វើប្រតិបត្តិការទូទាត់ដោយការស្គេនតាមម៉ាស៊ីនឆូតកាត POS។
លោក Kim Kyung Ho នាយកប្រតិបត្តិ Global Loyalty Network “GLN International Inc”បានថ្លែងអំណរគុណធនាគារជាតិនៃកម្ពុជា ដែលតែងតែជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័នខ្លួន និងធនាគារអេស៊ីលីដា ចំពោះការផ្លាស់ប្តូរការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល។ លោកបន្តថា ការពង្រីកសេវាកម្ម GLN នៅប្រទេសកម្ពុជា គឺជាការបន្ថែមនូវគុណតម្លៃដល់បណ្តាញប្រតិបត្តិការនាពេលបច្ចុប្បន្នរបស់យើង រួមមានទីក្រុងហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។
លោកបានថ្លែងថា៖ «តាមរយៈការដាក់ឱ្យដំណើរការនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាអាចទូទាត់ជាមួយពាណិជ្ជករក្នុងស្រុក ដែលរួមចំណែកដល់បទពិសោធន៍ធ្វើដំណើរ កាត់បន្ថយការចំណាយលើការទូទាត់ និងជំរុញឌីជីថលូបនីយកម្មនៃការទូទាត់នៅប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំការពង្រីកវិសាលភាពនៃភាពជាដៃគូ តាមរយៈការរួមបញ្ចូលសេវាដកប្រាក់តាម QR ATM សេវាផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល និងការទូទាត់ក្រៅប្រទេសកម្ពុជា ដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ទៅក្រៅប្រទេសតាមប្រព័ន្ធឌីជីថល»។
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា បាននិយាយថា ការសហការជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័ន Global Loyalty Network “GLN International Inc” នឹងអនុញ្ញាតឱ្យអតិថិជន ឬភ្ញៀវទេសចរនៅទូទាំងសកលលោកអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុក្នុងការធ្វើការទូទាត់ឆ្លងដែនតាមរយៈកម្មវិធីទូរស័ព្ទចល័តនេះ។
លោកថ្លែងថា៖ «ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ អតិថិជនអ្នកប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទចល័តរបស់បណ្តាញ GLN នឹងអាចទូទាត់ឆ្លងដែនជាមួយនឹងពាណិជ្ជករអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា បានកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងសម្បូរបែប»។
អេស៊ីលីដា ក៏ជាធនាគារមួយត្រូវបានធនាគារជាតិនៃកម្ពុជាជ្រើសរើសក្នុងការទូទាត់ឆ្លងដែនតាមរយៈ QR ផងដែរ។ កាលពីថ្ងៃទី ៦ ខែមិថុនា ធនាគារកណ្តាលកម្ពុជា-ថៃ ក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវដំណាក់កាលទី ២ នៃការទូទាត់ QR ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងថៃអាចធ្វើការទូទាត់តាមរយៈការស្គេន QR។
បើយោងតាមលោក លោក ចាន់នី ចាប់តាំងពីធនាគារអេស៊ីលីដាត្រូវបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ មកប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំង ២ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយសារអ្នកប្រើប្រាស់អេស៊ីលីដា ម៉ូបាលស្គេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុងប្រទេសថៃ បានរហូតដល់ទៅ ៥២ លានរៀលក្នុង ១ ថ្ងៃ ។ គិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៣ ចំនួនប្រតិបត្តិការទូទាត់មានដល់ទៅ ៩,៥៥៥ និងមានទំហំទឹកប្រាក់ប្រមាណ ២៧ លានបាត។
កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការផ្លូវការប្រព័ន្ធ KHQR បន្ទាប់ពីដំណើរការសាកល្បង ដើម្បីជួយសម្រួលដល់ការទូទាត់ឆ្លងធនាគារ។
ចំនួនគណនីអ៊ីវ៉ាឡេត ដែលបានចុះឈ្មោះបានកើនឡើងដល់ ១៩,៥ លាន ហើយចំនួនប្រតិបត្តិការសរុបបានកើនឡើងពី ៧០៨ លានដល់ ១ ពាន់លានដុល្លារជាមួយនឹងចំនួនទឹកប្រាក់សរុប ២៧២,៨ ពាន់លានដុល្លារ (កើនឡើង ៣៤ ភាគរយ) ដែលប្រហែល ៩ ដងនៃផលិតផលក្នុងស្រុកសរុប(GDP)។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២២ របស់ NBC។
យោងតាម NBC បច្ចុប្បន្ននេះការទូទាត់ឆ្លងដែនជាមួយប្រទេសជិតខាងក៏ត្រូវបានពង្រឹងដល់កម្រិតកាន់តែប្រសើរ។ បន្ទាប់ពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យជាមួយធនាគារកណ្ដាលថៃ ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការជាមួយធនាគារកណ្ដាលនៃសាធារណរដ្ឋប្រជាមានិតឡាវ និងធនាគារកណ្ដាលរដ្ឋវៀតណាម ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធទូទាត់នៃប្រទេសនានា ក្នុងគោលបំណងធ្វើឱ្យការទូទាត់ឆ្លងដែនកាន់តែងាយស្រួល លឿន សុវត្ថិភាព និងបរិយាប័ន្ន៕