ភ្នំពេញៈ មន្ត្រីពាណិជ្ជកម្មថៃបានឱ្យដឹងថា ចំនួនផលិតផលកម្ពុជាកំពុងមានសម្ទុះកើនឡើង និងទទួលបានការគាំទ្រនៅក្នុងទីផ្សារថៃ ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងតម្រូវការ ខណៈប្រទេសទាំង ២ កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងមានបំណងធ្វើឱ្យសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងតម្លៃ ១៥ ពាន់លានដុល្លារនារយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ទំហំនៃការជួញដូររវាងប្រទេសទាំង ២ ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៣ មានចំនួន ១,៧០៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៧៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន ពីចំនួន ១,៨៦៩ ពាន់លានដុល្លារ។
ក្នុងនោះការនាំទំនិញកម្ពុជាទៅប្រទេសថៃ សម្រេចបានជាង ៤៨០ លានដុល្លារ កើនឡើង ៩,៤៧ ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ និងការនាំចូលពីថៃ មានចំនួន ១,២២៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៣៨ ភាគរយ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២១ មិថុនា លោក Nirawat Rangseekanjana ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជា បានឱ្យដឹងថា នាពេលខាងមុខពាណិជ្ជកម្មថៃនឹងផ្តោតលើផលិតផលម្តាយ និងទារក ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែមិថុនា។
លោកពន្យល់ថា កម្ពុជា និងថៃ គឺជាសមាជិកអាស៊ានដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងអាស៊ាន។ ជាមួយនឹង FTA ទាំងនេះ ផលិតផលជាង៩០ភាគរយសម្រាប់ពាណិជ្ជកម្មទ្វេភាគីក្នុងអាស៊ានត្រូវបានអនុវត្តដោយពន្ធសូន្យ។
លោកថ្លែងថា៖ «យើងបានកត់សម្គាល់ឃើញការនាំចេញពីកម្ពុជាទៅប្រទេសថៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះកំពុងកើនឡើងដោយសារតែតម្រូវការកាន់តែច្រើនលើផលិតផលកម្ពុជា ដូចជា ក្នុងវិស័យកសិកម្ម និងវាយនភណ្ឌ ហេតុនេះហើយបានជាយើងឃើញថា ចំនួនការនាំចេញពីកម្ពុជាទៅថៃមានការកើនឡើង»។
លោកលើកឡើងថា៖ «ការនាំចូលសរុបពីប្រទេសថៃធ្លាក់ចុះតិចតួចក្នុងរយៈពេល ៥ ខែនេះគឺដោយសារតែផលិតផលមួយចំនួនត្រូវបានផលិតនៅកម្ពុជាតែម្តង។ យ៉ាងណាខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីនឹងនៅតែរឹងមាំ ហើយនឹងសម្រេចបានតាមទិសដៅដែលបានកំណត់ដោយរដ្ឋាភិបាលទាំង ២ ដែលមាន ១៥ ពាន់លានដុល្លារ»។
លោកស្រី Jiranun Wongmonkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំនៅកម្ពុជា (TBCC) ក៏បានយល់ស្របនឹងការលើកឡើងរបស់លោក Nirawat ដែរ ខណៈលោកស្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានផលិតផលជាច្រើនត្រូវបានផលិត ប៉ុន្តែនៅតែមានឱកាសច្រើនសម្រាប់ផលិតផលរបស់ប្រទេសថៃ។
លោកស្រីប្រាប់ថា៖ «យើងមើលឃើញថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំង ២ នៅតែរីកចម្រើន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការនាំចេញពីកម្ពុជាទៅប្រទេសថៃកំពុងកើនឡើង ដែលនេះឆ្លុះបញ្ចាំងពីតម្រូវការដែលកើនឡើងនៅក្នុងប្រទេសថៃ ខណៈការនាំពីប្រទេសថៃមកកម្ពុជាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការធ្លាក់ចុះនេះគឺដោយសារតែផលិតផលមួយចំនួនអាចផលិតនៅកម្ពុជា ដូចនេះមិនចាំបាច់នាំចូលផលិតផលទាំងនោះមកកម្ពុជាទេ»។
លោក សរ សារិន អនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បាននិយាយថាថៃនៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ខណៈកម្ពុជាកំពុងបង្កើនការនាំចេញទៅទីផ្សារថៃ។
លោកថ្លែងថា៖ «ការនាំចេញរបស់យើងទៅប្រទេសថៃ បានកើនជាបណ្តើរៗ ដោយសារយើងកំពុងតែពង្រឹងគុណភាពផលិតផល។ នោះហើយជាមូលហេតុដែលតួនាទីរបស់ខ្ញុំជាមួយក្រុមប្រឹក្សាធុរកិច្ចកម្ពុជានឹងនាំយកផលិតផលកម្ពុជាកាន់តែច្រើនដាក់លក់នៅទីផ្សារទំនើបក្នុងប្រទេសថៃ»៕