ភ្នំពេញៈ របាយការណ៍ពីរដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែ គឺចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២៣ កម្ពុជាប្រមូលផលនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានចំនួនជាង ៣១ ម៉ឺនតោន ដោយក្នុងនោះ ផលនេសាទទឹកសាប អនុវត្តបានចំនួន ១០៤ ៤៤០ តោន ទឹកប្រៃ ៦៦ ៤០០ តោន និងផលវារីវប្បកម្ម ចំនួន ១៤៥ ៣០០ តោន។ របាយការណ៍ដដែលបានបង្ហាញទៀតថា រដ្ឋបាលជលផល បានអនុវត្តការងារជាច្រើនទាក់ទងនឹងការអភិវឌ្ឍវារីវប្បកម្ម ការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃ និងគុណភាពជលផល ការអភិរក្សជលផល ការអភិវឌ្ឍសហគមន៍នេសាទ ការស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប ការស្រាវជ្រាវ និងអភិវឌ្ឍជលផលសមុទ្រ និងការផលិតកូនត្រីពូជជាដើម។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ បានថ្លែងណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង និងរួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ តាមរយៈការចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តត្រូវវិញ។
លោកក៏បានថ្លែងលើកទឹកចិត្តដល់សហគមន៍ឱ្យមានភាពម្ចាស់ការធ្វើការងារនេះដោយបេះដូងដើម្បីប្រយោជន៍រួមគ្នាតែ ១ ទាំងប្រជាជនសហគមន៍ និងធនធានធម្មជាតិ ដែលទាក់ទងនឹងការងារនេះ គឺចាំបាច់ត្រូវពង្រឹងសមត្ថភាព ផ្តល់ចំណេះដឹងដល់សហគមន៍ឱ្យយល់ពីបច្ចេកទេស និងបទដ្ឋានច្បាប់ឱ្យបានច្បាស់លាស់ ព្រមទាំងតុល្យភាពនៃការអភិរក្ស និងអភិវឌ្ឍធនធានជលផល។
លោក ឌិត ទីណា បានបញ្ជាក់ថា៖ «ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកដាក់គិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដដើម្បីបង្កើនបរិមាណភោគផលនេសាទ ភាគីពាក់ព័ន្ធទាំងអស់ ទាំងសហគមន៍នេសាទ មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់បទល្មើសនេសាទឱ្យបានម៉ឺងម៉ាត់»។
លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២០ ខែមិថុនា ថា ការធ្វើវារីវប្បកម្ម មានការធ្លាក់ចុះច្រើន នៅដើមឆ្នាំនេះ ដោយសារចំនួនអ្នកចិញ្ចឹមក៏ធ្លាក់ចុះ និងចំនួននៃការលក់កូនត្រីរបស់អ្នកចែកចាយកូនត្រី ក៏បានធ្លាក់ចុះពី ១ លានកូនមកនៅត្រឹម ៣០ ទៅ ៤០ ម៉ឺនកូន។
លោកថ្លែងថា៖ «ការចិញ្ចឹមមិនសូវចំណេញ ទើបវារីវប្បករបោះបង់ការចិញ្ចឹម។ បោះបង់ការចិញ្ចឹមព្រោះតែ ចំណី និងធាតុចូលផ្សេងៗ មានឡើងថ្លៃ ទើបមានវារីវប្បករខ្លះផ្អាកចិញ្ចឹម និងខ្លះទៀតកាត់បន្ថយការចិញ្ចឹម»។
លោកថ្លែងថា៖ «តម្លៃត្រីលើទីផ្សារនាពេលបច្ចុប្បន្ននេះ មានការចុះថ្លៃ ដោយសាររដូវនេះមានត្រីស្រែច្រើន និងមានការនាំចូលត្រីពីក្រៅមកច្រើនដែរ ដែលសមាគមមានកង្វល់ចំពោះបញ្ហានេះ ព្រោះការផ្អាកចិញ្ចឹម និងកាត់បន្ថយការចិញ្ចឹមរបស់វារីវប្បករ អាចនឹងធ្វើឱ្យកង្វះការផ្គត់ផ្គង់ត្រីសម្រាប់ដើមឆ្នាំក្រោយ»។
លោកថ្លែងថា កន្លងទៅសមាគម តែងតែធ្វើការណែនាំដល់វារីវប្បករ ពីបច្ចេកទេសចិញ្ចឹមថ្មីៗ ដែលអាចកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយចំណី និងកូនត្រីជាដើម ប៉ុន្តែមានកសិករ និងវារីវប្បករ មិនច្រើនទេ ដែលអនុវត្តតាមការណែនាំ ដោយពួកគាត់យល់ថា វាមិនសូវបានផល។
យោងតាមរបាយការណ៍ពីរដ្ឋបាលជលផល កាលពីឆ្នាំ ២០២២ ស្ថិតិផលនេសាទ និងផលវារីវប្បកម្មអនុវត្តបានចំនួន ៨៦២ ២០០ តោន កើន ៥ ៨០០ តោន ក្នុងនោះមាន ផលនេសាទទឹកសាប ៤០៦ ៤០០ តោន កើន ២៣ ៣៥០ តោន ផលនេសាទសមុទ្រ ១២៥ ២០០ តោន កើន ២០០ តោន ខណៈដែលផលវារីវប្បកម្ម ៣៣០ ៦០០ តោន ថយ ១៧ ៧៥០ តោន។
ដោយឡែកការនាំចេញផលិតផលជលផលមានចំនួន ២ ៩៤៣ តោន ការនាំចូល ផលិតផលជលផលមានចំនួន ៥៧ ៨២៦ តោន និងការនាំឆ្លងកាត់ ផលិតផលជលផលមានចំនួន ៥ ២១៦ តោន៕