ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កំពុងរៀបចំផែនការដើម្បីពង្រីកវិសាលភាពនៃការទូទាត់តាមរយៈប្រព័ន្ធបាគងទៅបណ្តាប្រទេសនានានៅតំបន់អាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ក្នុងន័យបង្កើនវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័ស សំដៅគាំទ្រ និងជំរុញវិស័យទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ជាពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។
លោកស្រី ជា សិរី ទេសាភិបាលរងបានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» កាលពីថ្ងៃទី ១៥ ខែមិថុនា នៅស្រុកស្ទោង ខេត្តកំពង់ធំថា ជាមួយនឹងនិន្នាការថ្មីនេះប្រទេសនានាបានអភិវឌ្ឍប្រព័ន្ធទូទាត់ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុករៀងៗខ្លួន។
លោកស្រីបន្តថា ចំពោះកម្ពុជាគឺបានតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចហើយ និងកំពុងតភ្ជាប់ជាមួយនឹងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា។ បច្ចុប្បន្នប្រជាជនកម្ពុជាអាចស្គេនទូទាត់នៅប្រទេសថៃ ចេញពីគណនីលុយរៀលរបស់ខ្លួននៅកម្ពុជាបាន ហើយប្រជាជនថៃក៏អាចស្គេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាដែរ។ លោកស្រីបន្តថា តាមរយៈយន្តការនេះតម្រូវឱ្យអ្នកទិញ និងអ្នកលក់ជាប្រជាជនកម្ពុជាមានគណនីជាប្រាក់រៀល ដែលការណ៍នេះជាកត្តាជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «ធនាគារជាតិនៃកម្ពុជាក៏កំពុងសហការជាមួយប្រទេសជាច្រើនទៀតទាំងនៅក្នុងតំបន់អាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ដើម្បីបង្កើនវិសាលភាពប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័ស សំដៅគាំទ្រ និងជំរុញវិស័យទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស»។
បើយោងតាមលោកស្រី ជា សិរី កន្លងមកប្រព័ន្ធទូទាត់ បាគង បានទទួលពានរង្វាន់ និងការកោតសរសើរជាបន្តបន្ទាប់ ខណៈកាលពីខែឧសភា កន្លងទៅលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ក៏បានកោតសរសើរប្រព័ន្ធបាគង ដែលជាកិច្ចសហការគំរូមួយរវាងកម្ពុជា និងជប៉ុន (រវាងធនាគារកណ្តាលមួយជាសមាជិកអាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យាមួយមកពីប្រទេសជប៉ុន)។ ភាពច្នៃប្រឌិតខ្ពស់នៃប្រព័ន្ធទូទាត់នេះបានអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតាមជនបទ ដែលជាទូទៅមិនសូវសម្បូរសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីសេវាហិរញ្ញវត្ថុផងដែរ។
យោងតាមលោកស្រី សិរី ដោយបានដកស្រង់សម្តីរបស់លោក Kishida ថា៖ «ខ្ញុំជឿជាក់ថាយើងអាចបង្កើតបាគងទី ២ និងទី ៣ ដោយបង្កើតខ្សែចង្វាក់នៃការបង្កើតថ្មីដែលឆ្លងព្រំដែនជាតិ»។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានសាទរចំពោះផែនការចង់ពង្រីកប្រព័ន្ធទូទាត់បាគងទៅកាន់តំបន់នានានៅលើពិភពលោក ដែលនឹងជួយសម្រួលដល់ការទូទាត់ជាពិសេសសម្រាប់វិនិយោគិនទេសចរ និងពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស។
លោកនិយាយថា៖ «សម្រាប់ KHQR នេះ គឺផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើការផ្ទេរប្រាក់។ ខ្ញុំសង្កេតឃើញប្រជាជនយើងប្រើប្រាស់កាន់តែច្រើនលើការទូទាត់តាមប្រព័ន្ធ KHQR ដោយសារតែពួកគាត់យល់កាន់តែច្រើនអំពីភាពងាយស្រួលដែលអាចស្គេនឆ្លងធនាគារក្នុងការប្រើប្រាស់រហ័ស និងមានសុវត្ថិភាព»។
កាលពីថ្ងៃទី ៦ ខែមិថុនា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ បានដាក់ឱ្យដំណើរការជាផ្លូវការនូវដំណាក់កាលទី ២ នៃការទូទាត់ QR ឆ្លងដែនក្នុងបំណងជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសអាស៊ានទាំង ២ ដែលប្រជាជនរបស់ប្រទេសទាំង ២ អាចស្គេន QR Code នៅគ្រប់ពាណិជ្ជករលក់រាយក្នុងប្រទេសថៃ ហើយប្រជាជនថៃអាចស្គេន QR Code នៅគ្រប់ពាណិជ្ជករលក់រាយរបស់ប្រទេសកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ KHQR កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីដំណើរការសាកល្បងដើម្បីជួយសម្រួលដល់ការទូទាត់ឆ្លងធនាគារ។
ចំនួនគណនីអ៊ីវ៉ាឡេត ដែលបានចុះឈ្មោះបានកើនដល់ ១៩,៥ លាន ហើយចំនួនប្រតិបត្តិការសរុបបានកើនឡើងពី ៧០ ៨លានដល់ ១ ពាន់លានដុល្លារ ជាមួយចំនួនទឹកប្រាក់សរុប ២៧២,៨ ពាន់លានដុល្លារ (កើន ៣៤ ភាគរយ) ប្រហែល ៩ ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើតាមរបាយការណ៍របស់ NBC៕